Tuesday, 14 March 2017

បក្ស​ប្រឆាំង​កំពុង​រង់​ចាំ​ភ្លើង​ខៀវ​ពី​អាជ្ញាធរ ដើម្បី​ដំឡើង​អង់​តែង​ទូរទស្សន៍​ព្រះ​អាទិត្យ


ដោយ វណ្ណ សុគន្ធា 13/03/2017 13/03/2017
rfi

media
បក្ស​​ប្រឆាំង​​កំពុង​​រង់​​ចាំ​​ភ្លើង​​ខៀវ​​​ពី​​អាជ្ញាធរ ដើម្បី​​ដំឡើង​​អង់​​តែង​​ទូរទស្សន៍​​ព្រះ​អាទិត្យ



គណបក្ស​សង្រ្គោះ​ជាតិ កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រៀប​ចំ​ដំឡើង​អង់​តែន​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​បាន​ជួប​ឧបសគ្គ​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក។ នេះ​បើ​តាម​លោក​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ពី​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។

វាសនា​របស់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ព្រោះ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​ទាន់​អនុញ្ញាត​ទៅ​តាម​ការ​ស្នើ​សុំ​ដំឡើង​អង់​តែង​របស់​គណបក្ស​ប្រឆាំង។ លោក​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា ក្រុម​ការងារ​របស់​បក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាំង​ពី​ខែ​កុម្ភៈ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ទេ​។



លោក​ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា លោក​មិន​ដឹង​ថា គណបក្ស​សង្រ្គោះ​ជាតិ​ដាក់​ពាក្យ​ស្នើ​សុំ​ដំឡើង​អង់​តែន​នៅ​ក្រប​ខណ្ឌ​ថា្នក់​សង្កាត់ ខណ្ឌ ឬ​ក៏​ដាក់​មក​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ។ ក៏​ប៉ុន្តែ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ថា លោក​មិន​ទទួល​បាន​ការ​ស្នើ​សុំ​ណា​មួយ​ពី​បក្ស​ប្រឆាំង​នោះ​ទេ។

គួរ​បញ្ជាក់​ថា ទូរទស្សន៍​ព្រះអាទិត្យ​បាន​ចាប់​ផ្តើម​មាន​ពន្លឺ​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​រក​បាន​ដី​សម្រាប់​សាង​សង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង។ ដី​នោះ គឺ​ជា​អំណោយ​សប្បុរធម៌​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ម្នាក់​ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក​។ ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​តាំង​តែ​ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវ​បាន​ជួប​ឧបសគ្គ​ជា​បន្ត​បន្ទាប់។ ដំបូង​ឡើយ​បក្ស​ប្រឆាំង​គ្រោង​សាង​សង់​នៅ​ទួល​គោក​តែ​ក៏​ត្រូវ​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែ​មាន​ការ​តវ៉ា​មិន​ឲ្យ​លើក​អង់​តែន។ ក្រោយ​មក​បក្ស​ប្រឆាំង ក៏​ប្តូរ​ទៅ​ទិញ​ដី​នៅ​ក្រុង​តាខ្មៅ​អស់​ជាង ១០​ម៉ឺន​ដុល្លារ តែ​ក៏​ត្រូវ​រាំងស្ទះ​ទៀត​ដោយ​សារ​តែ​ការ​ផ្ទេរ​កម្មសិទ្ធិ​និង​រឿង​ហេតុ​ផ្សេងៗ​ដូច​ជា​ការ​ទាម​ទារ​ដក​លុយ​វិញ​ពី​សំណាក់​អ្នក​ចូល​លុយ​ពី​មុនៗ​ជា​ដើម។

លោក​អេង ឆៃអ៊ាង បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ផ្តល់​ភ្លើង​ខៀវ​ភ្លាម នោះ​ក្រុម​ការងារ​គណបក្សសង្រ្គោះ​ជាតិ​នឹង​ចាប់​ផ្តើម​រៀប​ចំ​ផ្នែក​បច្ចេកទេស ដើម្បី​ដំឡើង​អង់​តែង​នោះ​ភ្លាម​តែ​ម្តង ដើម្បី​ត្រៀម​ផ្សាយ​សាក​ល្បង​នា​ពេល​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ លោក​អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​អះ​អាង​បន្ថែម​ថា ទូរទស្សន៍​ព្រះអាទិត្យ​ទំនង​មិន​អាច​នឹង​ចេញ​ផ្សាយ​នៅ​អំឡុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​ទេ ព្រោះ​រៀប​ចំ​មិន​ទាន់ តែ​ទាន់​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ បើ​សិន​អាជ្ញាធរ​អនុញ្ញាត​នៅ​ក្នុង​ខែ​នេះ​ឬ​ខែ​ក្រោយ​នោះ៕

No comments: