ដោយ អ៊ឹម រចនា 18/03/2017 18/03/2017
លោក សុខ ឥសាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសជាមួយអ្នកកាសែត
RFI
«រដ្ឋាភិបាលនិងសភាគ្មានសិទ្ធិដោះលែងមន្ដ្រីអាដហុកនិងអគ្គលេខាធិការរង គជប ទេ»។ នេះគឺជាការឆ្លើយតបរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បន្ទាប់ពីលោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់បក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ដ្រីសិទ្ធិមនុស្សអាដហុកនិងអគ្គលេខាធិការរង គជប នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សំណុំរឿងមន្ដ្រីសិទ្ធិមនុស្សអាដហុកទាំង៤រូប និង អគ្គលេខាធិការរង គជប ឥឡូវនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ។ រដ្ឋាភិបាល ឬសូម្បីតែរដ្ឋសភាក៏ដោយ ក៏គ្មានសិទ្ធិលូកដៃចូលក្នុងសំណុំរឿងនេះដែរ កុំថាឡើយស្នើឲ្យមានការដោះលែង។ នេះបើតាមលោក សុខ ឥសាន ដែលបានគូសបញ្ជាក់បន្ទាប់ពីលោក សុន ឆ័យ មន្ដ្រីជាន់ខ្ពស់បក្សប្រឆាំង បានស្នើឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ដ្រីសិទ្ធិមនុស្សអាដហុកនិងអគ្គលេខាធិការរង គជប នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
សម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រសិនបើចង់ឲ្យមន្ដ្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការរង គជប ដែលជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្សី បាននៅក្រៅឃុំ គេត្រូវរកមេធាវីពូកែៗទៅតតាំងតាមផ្លូវច្បាប់នៅតុលាការ។ ព្រោះមានតែតុលាការទេ ទើបមានសិទ្ធិសម្រេចសេចក្ដីលើសំណុំរឿងនេះបាន។ នេះបើតាមលោក សុខ ឥសាន។
សូមជម្រាបជូនថា រហូតមកទល់ពេលនេះ មន្ដ្រីសិទ្ធិមនុស្សអាដហុកចំនួន៤រូប និង អគ្គលេខាធិការរង គជប ១រូប បានជាប់ឃុំអស់រយៈពេលជាង១០ខែមកហើយ។ ក្រុមមេធាវីការពារក្ដីបានរក្សាការព្យាយាមរបស់ខ្លួន ក្នុងការដាក់ពាក្យសុំទៅកាន់តុលាការ ធ្វើយ៉ាងណាឲ្យកូនក្ដីទាំង៥រូប បានរស់នៅក្រៅឃុំ បើទោះបីជាទទួលបរាជ័យចំនួន៦លើកជាប់ៗគ្នាមកហើយក្ដី។ កាលពីថ្ងៃអង្គារទី១៤មីនាកន្លងទៅនេះ ក្រុមមេធាវី ទើបតែបានដាក់បណ្ដឹងសារទុក្ខម្ដងទៀតទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យមន្ដ្រីអាដហុកនិងមន្ដ្រី គជប ស្ថិតនៅក្រៅឃុំ ប៉ុន្តែតុលាការនៅមិនទាន់សម្រេចបើកសវនាការលើបណ្ដឹងនេះនាពេលណានៅឡើយ។
គួររំលឹកថា មន្ដ្រីការពារសិទ្ធិមនុស្សទាំង៤រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ស្រីមុំ។ រីឯលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គជប វិញ ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងដូចគ្នា។ បច្ចុប្បន្ន ករណីរបស់ពួកគេទាំង៥រូប កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕
1 comment:
Ah Min Sok Ey San Yab Cheang Ah Phay Siphom Touv Teat !!
Post a Comment