ដោយ តាំង សារ៉ាដា
2017-03-15
លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ចូលរួមពិធីប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ចាងហ្វាងកាសែត ខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន់ (T. Mohan) នៅថ្ងៃទី១៥ មីនា បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសារបែកធ្លាយ ដែលបង្ហាញពីទំនាក់ទំនងរបស់លោកជាមួយម្ចាស់កាស៊ីណូណាហ្គាវើល (NAGA World) និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត នោះទេ។
បើទោះជាក្នុងសារបែកធ្លាយដែលជនអនាមិកបញ្ជូនឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហើយដែលត្រូវបានលោក សម រង្ស៉ី ចែកចាយបន្តទៅកាន់បណ្ដាញសារព័ត៌មាន បានលាតត្រដាងពីការសម្ងាត់ដែលថា ថៅកែកាស៊ីណូណាហ្គាវើល និងលោក ហ៊ុន ម៉ានិត ណាត់ជួបពិភាក្សាគ្នា ដើម្បីផ្តល់ការគាំទ្រដល់កាសែត ខ្មែរ ថាមស៍ (Khmer Times) ក្តី ចាងហ្វាងកាសែត ខ្មែរ ថាមស៍ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះឡើយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរីនៅទីស្នាក់ការក្រុមហ៊ុន ក្នុងខណ្ឌចំការមន នៅថ្ងៃទី១៥ មីនា ចាងហ្វាងកាសែត ខ្មែរ ថាមស៍ បដិសេធម្តងជាពីរដងមិនអត្ថាធិប្បាយឡើយ នៅពេលដែលសួរដល់រឿងសារបែកធ្លាយនេះ បើទោះជាលោកថា លោកបានឃើញសារនោះក៏ដោយ។
លោក ធី ម៉ូហាន់ (T. Mohan) ថ្លែងក្នុងទឹកមុខហាក់មិនសប្បាយចិត្តថា លោកមិនធ្វើអត្ថាធិប្បាយអំពីរឿងបែកធ្លាយសារនេះ ដោយសារតែលោកមានហេតុផលរបស់លោក ហើយលោកថា នៅថ្ងៃខាងមុខ គេនឹងដឹងថា ហេតុអ្វីបានជាលោកមិនធ្វើអត្ថាធិប្បាយចំពោះរឿងនោះ។
តែនៅពេលអាស៊ីសេរី សួរដេញដោលបន្តថា បើទោះជាគាត់បដិសេធអត្ថាធិប្បាយក្តី តែសារបែកធ្លាយនេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន និងក្រុមហ៊ុនរបស់គាត់នោះ លោក ធី ម៉ូហាន់ (T. Mohan) ឆ្លើយតបថា ការបែកធ្លាយនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោក ប៉ុន្តែវាមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនលោកឡើយ ដោយសារតែប្រតិបត្តិការពាណិជ្ជកម្មក្រុមហ៊ុនរបស់លោក មិនត្រូវបានប៉ះពាល់៖ «ខ្ញុំនឹងមិនផ្តល់ចម្លើយរបៀបឈ្លើយទៅកាន់លោកនោះទេ ប៉ុន្តែលោកគួរយល់ពាក្យមិនអត្ថាធិប្បាយ ពីព្រោះខ្ញុំមិនចង់អត្ថាធិប្បាយពីរឿងនេះទេ។ ដូច្នេះសូមលោកកុំព្យាយាមប្រើល្បិចសារព័ត៌មានមកលើខ្ញុំ។ ខ្ញុំបានធ្វើជាអ្នកកាសែតតាំងពីមុនពេលលោកបានកើតទៅទៀត។ ខ្ញុំមិនធ្វើអត្ថាធិប្បាយ ដោយសារខ្ញុំមានហេតុផលដែលមិនត្រូវធ្វើអត្ថាធិប្បាយ»។
អាស៊ីសេរី បានទាក់ទងលោក ធី ម៉ូហាន់ (T. Mohan) ជាមុន ដើម្បីសុំសម្ភាសអ្នកជំនួញជនជាតិម៉ាឡេស៊ី រូបនេះពីបញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលលោកទទួលបានពីរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ដែលពលរដ្ឋចោទប្រកាន់ក្រុមហ៊ុនលោកថា បានកាប់ព្រៃស្រោងក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រស្រុកឈូក។
ប៉ុន្តែបន្ទាប់ពីអាស៊ីសេរីបានសួរពីបញ្ហាដីសម្បទានសេដ្ឋកិច្ចចប់ ហើយបែរទៅសួរពីរឿងបែកធ្លាយសារវិញម្តង លោក ធី ម៉ូហាន់ (T. Mohan) បានសម្ដែងការមិនសប្បាយចិត្តមួយរំពេច ហើយនិយាយទាំងកំហឹងថា អាស៊ីសេរីស្រង់សម្ដីលោកឲ្យបានត្រឹមត្រូវ។
នៅក្នុងសារឆ្លើយឆ្លងជាអក្សរតាមទូរស័ព្ទដែលបែកធ្លាយជាង ១០០ទំព័រ ក្នុងនោះមានទាំងសារឆ្លើយឆ្លងដែលមានឈ្មោះភរិយា និងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ព្រមទាំងលោក សម រង្ស៊ី ផងនោះ គេឃើញម្ចាស់កាស៊ីណូណាហ្គា ដែលនៅក្នុងសារទាំងនោះបង្ហាញថា មានឈ្មោះ Tan Sri និងលេខទូរស័ព្ទ ហើយពេលខ្លះម្ចាស់សារមួយនេះហៅខ្លួនឯងថា Uncle Chen ឬ Uncle Chen Naga ឬ Uncle Chenlipkeong Naga ឬ Chenlk Naga ឬ Chenlipkeong Naga បានសរសេរទៅកាន់កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ស្នើសុំការណាត់ជួប។
នៅក្នុងសារឆ្លើយឆ្លងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ម្ចាស់សារឈ្មោះ Tan Sri បានសរសេរទៅកាន់លោក ហ៊ុន ម៉ានិត សួរថា តើយើងអាចជួបគ្នានៅពេលណាបាន? មកជាមួយ Mohan។ យើងជជែកគ្នាបន្តិចពីជំនួញ។ ចំណែកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ម្ចាស់សារឈ្មោះ Tan Sri បានសរសេរទៅកាន់លោក ហ៊ុន ម៉ានិត ថា អរគុណច្រើន។ រកពេលល្អណាមួយលោកទំនេរ ដើម្បីយើងជជែកគ្នាធ្វើដូចម្តេចយើងអាចជួយជ្រោមជ្រែង Khmer Times បាន។
ប៉ុន្តែសារដែលបែកធ្លាយនេះ គឺឃើញមានតែម្ខាង ពោលគឺពីអ្នកដែលសរសេរទៅកាន់លោក ហ៊ុន ម៉ានិត តែមិនឃើញលោក ហ៊ុន ម៉ានិត ឆ្លើយតបវិញទេ។
បើទោះជាចាងហ្វាងកាសែត ខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន់ (T. Mohan) បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសារបែកធ្លាយដែលលាតត្រដាងពីទំនាក់ទំនងរបស់លោកជាមួយថៅកែកាស៊ីណូណាហ្គា និងលោក ហ៊ុន ម៉ានិត ក្តី ប៉ុន្តែនៅក្នុងបន្ទប់ប្រជុំនៃក្រុមហ៊ុនរបស់លោក ធី ម៉ូហាន់ (T. Mohan) យើងសង្កេតឃើញលោកដាក់តាំងរូបរបស់លោកថតជាមួយលោក ហ៊ុន ម៉ានិត និងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ផងដែរ។
កន្លងទៅ លោក ធី ម៉ូហាន់ (T. Mohan) ក៏ធ្លាប់ព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងទៅនឹងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយសារសារព័ត៌មានមួយនេះបានសរសេរពីការបែកធ្លាយសារឆ្លើយឆ្លង និងបានលើកឡើងពីទំនាក់ទំនងរវាងលោក ធី ម៉ូហាន់ (T. Mohan) ជាមួយថៅកែកាស៊ីណូណាហ្គា និងលោក ហ៊ុន ម៉ានិត៕
3 comments:
Look at Ah Chrouk Hun Manith's face made me sick. Ah Hun family is a sick family, a disaster for Cambodia.
The Huns came from animal, the whole family enjoy killing innocent people.
The khmer times is a mercenary parasite news media which is financed by the cpp monkeys.
Post a Comment