Wednesday, 29 March 2017
HRW៖ ក្រសួងមហាផ្ទៃកំពុងយាយីបក្សប្រឆាំងតាមយន្តការឆ្កួតលីលា
ដោយ តាំង សារ៉ាដា
2017-03-29
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ស្ដីពីកម្ពុជា បញ្ជូនជនជាតិម៉ុងតាញ៉ា ទៅឲ្យប្រទេសវៀតណាម។ រូបថតខែមីនា ឆ្នាំ២០១៥
Photo: RFA
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិសម្ដែងក្ដីបារម្ភថា ការបន្តយាយីរបស់ក្រសួងមហាផ្ទៃ មកលើគណបក្សប្រឆាំង ជាសញ្ញាមួយក្នុងការរាំងខ្ទប់ និងបំបិទសំឡេងបក្សប្រឆាំងពីការចូលរួមដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីសេរី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់ទុកការបង្កភាពស្មុគស្មាញរបស់ក្រសួងមហាផ្ទៃ ដល់គណបក្សសង្គ្រោះជាតិ ជុំវិញបញ្ហាលក្ខន្តិកៈផ្ទៃក្នុងនោះ ជាការរើសអើងគណបក្សប្រឆាំងដើម្បីបង្កឧបសគ្គមិនឲ្យគណបក្សនេះអាចចូលរួមការបោះឆ្នោតបានដោយងាយស្រួល។
លោក ហ្វីល រ៉ូប៊ឺតសុន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទពីប្រទេសថៃ កាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា ថា ការយាយីនេះនឹងនាំឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ និងសមាគម៖ «ខ្ញុំគិតថា ក្រសួងមហាផ្ទៃ ព្យាយាមបង្កើតគោលការណ៍មួយក្នុងការបង្កបញ្ហាធ្ងន់ធ្ងរដល់គណបក្សសង្គ្រោះជាតិ។ ខ្ញុំគិតថា នេះគឺជាការរើសអើងគណបក្សនយោបាយ។ ខ្ញុំគិតថា គណបក្សកាន់អំណាច និងគណបក្សតូចតាចដទៃទៀត ទទួលរងការពិនិត្យល្អិតល្អន់ពីក្រសួងមហាផ្ទៃ នោះឡើយ។ គណបក្សសង្គ្រោះជាតិ គួរត្រូវបានអនុញ្ញាតឲ្យមានការចូលរួមដំណើរការបោះឆ្នោតដោយពេញលេញ មិនត្រូវមានការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង ហើយមានភាពស្មើគ្នាដូចគណបក្សទៀតដែរ។ ខ្ញុំគិតថា រដ្ឋាភិបាលប្រើច្បាប់ដ៏ឆ្កួតលីលាតាមរយៈក្រសួងមហាផ្ទៃ ដើម្បីរារាំងគណបក្សសង្គ្រោះជាតិ ពីការចូលរួមបោះឆ្នោតនៅពេលខាងមុខ»។
អាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ ជុំវិញការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev RFA/Brach Chev
លោក ខៀវ សុភ័គ ធ្លាប់អះអាងថា ក្រសួងមហាផ្ទៃ នៅតែរក្សាជំហរមិនទទួលស្គាល់សុពលភាពសមាជបក្សប្រឆាំងឡើយ មានន័យថា ក្រសួងមហាផ្ទៃ មិនហ៊ានទទួលស្គាល់ប្រធាន និងអនុប្រធានបក្សប្រឆាំង ដែលត្រូវបានជ្រើសរើសដោយសមាជកាលពីថ្ងៃទី២ ខែមីនា នោះទេ។
លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា ក្រសួងមហាផ្ទៃ គួរតែផ្ដោតការយកចិត្តទុកដាក់ជួយឲ្យការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីរៀបចំដំណើរការប្រជាធិបតេយ្យមួយនេះឲ្យមានតម្លាភាពវិញ ជាជាងការព្យាយាមទប់ទល់ជាមួយបក្សប្រឆាំងនោះ៖ «ក្រសួងមហាផ្ទៃ ព្យាយាមរារាំងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា តាំងពីថ្ងៃដំបូងមកម្ល៉េះ តាមរយៈការធ្វើទុក្ខបុកម្នេញមេដឹកនាំបក្សប្រឆាំងមិនអោយមានតួនាទីក្នុងការប្រកួតប្រជែងការបោះឆ្នោត។ ខ្ញុំគិតថា សហគមន៍អន្តរជាតិ បណ្ដាប្រទេសម្ចាស់ជំនួយ និងរដ្ឋាភិបាលបរទេសដទៃទៀត មានការព្រួយបារម្ភអំពីដំណើរការបោះឆ្នោតនៅកម្ពុជា នៅពេលខាងមុខ ជាការបោះឆ្នោតមិនស្របច្បាប់ ឬជាដំណើរការប្រជាធិបតេយ្យក្លែងក្លាយ»។
លោកបន្តថា ប្រសិនបើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខាងមុខ ធ្វើឡើងដោយទាត់ចោលគណបក្សសង្គ្រោះជាតិ មែននោះ កម្ពុជានឹងរងជួបមហាវិបត្តិដ៏ធំតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការថ្កោលទោសជាខ្លាំងពីសហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបអាចដើរចេញពីកម្ពុជា តាមរយៈការផ្ដាច់ជំនួយហិរញ្ញវត្ថុ និងជំនួយអភិវឌ្ឍន៍ផ្សេងៗដល់កម្ពុជា។ ពេលនោះកម្ពុជា នឹងជួបនូវភាពវឹកវរចលាចលពេញផ្ទៃប្រទេសហើយ នាំឲ្យប្រទេសក្រីក្រមួយនេះជួបគ្រោះមហន្តរាយផ្នែកនយោបាយ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយឯករាជ្យ លោក ឆាំ ប៊ុនថេត បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាចមកលើគណបក្សប្រឆាំងគ្រប់រូបភាព គ្រប់ទម្រង់ និងគ្រប់រសជាតិនេះ គឺដោយសារគណបក្សកាន់អំណាចភ័យខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ៖ «តាមពិតទៅសង្គ្រោះជាតិហ្នឹង ទោះបីក្រុមគាត់ហ្នឹងចង់ធ្វើអ្វីក៏ដោយ ក៏តែងតែមានការយាយីជាដរាបមកហើយ។ លក្ខន្តិកៈហ្នឹងប្រាសចាក បានជូនដំណឹងក៏គេថាមិនបានជូនដំណឹង។ បានធ្វើ ឬមិនបានធ្វើជារឿងរបស់គេខាងនោះ។ រឿងហ្នឹងកើតឡើងមកអ៊ីចឹងជារឿយៗ មកហើយ។ គេដាល់រហូត។ តើបញ្ហាអ្វីសំខាន់ដែលធ្វើឲ្យរឿងហ្នឹងកើតឡើងមកហ្នឹង? រឿងដែលគណបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងហ្នឹង គឺកើតចេញពីការភ័យខ្លាចក្នុងការបាត់បង់អំណាច»។
ពីឆ្វេង៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានបក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ក្នុងសមាជវិសាមញ្ញគណបក្សជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn Chanratha RFA/Sorn Chanratha
ប្រតិភូរបស់បក្សសង្គ្រោះជាតិ នឹងដឹកនាំដោយលោក អេង ឆៃអ៊ាង ដើម្បីជួបពិភាក្សាជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន នៅថ្ងៃ២៩ ខែមីនា នេះវេលាប្រហែលម៉ោង ២រសៀល។
ជំនួបនេះធ្វើឡើងដោយសារមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានផ្ញើលិខិតស្នើសុំជួបជាមួយលោក ស ខេង ឬតំណាងរបស់ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សារកដំណោះស្រាយករណីចោទប្រកាន់ថា គណបក្សមួយនេះធ្វើសមាជវិសាមញ្ញជ្រើសរើសក្បាលម៉ាស៊ីនបក្សខុសលក្ខន្តិកៈ និងសំណើដកចេញពាក្យស្លោក "ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ"។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងផ្ដោតការពិភាក្សាទៅបញ្ហាសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ៖ «ទីមួយយើងរង់ចាំជំនួបស្អែកជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សិនដើម្បីយើងពិភាក្សាអំពីរឿងហ្នឹង។ ទី២ រឿងដែលសំខាន់ហ្នឹងគឺគណបក្សសង្គ្រោះជាតិ គឺជាគណបក្សដែលស្របច្បាប់ ហើយទទួលស្គាល់ពីក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៣ អំពីសុពលភាព។ ដូច្នេះអ្វីដែលយើងពិភាក្សាជាមួយក្រសួងមហាផ្ទៃ ហ្នឹងយើងមិនមែនពិភាក្សារឿងសុពលភាពទេ គឺយើងពិភាក្សារឿងការធ្វើសមាជរបស់គណបក្ស»។
គណបក្សសង្គ្រោះជាតិ បានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនត្រង់មាត្រា៤៥ និងមាត្រា៤៧ ដើម្បីបើកច្រកអោយគណបក្សមានប្រធានគណបក្សថ្មីក្នុងករណីដែលប្រធានបក្សលាលែង ឬបាត់បង់សមត្ថភាព ឬទទួលមរណភាពដែលមានរយៈពេល ១៨ខែមុនចប់អាណត្តិ ហើយអោយមានអនុប្រធានយ៉ាងតិចមួយរូប។
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក កន សាវាង្ស មានប្រសាសន៍ថា ការធ្វើសមាជជ្រើសរើសមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គឺជារឿងផ្ទៃក្នុងរបស់គណបក្សនយោបាយ មានន័យថា គណបក្សសង្គ្រោះជាតិ អាចកែសម្រួលលក្ខន្តិកៈរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្ដែងដែលខ្លួនជួបប្រទះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment