Saturday, 11 March 2017
ការបែកធ្លាយសំឡេងសន្ទនាឯកជននិងនយោបាយបង្កកង្វល់ដល់ការបំពានសិទ្ធិបុគ្គល
10 មិនា 2017
ស៊ុន ណារិន
voa
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) ដើរជាមួយនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) នៅពេលសម្រាកពីកិច្ចប្រជុំនៅរដ្ឋសភាជាតិ កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ មានការផ្សព្វផ្សាយខ្សែអាត់សំឡេងបែកធ្លាយជាច្រើនទៀតពីការសន្ទនាតាមទូរស័ព្ទរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនដែលមានការចោទប្រកាន់ថាជាការសន្ទនាជាមួយដៃគូស្នេហារបស់ពួកគេ។
ភ្នំពេញ —
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសើរអ្នកកាន់ទំព័រហ្វេសប៊ុកមួយឈ្មោះថាសីហាដោយលោកថាពូកែក្នុងការថតសំឡេងសន្ទនារបស់លោកជាមួយប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។
លោក ហ៊ុន សែន បញ្ជាក់ថាម៉ាស៊ីនចាប់សំឡេងនេះមានតែនៅក្នុងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងអាល្លឺម៉ង់។ លោកបន្ថែមថាចារកម្មរបស់អាមេរិកបានលួចស្តាប់មេដឹកនាំប្រទេសអាល្លឺម៉ង់និងប្រទេសអឺរ៉ុបមួយចំនួនសន្ទនាគ្នា។
លោកមានប្រសាសន៍ថា៖
«ឥឡូវខ្ញុំអត់ស្គាល់អា Page សីហាទេ ព្រោះខ្ញុំអត់ស្គាល់វា មិនដឹងវានៅណា មុខវាម៉េចអាសីហាហ្នឹង អាហ្នឹងវាចាប់បានទាំងសំឡេង គ្រាន់បើអាសីហា អ្ហែងប៉ុណ្ណឹងគ្រាន់បើ អ្ហែងចេះចាប់សំឡេងអញជាមួយឯកឧត្តម កឹម សុខា បាន។ អានោះគ្រាន់បើ»។
លោកបន្ថែមថា៖
«បែកធ្លាយសំឡេងប៉ុន្មានថ្ងៃនោះ នោះហើយដែលហ៊ុន សែន វាយមួយដៃធ្វេង តែនៅដៃស្តាំអត់ទាន់វាយទេ»។
នៅថ្ងៃដដែលនោះ លោក ហ៊ុន សែន បានឲ្យសារព័ត៌មានFresh Newsដែលមាននិន្នាការទៅរករដ្ឋាភិបាល បញ្ចេញសារសន្ទនារវាងរូបលោកនិងតំណាងរាស្រ្តគណបក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ដោយលោកថាតំណាងរាស្រ្តរូបនោះបានរាយការណ៍មករូបលោកថាលោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំចោទប្រកាន់ភរិយានិងកូនប្រុសរបស់នាយករដ្ឋមន្រ្តីថាជាភរិយានិងកូនមេដឹកនាំវៀតណាម។ លោកក៏បានព្រមានផងដែរថាបើមានការចាំបាច់លោកនឹងបង្ហោះសារឆ្លងឆ្លើយទាំងអស់ ក្នុងនោះមានទាំងសារសន្ទនារវាងរូបលោកនិងលោក សម រង្ស៊ី ផងដែរ។
ការលេចធ្លាយនៃការសន្ទនាតាមទូរស័ព្ទបានកើតឡើងកាន់តែច្រើនឡើងចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ នៅពេលដែលសារព័ត៌មានFresh Newsបានផ្សព្វផ្សាយនូវការបែកធ្លាយសំឡេងសន្ទនាស្នេហាដែលគេចោទថាជាសំឡេងរបស់លោក កឹម សុខា និងស្រីកំណាន់របស់លោក។
ជាមួយការបែកធ្លាយនេះនាំឲ្យមានការចាប់ខ្លួនមន្រ្តីអាដហុក៤នាក់និងគ.ជ.បម្នាក់ ដែលត្រូវបានតុលាការចោទថាបានសមគំនិតមិនឲ្យសាក្សីនិយាយការពិត។
ការសន្ទនាតាមទូរស័ព្ទត្រូវបានយកមកធ្វើជាភស្តុតាងនៃរឿងក្តីនេះ។
រហូតមកដល់ពេលនេះ មានការផ្សព្វផ្សាយខ្សែអាត់សំឡេងបែកធ្លាយជាច្រើនទៀតពីការសន្ទនាតាមទូរស័ព្ទរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនដែលមានការចោទប្រកាន់ថាជាការសន្ទនាជាមួយដៃគូស្នេហារបស់ពួកគេ។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាក្រមព្រហ្មទណ្ឌនិងច្បាប់ស្តីពីទូរគមនាគមន៍មានចែងពីចំណុចនៃការថតសំឡេងនេះ។
លោកបន្តថាបើតាមច្បាប់ ការថតសំឡេងនិងការផ្សព្វផ្សាយត្រូវតែមានការយល់ព្រមពីភាគីពាក់ព័ន្ធនៃកិច្ចសន្ទនា។
លោកមានប្រសាសន៍ថា៖
«តែគ្រាន់តែប្រសិនបើច្បាប់ព្រហ្មទណ្ឌមានលក្ខណៈរាងបន្ធូរបន្តិចដោយសារស្អី ដោយសារប្រសិនបើសាម៉ីខ្លួនបើដឹងថាគេថតហើយ។ គេផ្សាយហើយអីចឹង យើងមិនតវ៉ា យើងនៅស្ងៀម មានន័យថាយើងអនុញ្ញាតឲ្យគេហ្នឹងថតបាន។ អាហ្នឹងអត់ខុសច្បាប់ តែបើសិនជាសាម៉ីខ្លួនតវ៉ា ប្តឹងអីអញ្ចឹង អាហ្នឹងវាទៅជារឿងព្រហ្មទណ្ឌ»។
លោកបញ្ជាក់បន្ថែមថា៖
«ការទម្លាយវាខុស អ្នកដែលទម្លាយហ្នឹង វាខុសច្បាប់ហើយ លុះត្រាតែមានការយល់ព្រមរបស់អ្នកពាក់ព័ន្ធ»។
បើតាមលោកមេធាវី ប្រសិនបើមានការបែកធ្លាយសំឡេង អាជ្ញាធរពាក់ព័ន្ធអាចសួរនាំភាគីដែលត្រូវបានទម្លាយនោះថាតើពួកគេចង់ដាក់ពាក្យបណ្តឹងឬទេ។
លោក សុក សំអឿន បានបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះពួកគេយល់ថារដ្ឋមិនការពារឬអសមត្ថភាពក្នុងការការពារសិទ្ធិឯកជនភាពរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖
«ប៉ុន្តែឥឡូវនៅបញ្ហារឿងការអនុវត្តច្បាប់ ដូច្នេះបើសិនយើងធ្វើច្បាប់ហើយ អត់អនុវត្ត មិនខិតខំដើម្បីអនុវត្តការពារសិទ្ធិឯកជនប្រជាពលរដ្ឋទេ មានន័យថារដ្ឋយើងធ្វេសប្រហែស ឬក៏ព្រងើយកន្តើយ មិនខ្វល់នឹងការរំលោភសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋទេ អាហ្នឹងបើក្នុងច្បាប់អន្តរជាតិ វាទៅជារឿងថារដ្ឋហ្នឹងរំលោភសិទ្ធិមនុស្សដែរ ព្រោះអីអត់បានប្រឹងប្រែងការពារ»។
មាត្រា៩៧នៃច្បាប់ស្តីពីទូរគមនាគមន៍ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៥ ចែងថាការលបស្តាប់ឬការលបថតការសន្ទនាដោយការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ដោយបុគ្គលដែលពុំមែនជាភាគីនៃការសន្ទនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។
តែចំណុចនេះមិនត្រូវយកមកអនុវត្ត ក្នុងករណីដែលការស្តាប់ឬការថតការសន្ទនានោះធ្វើឡើងដោយមានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធឬដោយអាជ្ញាធរដែលច្បាប់អនុញ្ញាតឲ្យ។
មាត្រាបន្តថាត្រូវផ្តន្ទាទោសដូចគ្នាចំពោះការផ្សព្វផ្សាយខ្លឹមសារនៃការសន្ទនា ដោយពុំបានទទួលសិទ្ធិស្របច្បាប់នៃភាគីនៃការសន្ទនាឬពីអាជ្ញាធរដែលច្បាប់អនុញ្ញាតឲ្យឬពីបទដ្ឋានគតិយុត្តជាធរមាន។
ចំណែកមាត្រា៣០១នៃក្រមព្រហ្មទណ្ឌចែងថាអំពើស្តាប់ឬថតសម្តីដែលនិយាយជាឯកជនឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះត្រូវផ្តន្ទាទោសពី១ខែទៅ១ឆ្នាំ លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ប៉ុន្តែបើសិនជាមានការព្រមព្រៀង នោះអំពើស្តាប់ឬថតសំឡេងនោះមិនខុសច្បាប់នោះទេ។
លោកស្រី Wan-Hea Lee តំណាងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាប្រាប់VOAតាមសារអេឡិកត្រូនិកថាសិទ្ធិឯកជនភាពត្រូវបានការពារក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌនិងច្បាប់ស្តីពីទូរគមនាគមន៍។
លោកស្រីមានប្រសាសន៍បន្ថែមថា៖
«ការថតសំឡេងនៃការសន្ទនាតាមទូរស័ព្ទគឺខុសច្បាប់និងរំលោភបំពានសិទ្ធិឯកជន។ ហើយបទល្មើសនេះកាន់តែកើនឡើងនៅពេលកិច្ចសន្ទនាទាំងនោះត្រូវបានទម្លាយ»។
លោកស្រីបញ្ជាក់ថា៖ «រាល់ការបែកធ្លាយថ្មីៗនេះធ្វើឡើងដោយមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតបទឧក្រិដ្ឋ តែការបែកធ្លាយខ្លះបាននាំឲ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋនិងការចោទប្រកាន់។ នេះច្បាស់ណាស់ថាមិនស្របតាមច្បាប់ស្តីពីសិទ្ធិមនុស្ស»។
លោកស្រីបន្ថែមទៀតថាប្រជាជនដែលរស់នៅកម្ពុជាងាយរងគ្រោះដោយសារការថតសំឡេង។
លោកស្រីមានប្រសាសន៍ថា៖
«ច្បាប់និងការពង្រឹងច្បាប់ចាំបាច់ត្រូវតែកែលម្អឡើង ចំពោះសិទ្ធិឯកជនភាព ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យា ដូចដែលត្រូវបានចង្អុលបង្ហាញដោយអ្នករាយការណ៍ពិសេសលើសិទ្ធិឯកជនភាព»។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី មានវត្តមាននៅទីស្នាក់ការវីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រាប់VOAថាការថតសំឡេងទាំងនេះរំលោភលើច្បាប់ជាតិនិងអន្តរជាតិ ដែលចែងពីសិទ្ធិឯកជនភាពរបស់ប្រជាពលរដ្ឋ។ លោកបានចាត់ទុកការបែកធ្លាយសារសន្ទនារវាងលោក ហ៊ុន សែន និងលោក កឹម សុខា ជាការភ្ញាក់ផ្អើលមួយដែលលោក ហ៊ុន សែន ទទួលស្គាល់សំឡេងសន្ទនានេះ។
លោកបានថ្លែងប្រាប់VOAតាមទូរស័ព្ទថា៖ «វាជាការភ្ញាក់ផ្អើលមួយដែល ហ៊ុន សែន និយាយថានោះជាសំឡេងរបស់គាត់ពិត ជាមួយកឹម សុខា ដោយលោកបានទទួលស្គាល់យ៉ាងច្បាស់ថារដ្ឋាភិបាលបានថតនិងផ្សព្វផ្សាយសំឡេងនោះ ប៉ុន្តែនៅក្នុងសំឡេងនោះ គាត់គំរាមបក្សប្រឆាំង»។
