Saturday 4 March 2017

លោក ផៃ ស៊ីផាន មិន​ទាន់​ដឹង​ថា​គ្រួសារ​នាយក​រដ្ឋមន្ត្រី​នឹង​ប្ដឹង​អ្នក​ទម្លាយ​សារ​ឆ្លើយឆ្លង​នៅ​ឡើយ


ដោយ យាង សុជាមេត្តា
2017-03-02

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA



មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​២ មីនា ថា លោក​មិន​ទាន់​ដឹង​ថា តើ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្ដឹង​ទៅ​សមត្ថកិច្ច ឬ​តុលាការ​ដើម្បី​ស្វែងរក​មុខ​ជន​អនាមិក​ដែល​បាន​បញ្ចេញ​សារ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ (SMS) របស់​គ្រួសារ​ត្រកូល ហ៊ុន ជាមួយ​អ្នក​ជំនួញ​មួយ​ចំនួន ហើយ​ដែល​ត្រូវ​បាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ញើ​ទៅ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១ មីនា។



លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ដឹង​ពី​ការ​លេច​ធ្លាយ​ឯកសារ​នេះ​ទេ ហើយ​ក៏​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​បញ្ចេញ​សារ​ទាំងអស់​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាល ឬ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច ឬ​តុលាការ ដើម្បី​ស្វែងរក​មុខ​អ្នក​ទម្លាយ​ឬ​យ៉ាង​ណា? លោក ផៃ ស៊ីផាន ឆ្លើយតប​ថា លោក​មិន​មែន​ជា​មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏​មិន​មែន​ជា​មេធាវី​គ្រួសារ​លោក ហ៊ុន សែន នោះ​ដែរ។

លោក​ថា បញ្ហា​នេះ​វា​ស្រេច​តែ​ទៅ​លើ​ម្ចាស់​សាមី​ដែល​សារ​របស់​ខ្លួន​ត្រូវ​បាន​គេ​ទម្លាយ​នោះ៖ «ខ្ញុំ​មិន​មែន​ជា​មេធាវី​របស់​នាយក​រដ្ឋមន្ត្រី​ទេ ហើយ​ក៏​មិន​មែន​ជា​មេធាវី​គ្រួសារ​របស់​នាយក​រដ្ឋមន្ត្រី​ដែរ អ្នក​ពាក់ព័ន្ធ​ផល​ប្រយោជន៍​របស់​គេ អ្នក​ហ្នឹង​ហើយ​មាន​សិទ្ធិ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ឬ​ការពារ​កិត្តិយស​របស់​គេ ហើយ​បើ​សិន​ជា​គេ​យល់​ឃើញ​ថា​វា​មិន​មាន​ផល​ប្រយោជន៍ គេ​អត់​ឆ្លើយតប ហ្នឹង​ជា​ជម្រើស​ពីរ»។

ក្នុង​សារ​លេច​ធ្លាយ​ដែល​ជន​អនាមិក​ផ្ញើ​ជូន​លោក សម រង្ស៊ី ហើយ​ដែល​លោក សម រង្ស៊ី ផ្ញើ​បន្ត​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​នៅ​ពេល​នេះ បង្ហាញ​នូវ​ការ​ទាក់ទង​គ្នា​រវាង​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ជាមួយ​អ្នក​ជំនួញ និង​ម្ចាស់​កាស៊ីណូ​ណាហ្គាវើល (Naga World) ដែល​អត្ថន័យ​នៃ​សារ​ទាំងនោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​គ្រួសារ​ត្រកូល ហ៊ុន ជួយ​ពួក​គេ ជាដើម។

សមាជិក​គ្រួសារ​ត្រកូល ហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ​ទាំងនោះ រួម​មាន​ភរិយា​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី និង​កូនៗ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត ព្រម​ទាំង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​មន្ត្រី​ជំនិត​លោក ហ៊ុន សែន លោក ហូ សុទ្ធី ជាដើម៕

No comments: