ដោយ រាជ វិញ្ញូ
2017-03-21
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនាទីស្នាក់ការកណ្ដាលគណបក្ស នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
RFA/Cheu Sideth
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ខ្លួនមិនបានដកចេញ ឬហាមឃាត់មិនឲ្យសកម្មជន យកពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ទៅប្រើប្រាស់ឡើយ។ ផ្ទុយទៅវិញ សកម្មជននៅតែអាចប្រើពាក្យស្លោកនេះក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ។
ការប្រកាសជាថ្មីនេះ ជំរុញឲ្យបក្សកាន់អំណាចប្រកាសជំហរជាថ្មីថា ខ្លួននឹងប្ដឹងបក្សប្រឆាំង។ រីឯអ្នកវិភាគយល់ថា ការប្រើប្រាស់ផ្លូវច្បាប់ដើម្បីបង្ខំឲ្យឈប់ប្រើប្រាស់ពាក្យស្លោកនេះ គឺជាការខាតបង់សម្រាប់បក្សកាន់អំណាច។
ថ្វីត្បិតតែអាចប្រឈមមុខនឹងតុលាការយ៉ាងណាក្ដី ក៏មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរថា គណបក្សខ្លួនមិនលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» នោះទេ ដោយអះអាងថា ពាក្យស្លោកនេះមិនជាប់ពាក់ព័ន្ធនឹងគោលនយោបាយរបស់បក្ស ម្យ៉ាងទៀតពាក្យនេះត្រូវបានគេចាប់ផ្ដើមប្រើប្រាស់តាំងពីឆ្នាំ២០១២ មកម្ល៉េះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២១ មីនា ថា រាល់ការប្រើប្រាស់ពាក្យស្លោកទាំងអស់ រួមទាំងពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» និងពាក្យស្លោកដទៃទៀតដូចជា «ផ្លូវចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង» ឬ «ផ្លូវនៅស្រុកខ្មែរធ្វើជាប់រហូត» ជាដើម ដែលត្រូវបានពលរដ្ឋចងចាំ និងយកមកនិយាយតៗគ្នាមកដល់សព្វថ្ងៃ គឺដោយសារពាក្យស្លោកទាំងនោះឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៅក្នុងសង្គម និងមិនអាស្រ័យលើគណបក្សប្រឆាំងឡើយ។ លោកបន្តថា ប្រសិនបើពាក្យស្លោកមិនបង្ហាញអំពីសង្គមជាក់ស្ដែង នោះនឹងរលត់ទៅវិញឯងៗ ហើយមិនចាំបាច់នរណាទៅបង្ខំឲ្យលុបចេញនោះទេ៖ «ប្ដឹងៗទៅ ព្រោះវាមិនមែនជាគោលនយោបាយរបស់យើងផងហ្នឹង វាអត់មានទាក់ទងគ្នាណា ទៅប្ដឹងពាក្យស្លោក»។
មន្ត្រីបក្សប្រឆាំងរូបនេះក៏អះអាងថា ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» មិនជាប់ពាក់ព័ន្ធនឹងគោលនយោបាយរបស់ខ្លួនទាំង ៥ចំណុច ដែលសមាជវិសាមញ្ញសម្រេចដាក់ចេញយកទៅប្រើប្រាស់ក្នុងពេលឃោសនាបោះឆ្នោត ដូចជា ពង្រឹងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាព និងការអភិវឌ្ឍ សេវាសាធារណៈ សន្តិសុខ និងសហវិមជ្ឈការ។ ជាងនេះទៅទៀត គណបក្សប្រឆាំងក៏មិនប្រឆាំងជំទាស់ទៅនឹងសិទ្ធិរបស់សកម្មជន និងអ្នកគាំទ្រ ដែលចង់យកពាក្យស្លោកនេះទៅនិយាយនៅពេលចេញឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
សមាជវិសាមញ្ញកាលពីថ្ងៃទី២ មីនា ក្រុមមន្ត្រីគណបក្សប្រឆាំងបាននាំគ្នាស្រែកពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» បន្ទាប់មកពាក្យស្លោកនេះត្រូវបក្សកាន់អំណាចឆ្លើយតបទាំងខឹងសម្បា និងចាត់ទុកថាជាការប្រមាថមួយមកលើមេឃុំនៅទូទាំងប្រទេស។ ជាងនេះទៅទៀត គណបក្សកាន់អំណាចក៏ត្រៀមប្ដឹងបក្សប្រឆាំងទៅតុលាការដែរ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក អេង ឆៃអ៊ាង នៅពេលនេះ គឺមិនបង្ហាញអំពីភាពប្រាកដនិយមទាល់តែសោះ ព្រោះកន្លងមក សូម្បីលោក កឹម សុខា និងលោក សុន ឆ័យ ដែលជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ប្រកាសឲ្យឈប់ប្រើប្រាស់ពាក្យស្លោកទៅហើយនោះ៖ «អ៊ីចឹងមិនមានការជឿជាក់លោក គាត់និយាយទេ។ គាត់និយាយបាតដៃខ្នងដៃ។ ឯកឧត្តម កឹម សុខា ដូចជានិយាយច្បាស់ណាស់ក្នុងនាមប្រធានគណបក្សទៅកំពត ថាគាត់ណែនាំឲ្យសមាជិកគាត់ឈប់ប្រើអាហ្នឹងហើយ»។
លោក សុខ ឥសាន អះអាងថា ក្នុងរយៈពេលជិតមួយសប្ដាហ៍ដែលគណបក្សរបស់លោកមិនព្រមដាក់ពាក្យប្ដឹងទៅតុលាការជាផ្លូវការនោះ ដោយសារទន្ទឹងរង់ចាំការប្រកាសជំហរពីគណបក្សសង្គ្រោះជាតិ ជាមុនសិន។ លោកថ្លែងថា ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដែលត្រូវបានគណបក្សប្រឆាំងប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១២ ហើយដែលគណបក្សរបស់លោកមិនប្ដឹងតាំងពីពេលនោះមក ដោយសារនៅពេលនោះមិនមានការចាប់អារម្មណ៍ ហើយទើបនៅពេលនេះទើបចាប់អារម្មណ៍ចំពោះពាក្យស្លោកនេះ ព្រោះវារំលោភលើច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការរើសអើងមកមេឃុំ-សង្កាត់ទូទៅ។
ក្នុងក្រសែភ្នែករបស់មជ្ឈដ្ឋានទូទៅមួយចំនួន រួមទាំងសហគមន៍អន្តរជាតិភាគច្រើន និងអ្នកវិភាគនយោបាយ តែងមើលឃើញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចតែងតែរកគ្រប់មធ្យោបាយគាបសង្កត់ទៅលើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ឲ្យបែកបាក់គ្នា ឬឲ្យចុះខ្សោយមកវិញ ក្នុងនោះរួមទាំងការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចនាំឲ្យមានការរំលាយគណបក្សនយោបាយណាមួយ ប្រសិនបើគណបក្សនោះត្រូវបានតុលាការរកឃើញថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ជាដើម។
ពាក់ព័ន្ធនឹងការប្ដឹងផ្ដល់គ្នានេះ អ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា ជាការខាតបង់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចទៅវិញ ព្រោះពលរដ្ឋបច្ចុប្បន្នមិនគាំទ្រកម្មវិធីនយោបាយលាបពណ៌ ចោទប្រកាន់ និងកម្ទេចគ្នាទៅវិញទៅមកឡើយ។ ផ្ទុយទៅវិញ អ្វីដែលពលរដ្ឋចង់បាន គឺកម្មវិធីនយោបាយមួយបម្រើដល់ផលប្រយោជន៍ជាតិ និងបម្រើដល់ផលប្រយោជន៍ពួកគាត់៖ «បក្សកាន់អំណាចក៏មានមេឃុំ បក្សប្រឆាំងក៏មានមេឃុំ។ អ៊ីចឹងខ្ញុំគិតថា វាមិនធ្ងន់ធ្ងរអីដល់ថ្នាក់បែកបាក់ជាតិនោះទេ»។
លោក សូ ចន្ថា បញ្ជាក់ថា បទពិសោធន៍តាមដានស្ថានការណ៍នយោបាយនៅតាមប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យជាច្រើននៅលើពិភពលោក មិនដែលជួបប្រទះករណីគណបក្សនយោបាយប្ដឹងផ្ដល់គ្នា ជុំវិញការប្រើប្រាស់ពាក្យស្លោកឡើយ ហើយបើនៅក្នុងច្បាប់វិញ ក៏គ្មានការចែងអំពីការហាមមិនឲ្យប្រើប្រាស់ពាក្យស្លោកនោះដែរ។
អ្នកវិភាគនយោបាយស្នើឲ្យគណបក្សនយោបាយ គួរដល់ពេលគិតគូរស្វែងរកការដំណោះស្រាយឲ្យពលរដ្ឋដែលកំពុងប្រឈមនឹងកសិផលគ្មានទីផ្សារ និងបញ្ហាអយុត្តិធម៌ក្នុងសង្គម និងតុលាការគ្មានឯករាជ្យជាដើម ជាជាងចោទប្រកាន់គ្នាទៅវិញទៅមកឥតល្ហែបែបនេះ៕
1 comment:
Even the CNRP's fart will make the CPP feels uncomfortable.
The CPP knew the real 2013 election result. Actually, the CNRP won by a landslide and the CPP just stole it.
This time (2018 election), the CPP cannot steal the election and that make them very apprehensive.
Post a Comment