ដោយ អ៊ុង សេរីវុទ្ធ
2017-03-23
ពិធីដង្ហែសពបណ្ឌិត កែម ឡី ទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth
អង្គការសង្គមស៊ីវិលជាង៦០ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២៣ មីនា ទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតករណីបាញ់សម្លាប់បណ្ឌិត កែម ឡី ឡើងវិញ បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារ១ជីវិត។
នៅព្រឹកថ្ងៃទី២៣ មីនានេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ សម្រេចចោទប្រកាន់ជនជាប់ចោទ ជួប សម្លាប់ ពីបទឃាតកម្មគិតទុកជាមុនលើបណ្ឌិត កែម ឡី និងកាន់កាប់អាវុធខុសច្បាប់ តាមមាត្រា២០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីថ្លែងការណ៍នោះ ចាត់ទុកការសម្រេចរបស់តុលាការថា ខ្វះតម្លាភាពក្នុងការស៊ើបអង្កេតលើការស្លាប់របស់បណ្ឌិត កែម ឡី នីតិវិធីជំនុំជម្រះខ្លីពេក និងខកខានក្នុងការស៊ើបអង្កេតឲ្យបានពេញលេញ ជុំវិញមូលហេតុ អ្នកសមគំនិត និងស្ថានភាពនៃការចាប់ខ្លួនជនជាប់ចោទ ជួប សម្លាប់។
ជនជាប់ចោទ ជួប សម្លាប់ គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១០ ខែកក្កដា ២០១៦ នៅក្រោយការបាញ់សម្លាប់បណ្ឌិត កែម ឡី ក្នុងស្ដារម៉ាត (StarMart) ជាប់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច (Caltex) កណ្ដាលរាជធានីភ្នំពេញ៕
No comments:
Post a Comment