ដោយ ស្រី សុភ័ក្រ្ត 01/03/2017
រូបភាពពីកាមេរ៉ាសុវត្ថិភាពពីហាងស្តារម៉ាត
សវនាការពេញមួយព្រឹក នៅថ្ងៃទី ១ មីនា ដើម្បីជំនុំជម្រះសំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយកម្ពុជា បានបញ្ចប់ដោយស្រពិចស្រពិល និងមិនអស់ចិត្ត។ ដំបូងគឺ ជនជាប់ចោទព្យាយាមអះអាងថា ខ្លួនឈ្មោះ ជួប សំលាប់ ហើយច្រានចោលឈ្មោះ អឿត អាង ដែលសមត្ថកិច្ចស៊ើបអង្កេតដឹង។ ចំណែក វិដេអូភស្តុតាង ក្នុងសវនាការ ទៀតសោត ក៏មិនបានបង្ហាញពីសកម្មភាពនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទេ គឺវិដេអូទាំង ៧ឈុត បង្ហាញត្រឹម សកម្មភាពជនសង្ស័យ ដើរចេញចូលហាងស្តារម៉ាត ដកកាំភ្លើង និងរត់តាមផ្លូវប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តុលាការរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៅថ្ងៃទី ២៣ ខែមីនា ខាងមុខ ដើម្បីកំណត់វាសនា ជួប សំលាប់។
ស្រី សុភ័ក្រ្ត អ្នកកាសែតវិទ្យុបារាំង ដែលបានចូលរួមស្តាប់អង្គជំនុំជម្រះជាង បួនម៉ោង ធ្វើសេចក្តីរាយការណ៍ពីទិដ្ឋភាពទូទៅក្នុងបន្ទប់សវនាការ...
ឈរក្នុងរង្វង់ក្រចកសេះ នៃសវនាការ តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែមីនានេះ បុរសជាជនជាប់ចោទ បានអះអាងថា លោកមានឈ្មោះ ជួប សំលាប់ កើតនៅបន្ទាយមានជ័យ ជាកូនកំព្រា គ្មានប្រពន្ធកូន តែបានសារភាពថា ពិតជាឃាតករ បានសម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ នៅហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយសាំងកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ។ ជួប សំលាប់ រៀបរាប់ថា ការសម្លាប់លោក កែម ឡី គឺដោយសារគំនុំខឹងលោក កែម ឡី បោកយកប្រាក់បីពាន់ដុល្លារ។
បើតាមបុរសរូបនេះ ឈ្មោះ ជួប សំលាប់ គឺសមនឹង សមត្ថភាពពិឃាដសត្វព្រៃ និងចាប់ត្រីគ្មានគូប្រជែងរបស់លោក។ ជួប សំលាប់ បញ្ជាក់ថា នៅថ្ងៃកើតហេតុ លោកឈរចម្ងាយ ពីរ ឬបីម៉ែត្រ ពីជនរងគ្រោះ ហើយបានប្រើដៃស្តាំ បាញ់ពីរគ្រាប់ សំដៅផ្តាច់ជីវិតលោក កែម ឡី ដោយមួយគ្រាប់ដំបូងសំដៅចំ ក្បាល និងមួយគ្រាប់ទៀតសំដៅ ក មុនពេលដើរចេញពីហាងស្តារម៉ាត។
អង្គជំនុំជម្រះ ថ្ងៃពុធនេះមាន ចៅក្រមបីរូប តំណាងអយ្យការមួយរូប ជួប សំលាប់ មេធាវីការពារក្ដីជនជាប់ចោទ មកពីគណៈមេធាវី ព្រមទាំងអ្នកសារព័ត៌មាន មន្រ្តីសង្គមស៊ីវិល សាធារណជនសរុបប្រមាណជាង ៥០នាក់។ ។ ក្នុងសាលសវនាការទី ១នេះ គ្មានឡើយវត្តមាន ដើមបណ្តឹងជនរងគ្រោះ គឺ លោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី។
ក្រឡាបញ្ជី បានអានកំណត់ហេតុជាច្រើន ក្នុងនោះរួមមាន កំណត់ហេតុរបស់ ជនជាប់ចោទទាំងបីលើក កំណត់ហេតុស្រាវជ្រាវរបស់មន្រ្តីបច្ចេកទេសជាដើម។ សវនាការក៏បាន ចាក់វិដេអូសកម្មភាព ៧ឈុត ដែលក្នុងឈុតទីមួយ បង្ហាញពីសកម្មភាពបុរស ម្នាក់ដកកាំភ្លើងផ្ទុះអាវុធ ក្នុងហាងស្តារម៉ាត កន្លែងកើតហេតុ តែមិនឃើញមុខ លោក កែម ឡី ឡើយ។ វិដេអូនៅសល់ គឺជា សកម្មភាពរត់តាមផ្លូវ រហូតដល់ ចាប់ខ្លួនបាន ។ ចំណែកសាក្សី ពីររូប ជាបុគ្គលិកហាងស្តារម៉ាត ដែលមកបំភ្លឺដោយផ្ទាល់ និងសាក្សីកំបាំងមុខ បីរូប ដែលផ្តល់ចម្លើយតាម កំនត់ហេតុ ក៏មិនអាចបញ្ជាក់ពី អត្តសញ្ញាណឃាតករបានឡើយ ដោយសារភិតភ័យពេក។ សាក្សីអាចចំណាំបានត្រឹម ឃាតករ មានកំពស់ទាប សម្បុរស្រអែម ពាក់អាវពណ៌ក្រម៉ៅ ពាក់មួកក្រហម ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា របាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ច បង្ហាញថា ជនជាប់ចោទ មានឈ្មោះក្នុងសំបុត្របញ្ជាក់កំណើតថា អឿត អាង កើតនៅថ្ងៃទី ១០ ធ្នូ ១៩៧២ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប មានប្រពន្ធពីរ និងម្តាយរស់នៅ ខេត្តសៀមរាប។ អឿត អាង ធ្លាប់ជា ទាហានខ្មែរក្រហម រហូតដល់ ឆ្នាំ ១៩៩៨ ទើបចុះចូលជាមួយរដ្ឋាភិបាល ហើយធ្លាប់បួសជាសង្ឃ នៅវត្តប្រាសាទភ្នំ និង មុនពេលចាប់ខ្លួន មានតួនាទីជា នាយករងប្រតិបត្តិនៃអង្គការការពារបរិស្ថាន និងអភិវឌ្ឍន៍ សាខាខេត្តសៀមរាប។
ព្រះរាជអាជ្ញា វាយតម្លៃថា អឿត អាង ឬ ជួប សំលាប់ ជាមនុស្សតែមួយ ជានីតិជន មានសមត្ថភាព យល់ដឹងពីផលវិបាកកើតពីអំពើរបស់ខ្លួន បើផ្អែកលើក្របខណ្ឌវិទ្យាសាស្រ្ត ប្រៀបធៀបភិនភាគ ស្នាមមេដៃ តាមសំបុត្រកំណើត កោសល្យវិច្ឆ័យស្នាមមេដៃទាំងដប់ ផ្ទៀងផ្ទាត់ជាមួយនឹង ទិន្នន័យអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ។ តំណាងអយ្យការ លោក លី សុផាណា បានសម្រេចចោទប្រកាន់បុរសឈ្មោះ អឿត អាង ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់ ផ្អែកតាមមាត្រា ២០០ និង ៤៩០ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ចំណែកលោក យុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ដែលបានបំពេញភារៈជា មេធាវីការពារជនជាប់ចោទឈ្មោះ ជួប សម្លាប់ បានស្នើឲ្យចៅក្រម ពិនិត្យមើលស្ថានសម្រាលទោស ដល់ជនជាប់ចោទ ព្រោះ ជនជាប់ចោទគួរឲ្យអាណិត ហើយគួរតែផ្តល់ឱកាសឲ្យកែខ្លួន ដើម្បីអាចបម្រើប្រយោជន៍សង្គម។
ជួប សំលាប់ ទោះនៅនាទីចុងក្រោយ ក៏មិនបានស្នើសុំឲ្យតុលាការបន្ថយទោសឡើយ តែក្នុងកំណត់ហេតុលើកទីមួយ ដំណាក់កាលស៊ើបសួរ ជួប សំលាប់ បានសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ទៅចុះ៕
No comments:
Post a Comment