លោកបន្ថែមថា៖ «វាច្បាស់ណាស់ហើយថាវាខុសច្បាប់ ប៉ុន្តែហ៊ុន សែន គិតថាមានច្បាប់មួយសម្រាប់ហ៊ុន សែន និងច្បាប់មួយទៀតសម្រាប់អ្នករាល់គ្នា។ នេះដូចជាអ្វីដែលឪពុកម្តាយនិយាយថាធ្វើអ្វីតាមខ្ញុំនិយាយ ប៉ុន្តែកុំធ្វើតាមអ្វីដែលខ្ញុំធ្វើ»។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីសាគរ ខេត្តព្រៃវែង លោក ហ៊ុន សែន បានថ្លែងនៅថ្ងៃសុក្រនេះថាឥឡូវនេះរញ្ជួយផែនដីហើយដែលមានការថតសំឡេងនៅលើពិភពលោក។ លោកបន្តថាចារកម្មសហរដ្ឋអាមេរិកបានលួចស្តាប់ទូរស័ព្ទនៃការសន្ទនារបស់ថ្នាក់ដឹកនាំនៅអឺរ៉ុប តែមិនមានអ្នករិះគន់ បែរមករិះគន់ការបែកធ្លាយសំឡេងនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែស្រុកយើងនៅពេលបែកធ្លាយស្អីៗ ខុសច្បាប់ទាំងអស់ ឥឡូវអត់មានអាណាហ៊ានជេរអាមេរិកកាំង ជេរពួកCIAថាខុសច្បាប់ CIAវាស្តាប់ទាំងអាណាដែលពួកមេដឹកនាំនៅអឺរ៉ុប និយាយគ្នាផង និយាយរួមយើងផ្ញើសារមិនដឹងថាថ្ងៃណា ពួកCIAបញ្ចេញរបស់យើងដែលយើងទាក់ទងគ្នា ប្រយ័ត្នវើយ អាណាផ្ញើរូបភាពអាសអាភាសនៅក្នុងហ្នឹង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថាការជឿនលឿននៃបច្ចេកវិទ្យានេះនាំឲ្យរដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រង ខណៈពិភពលោកក៏កំពុងតែប្រឈមនឹងការលួចថតសំឡេងផងដែរ។ លោកបន្តថារដ្ឋាភិបាលទុកឲ្យភាគីពាក់ព័ន្ធពិចារណាខ្លួនឯងទៅលើភាពពិតឬមិនពិតនៃការបែកធ្លាយនេះ។
លោកមានប្រសាសន៍ថា៖
«ចំពោះរាជរដ្ឋាភិបាលកម្ពុជាយើងអត់មាននិន្នាការណាមួយ ដែលចង់ឲ្យមានអ្នកលបស្តាប់ ឲ្យអ្នកនេះ អ្នកនោះដឹងនោះទេ គឺយើងអត់ដឹងទេ។ យើងក៏ដឹងភាគីទីបីដែលវាបញ្ចេញអាសាច់រឿងហ្នឹងមក»។
ទាក់ទងនឹងការព្រមានបញ្ចេញសារសន្ទនាផ្សេងៗទៀត លោក ផៃ ស៊ីផាន បានថ្លែងទៀតថាលោកនាយករដ្ឋមន្រ្តីមានសិទ្ធិការពារកិត្តិយសរបស់លោក ដែលលោកថាមិនខុសច្បាប់នោះទេ។
លោកបន្ថែមថា៖
«ព្រោះអាហ្នឹងជាបុគ្គលផ្ទាល់ រវាងសម្តេចនាយករដ្ឋមន្រ្តីជាបុគ្គលដែលលោកឆ្លងឆ្លើយជាមួយបុគ្គលផ្សេងមួយទៀត ដូច្នេះលោកជាបុគ្គលទីពីរ ហើយលោកបាននិយាយយ៉ាងដូចម្តេច លោកបានប្រាប់ការពិតទៅដល់សាធារណៈ អាហ្នឹងអត់មានខុសច្បាប់ មិនមែនច្បាប់ណាមួយ ដែលហាមមិនឲ្យភាគីណាមួយដែលនិយាយផ្ទាល់ជាមួយភាគីដទៃ ទម្លាយប្រាប់អ្នកដទៃ ពីព្រោះអត់មានច្បាប់ហាមទេ»។
ពាក់ព័ន្ធនឹងការលួចស្តាប់សំឡេងឆ្លងឆ្លើយតាមទូរស័ព្ទឯកជននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ធ្លាប់បានប្រាប់VOAថាសមត្ថកិច្ចនឹងមិនបើកការស៊ើបអង្កេតណាមួយពាក់ព័ន្ធនឹងការលួចថតសំឡេងបុគ្គលឯកជនមកផ្សព្វផ្សាយជាសាធារណៈនោះទេ ប្រសិនបុគ្គលដែលរងការលួចថតនោះមិនប្តឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីឲ្យធ្វើការស៊ើបអង្កេត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment