Saturday, 22 April 2017
តុលាការកោះហៅលោក ជុន ច័ន្ទបុត្រ ទៅ សាកសួរពីការបន្លំខ្លួនចូលពន្ធនាគារ
ដោយ អ៊ឹម រចនា 22/04/2017 22/04/2017
rfi
លោក ជុន ច័ន្ទបុត្រ ជាថ្នាក់ដឹកនាំ និងជាអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ដែលកំពុងទទួលបានការគំាទ្រពីអ្នកស្តាប់។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទៅសាកសួរពីការបន្លំខ្លួនចូលពន្ធនាគារ។ នេះបើតាមដីកាកោះហៅចុះថ្ងៃទី២១មេសា ដែលវិទ្យុបារាំងបានទទួលនៅថ្ងៃសៅរ៍នេះ។ ក្រៅពីលោក ជុន ច័ន្ទបុត្រ តុលាការក៏បានកោះហៅលោក ឡុង រី និងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង ទៅបំភ្លឺផងដែរ ក្នុងនាមជាសាក្សីនៃសំណុំរឿងតែមួយនេះ។
លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅទៅសាកសួរក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី០២ ខែឧសភាខាងមុខ វេលាម៉ោង៩ព្រឹក អំពីការប្រកាសដោយភូតភរ បន្លំខ្លួនចូលពន្ធនាគារ។ នៅក្នុងដីកាកោះ ព្រះរាជអាជ្ញារង លោក សៀង សុខ បានបង្គាប់ឲ្យលោក ជុន ច័ន្ទបុត្រ ទៅបំភ្លឺតាមការកោះហៅ និងត្រូវយកលិខិតផ្សេងៗដែលទាក់ទងនឹងសំណុំរឿងនេះទៅជាមួយផង ប្រសិនបើមាន។
សូមរំលឹកជូនថា នាយករងវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ខែមេសាកន្លងទៅ បានចូលទៅក្នុងពន្ធនាគារព្រៃស ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខអ្នកជាប់ឃុំដែលជាមន្ដ្រីនិងជាសកម្មជនរបស់គណបក្សប្រឆាំង។ ក្នុងដំណើរចូលទៅកាន់ពន្ធនាគារនោះ លោក ជុន ច័ន្ទបុត្រ ពាក់មួកកាតិប បានប្រើប្រាស់ឈ្មោះពិតរបស់លោក គឺ ហួត វុទ្ធី ប៉ុន្តែបានដាក់តួនាទីថាជាជំនួយការរបស់អ្នកតំណាងរាស្ត្រទៅវិញ។
ការដាក់តួនាទីមិនពិតរបស់នាយករងវិទ្យុអាស៊ីសេរីដូច្នេះ ត្រូវបានដីកាកោះរបស់តុលាការចាត់ទុកថា ជាការផ្ដល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ វិញ លោកពន្យល់ថា គោលដៅរបស់លោកទៅកាន់ពន្ធនាគារគឺដើម្បីសួរសុខទុក្ខលក្ខណៈឯកជន ប៉ុន្តែចៃដន់បានជួបតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅទីនោះ និងចូលទៅជាមួយគ្នាតែប៉ុណ្ណោះ។ នាយករងវិទ្យុអាស៊ីសេរីរូបនេះអះអាងថា លោកគ្មានចេតនាបន្លំខ្លួនទេ ព្រោះលោកបានដាក់ឈ្មោះពិតរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះអ្នកចូលពន្ធនាគារថែមទៀតផង។
គួរកត់សម្គាល់ថា នៅក្នុងសំណុំរឿងនេះ មិនមែនមានតែ លោក ជុន ច័ន្ទបុត្រ ម្នាក់ឯងទេដែលត្រូវតុលាការកោះហៅឲ្យទៅបំភ្លឺ។ លោក ឡុង រី និងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង ក៏ត្រូវបានកោះហៅទៅបំភ្លឺផងដែរ ក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ និង២៨មេសាសប្ដាហ៍ក្រោយនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Kwack and his master Yuon Krar Pul Mouk Mern Tern Heuy !!
Post a Comment