voa
01 មេសា 2017
អ្នកសរសេរប្លុកវៀតណាមដែលគេស្គាល់ឈ្មោះថា Me Nam ឬ ម្តាយផ្សិត ខកខានមិនបានជួបលោកស្រី Melania Trump ភរិយាប្រធានាធិបតី ត្រាំ នៅពេលដែលលោកស្រីភរិយាប្រធានាធិបតីត្រាំប្រគល់រង្វាន់ស្រ្តីអង់អាចក្លាហានអន្តរជាតិដល់ស្រ្តីចំនួន១៣នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
វ៉ាស៊ីនតោន —
នៅថ្ងៃប្រគល់រង្វាន់នេះ លោកស្រី Nguyen Ngoc Nhu Quynh សកម្មជនសង្គមបានស្ថិតនៅក្នុងគុកខេត្ត Khanh Hoa ដែលនៅទីនោះលោកស្រីបានត្រូវគេឃុំខ្លួនចាប់តាំងពីលោកស្រីបានត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា បន្ទាប់ពីចុះផ្សាយអំពីមនុស្សដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
Mother Mushroom ឬម្តាយផ្សិតគឺជាឈ្មោះរបស់លោកស្រីនៅក្នុងប្លុកដែលបានចាប់ផ្តើមសរសេរនៅឆ្នាំ២០១៦។ លោកស្រីជាសមាជិកម្នាក់ដែលបានបង្កើតបណ្តាញអ្នកសរសេរប្លុកវៀតណាមឬ Vietnamese Bloggers Network។ ក្រុមនេះជាក្រុមសរសេរប្លុកឯករាជ្យមួយនៃក្រុមសរសេរប្លុកឯករាជ្យបីបួននៅក្នុងប្រទេសដែលគណបក្សកុម្មុយនិស្តត្រួតត្រាយ៉ាងតឹងរ៉ឹងទៅលើបណ្តាញព័ត៌មាន និងអ្នកនិពន្ធ។
លោកស្រីរងការចោទប្រកាន់នៅក្រោមមាត្រាទី៨៨នៃក្រមព្រហ្មទណ្ឌឆ្នាំ១៩៩៩ «ពីការផ្សព្វផ្សាយការឃោសនាប្រឆាំងសាធារណរដ្ឋសង្គមនិយមវៀតណាម»។ រដ្ឋាភិបាលមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការកាត់ទោសទេ ហើយលោកស្រីអាចប្រឈមមុខជាប់ពន្ធនាគារអតិបរមា១២ឆ្នាំ។ ច្បាប់ដែលមានពាក្យពេជន៍មិនច្បាស់លាស់បានធ្វើឲ្យមានការថ្កោលទោសពីអន្តរជាតិចំពោះអំណាចដែលច្បាប់នោះផ្តល់ឲ្យរដ្ឋាភិបាលដើម្បីបង្ក្រាបពួកប្រឆាំង។
លោក Grace Choi អ្នកនាំពាក្យការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់ «លោកស្រី Mother Mushroom ឬម្តាយផ្សិតចំពោះភាពអង់អាចក្លាហានរបស់លោកស្រីដើម្បីលើកឡើង នូវបញ្ហាសង្គមស៊ីវិល ជំរុញឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធី អំពាវនាវឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងកាន់តែខ្លាំងឡើងហើយនឹងឲ្យមានការគោរពសិទ្ធិមនុស្សជា មូលដ្ឋាន និងតំណាងឲ្យសេរីភាពនៃការបញ្ចេញមតិ»។
ពួកអ្នកការទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហាណូយនិងទីក្រុងសៃហ្គនបានចុះផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គម Facebook អំពីការប្រគល់រង្វាន់ឲ្យលោកស្រី Mother Mushroom ឬ ម្តាយផ្សិត កាលពីព្រឹកថ្ងៃពុធដែលបានទាកទាញមនុស្សរាប់ពាន់នាក់ឲ្យចុច “likes” មុនពេលចាប់ផ្តើមពិធីប្រគល់រង្វាន់ដល់ស្រ្តីអង់អាចក្លាហានអន្តរជាតិផ្លូវការ។
លោក Choi បាននិយាយបន្ថែមទៀតថា ចាប់តាំងពីរង្វាន់នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧មក រង្វាន់នោះជារឿយៗបានប្រគល់ជូនស្រ្តីនៅក្នុងពន្ធនាគារចំពោះសកម្ម ភាពរបស់ពួកគេ។ លោក Choi បាននិយាយថា៖ «ការលះបង់របស់លោកស្រី Nguyen Ngoc Nhu Quynh ដើម្បីលាតត្រដាងអំពើពុករលួយ បានបង្កើនការយល់ដឹងអំពីការ ការពារបរិដ្ឋាន ហើយនឹងរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមបានលើកទឹកចិត្តពួកសកម្មជនគ្រប់ទីកន្លែងហើយបានធ្វើឲ្យលោកស្រីក្លាយជាសកម្មជនប្រព័ន្ធ Internet ដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសវៀតណាម»។
លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា ការប្រគល់រង្វាន់ទៅឲ្យជនណាម្នាក់ដែលត្រូវបានស៊ើបអង្កេតចំពោះការរំលោភច្បាប់វៀតណាម ជាការមិនត្រឹមត្រូវហើយមិនបានផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍនៃទំនាក់ទំនងរបស់ប្រទេសទាំង២ទេ។
លោក Bui Thi Minh Hang ជាសកម្មជននៅក្នុងទីក្រុងសៃហ្គនបានប្រាប់ VOA ថា ការទទួលស្គាល់លោកស្រី Mother Mushroom ឬ ម្តាយផ្សិតនេះគឺកើតមានចំកាលៈ ទេសៈ «ពីព្រោះ អ្នកសរសេរប្លុកផ្សេងទៀតដូចជាលោក Tran Thi Thuy Nga ក៏បានត្រូវគេចាប់ដាក់ពន្ធនាគារដែរ។ មនុស្សទាំងអស់នោះដែលហ៊ានក្រោកឈរឡើងដើម្បីប្រយុទ្ធ ដែលហ៊ាននិយាយការពិតនៅក្នុងរបបបិសាច មនុស្សទាំងនោះជាមនុស្សក្លាហាន»។
ការសរសេរប្លុករបស់លោកស្រី Mother Mushroom ឬ ម្តាយផ្សិតនាំឲ្យមានការចាប់ខ្លួនមនុស្សជាច្រើន ក៏ប៉ុន្តែជីវិតរបស់លោកស្រីបានផ្លាស់ប្តូរនៅឆ្នាំ២០០៩ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោកស្រីចំពោះការសរសេរអំពីគម្រោងអាជីវកម្មរ៉ែបុកស៊ីតដោយសារបានរាប់បញ្ចូលក្រុមហ៊ុនចិនមួយថាជាក្រុមហ៊ុនដែលធ្វើវិនិយោគចំណោមពួកអ្នកវិនិយោគទុនក្នុងគម្រោងនោះ។ ដោយសារតែឥទ្ធិពលរបស់ចិននៅក្នុងសេដ្ឋកិច្ចរបស់វៀតណាមជាប្រធានបទនយោបាយ លោកស្រីត្រូវបានគេដោះលែងដោយគ្មានការចោទប្រកាន់មួយសប្តាហ៍ក្រោយមក។
បន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ពាណិជ្ជកម្មទេសចរណ៍និងជីវភាពគ្រួសាររបស់លោកស្រី Mother Mushroom ឬ ម្តាយផ្សិតបានរងផលប៉ះពាល់។ នេះបើតាមម្តាយរបស់លោកស្រីគឺ លោកស្រី Nguyen Thi Tuyet Lan ដែលរស់នៅទីក្រុង Nha Trang។ចាប់តាំងពីការចាប់ខ្លួនកូនស្រីរបស់លោកស្រីមក ជីដូនដែលមានអាយុ៩០ឆ្នាំរបស់អ្នកសរសេរប្លុកនោះ មានការភ័យខ្លាចហើយកូនរបស់លោកស្រីដែលមានឈ្មោះក្រៅហៅថាផ្សិតនិងខ្លាឃ្មុំ បានផ្លាស់ប្តូរ។
លោកស្រី Nguyen បានប្រាប់ VOA កាលពីថ្ងៃពុធថា «ជីវិតរបស់យើងមានការលំបាកយ៉ាងពិតប្រាកដហើយនឹងរងការគំរាមកំហែងដោយមិនមាន Quynh នោះ។លោកស្រី Nguyenនិយាយថា «ខ្ញុំធ្លាប់មានអារម្មណ៍ទុកព្រួយនៅពេលខ្លះ ពីព្រោះតែក្រុមគ្រួសាររបស់ខ្ញុំបានស្ថិតនៅក្រោមការឃ្លាំមើលនិងការរំខានយាយីជាប្រចាំ។ខ្ញុំបានប្រាប់កូនស្រីរបស់ខ្ញុំឲ្យនាងឈប់ ក៏ប៉ុន្តែ នាងនិយាយថា ខ្ញុំមិនអាចរស់ដោយគ្មានការទទួលខុសត្រូវនោះទេ។ខ្ញុំប្រហែលស្លាប់ ក៏ប៉ុន្តែ យ៉ាងហោចណាស់ ខ្ញុំអាចធ្វើអ្វីសម្រាប់អ្នកដទៃហើយនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ»។
ក្នុងចំណោមយុទ្ធនាការកាលពីពេលថ្មីៗនេះរបស់លោកស្រី លោកស្រី Mother Mushroom ម្តាយផ្សិត បានសរសេរចុះផ្សាយប្លុកអំពីចំណាត់ការរបស់រដ្ឋាភិបាលនៃការហៀរជាតិគីមីនៅឯរោងចក្រដែកថែបដែលកាន់កាប់ដោយជនជាតិតៃវ៉ាន់នៅក្នុងទីក្រុងHa Tinhភាគកណ្តាលនៃប្រទេសវៀតណាម។ ការហៀរជាតិគីមីនេះ បានសម្លាប់ត្រី៨០តោនដែលបានធ្វើឲ្យអាម៉ាសនិងមានការភ័យខ្លាចដល់រដ្ឋាភិបាល។ រូបភាពនៃត្រីងាប់បានធ្វើឲ្យមានការផ្សព្វផ្សាយបន្តទូទាំងសាកលលោក សហគមន៍នេសាទបានបាត់បង់ប្រាក់ចំណូល ហើយបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មនៅឯរោងចក្រនោះនិងក្នុងទីក្រុងនានាទូទាំងប្រទេសវៀត ណាម។
ការងាប់ត្រីនៅក្រុង Ha Tinh នៅខែមេសា ឆ្នាំ២០១៦ បានត្រូវគេមើលឃើញជាទូទៅថាជាការបង្កើនការយល់ដឹងអំពីបរិដ្ឋាននិងបង្កើនសកម្មភាពក្នុងចំណោមជនជាតិវៀតណាម។ចលនានេះបានទទួលជោគជ័យពីដំបូងនៅពេលដែលក្រុមហ៊ុនដែកថែបតៃវ៉ាន់បានសុខចិត្តទទួលខុសត្រូវចំពោះការសម្លាប់ត្រីហើយបានសន្យាសងការខូចខាតចំនួន៥រយលានដុល្លាចំពោះការចាក់ទឹកកខ្វក់មានជាតិពុលចូលក្នុងសមុទ្រចិនខាងត្បូង។
លោកស្រី Nguyen និយាយថា «ទោះបីរដ្ឋាភិបាលកំពុងប្រកាសប្រឆាំងនិងកំពុងឃុំឃាំងលោកស្រីក៏ដោយ ពួកគេដឹងថា លោកស្រីកំពុងធ្វើកិច្ចការត្រឹមត្រូវ។ខ្ញុំមានមោទនភាពចំពោះកូនស្រីរបស់ខ្ញុំពីព្រោះនាងបានជំនះការភ័យខ្លាចរួមក្នុងការនិយាយប្រឆាំងនឹងរដ្ឋាភិបាល។នាងបានជំនះការភ័យខ្លាចរបស់នាងដោយក្រោកឈរឡើងអំពីទស្សនៈរួម»។
ប្រែសម្រួលដោយ ជឹង ប៉ូជីន VOA
No comments:
Post a Comment