Saturday 25 March 2017

ដំរី​ព្រៃ១១​ក្បាល​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​នៅ​ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព

ដោយ អ៊ឹម រចនា 25/03/2017
rfi
media
សត្វ​ដំរី​ព្រៃ​១១​ក្បាល ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ភក់ជម្រៅ​៣​ម៉ែត្រ នៅ​ខេត្ត​មណ្ឌល​គិរី



ដំរី​ព្រៃ​​ចំនួន​១១​ក្បាល ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី នា​ថ្ងៃ​សៅរ៍ ទី​២៥​មីនា​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ប្រកប​ដោយ​សុវត្ថិភាព។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ ត្រូវ​ចំណាយ​ពេល​អស់​ជាង​៥​ម៉ោង​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មន្ទីរ​បរិស្ថាន​ខេត្ត មន្ដ្រីអង្គការអភិរក្សសត្វព្រៃ និង​ប្រជាពលរដ្ឋ​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដំរី​ព្រៃ​ទាំង​១១​ក្បាល ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅភក់​​នា​ថ្ងៃ​សៅរ៍​នេះ ចំណាយ​ពេល​ប្រមាណ​៥​ម៉ោង​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី មន្ដ្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ ឧទ្យានុរក្ស និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​។

គួរ​ជម្រាប​ថា ការ​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ភក់​​​របស់​សត្វ​ដំរី​ព្រៃ​មួយ​ហ្វូង​នេះ កើត​ឡើងនា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៥​មីនា នៅ​​​​ភូមិ​អូរអាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី​។ ជា​ទី​ដែល​សត្វ​ដំរី​ទាំង​នោះ​រស់​នៅ។ បើ​តាម​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី សត្វ​ដំរី​ទាំង​នោះ​ទំនង​ជាចេញ​ពី​ព្រៃ​ដើម្បី​​ដើរ​រក​ស៊ី ហើយ​ចៃដន់​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ភក់​​ដែល​សល់​ពី​សង្គ្រាម​ជម្រៅ​៣​ម៉ែត្រ​នោះ​តែម្ដង​​។


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី លោក កែវ សុភគ៌ ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​សត្វ​ដំរី​ទាំង​១១​ក្បាល​នេះ អាជ្ញាធរ​បានជួប​ការ​លំបាកនិង​ចំណាយ​ពេល​ច្រើន​។ នោះ​ក៏​​ព្រោះ​តែ​ទីតាំង​រណ្ដៅ​ដែល​ដំរី​ធ្លាក់​ចូល​ទៅនោះ ស្ថិត​នៅ​ក្នុង​ព្រៃ ដែលមាន​ស្ថានភាព​មិន​អំណោយផល​ដល់​ការ​បើក​យាន​យន្ត​ចូល​ទៅ​ភ្លាម​ៗ​បាន​។ ដើម្បី​ជួយ​សង្គ្រោះ​ដំរី​មួយ​ហ្វូង​នេះ ​មន្ដ្រី​ឧទ្យាន​នុរក្ស រួម​ទាំង​ប្រជាពលរដ្ឋ ត្រូវ​វេច​ស្ពាយ​សម្ភារៈ​សង្គ្រោះ ហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចូល​ទៅ​កាន់​ទីតាំង​កើត​ហេតុ​។ ការ​ជួយ​សង្គ្រោះធ្វើ​ឡើង​ដោយ​កាប់​ដី​ធ្វើ​ជម្រាល និង​កាប់​មែក​ឈើ​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ភក់​ដើម្បី​ឲ្យ​ដំរី​តោង​ឡើង​បាន​។

ចំណាយ​ពេល​ជាង​៥​ម៉ោង នៅ​ទី​បំផុត ដំរី​ព្រៃទាំង​មេ​ទាំង​កូន​សរុប​១១​ក្បាល ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រណ្ដៅ​ជម្រៅ​៣​ម៉ែត្រ​​ដោយ​សុវត្ថិភាព​​ ហើយ​​ត្រូវ​ព្រលែង​ឲ្យ​ចូល​ព្រៃ​វិញ​ផង​ដែរ​៕

No comments: