Thursday, 16 March 2017

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​គ.ជ.ប​ជា​បន្ទាន់


ដោយ មាន ឫទ្ធិ
2017-03-15

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ ហ្វ្រន់ឡាញ ឌីហ្វែនឌឺ (Frontline Defenders) ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង ឌូប្ល៊ីន (Dublin) ប្រទេស​អៀរឡង់ដ៍ (Ireland) នៅ​ថ្ងៃ​ពុធ ទី​១៥ មីនា បាន​ថ្កោលទោស​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​ពន្យារ​ពេល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី។



កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា តុលាការ​កំពូល បាន​សម្រេច​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​សិទ្ធិ​មនុស្ស​អាដហុក ដែល​សេចក្តី​សម្រេច​នេះ​ហួស​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល ៦​ខែ កំណត់​ដោយ​ច្បាប់។ ជាមួយ​គ្នា​នេះ​ដែរ តុលាការ​កំពូល ក៏​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

អង្គការ ហ្វ្រន់ឡាញ ឌីហ្វែនឌឺ (Frontline Defenders) ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនេះ រួម​ទាំង​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រម​ទាំង​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពួក​គេ​ទាំងអស់។ អង្គការ​នេះ​ជឿ​ថា មុន​ពេល​ចាប់​ខ្លួន មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​រូប​នេះ បាន​បំពេញ​ការងារ​របស់​ពួក​គេ​ដោយ​សន្តិវិធី និង​ស្រប​ច្បាប់ ក្នុង​ការ​រាយការណ៍​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជា៕

No comments: