Saturday, 1 April 2017

លោកយឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​លក្ខន្តិកៈ របស់​គណបក្ស​ប្រឆាំង


ដោយ សឿង ភារៈ 01/04/2017 01/04/2017

rfi
media
លោក យឹម សុ​វណ្ណ អ្នកនាំពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិកាល​​ពី​ពេល​​កន្លង​ទៅ។
RFI/Siv Channa



Link to audio:


នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា​ក្រសួង​មហា​ផ្ទៃ​បាន​ប្រថាប់​ត្រា​ទទួល​ស្គាល់​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ធ្វើ​វិសោធនកម្ម​លើ​ប្រការ​៤៥ និង​ប្រការ​៤៧ ហើយ​។ ការ​ប្រថាប់​ត្រានេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ប្រឆាំង និង​ក្រសួង​មហា​ផ្ទៃ​ជុំវិញ​ការ​ជ្រើស​រើសក្បាល​ម៉ាស៊ីន​ថ្មី​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស ដែល​តម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ។​

លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​នៅ​ថ្ងៃទី១ ខែ​មេសា​នេះ​ថា លក្ខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ធ្វើ​វិសោធនកម្ម​ដោយសមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃទី២ ខែ​មីនា ត្រូវ​បាន​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ប្រថាប់​ត្រា ទទួលស្គាល់​ហើយ​។


ឆ្លើយ​នឹង​សំនួរ​ថា តើ​គណបក្ស​ប្រឆាំង​នឹង​រៀប​ចំ​ធ្វើ​អ្វី​បន្ត​ទៀត ក្រោយ​ពី​ការ​ប្រថាប់​ត្រា​ទទួល​ស្គាល់​លក្ខន្តិកៈនេះ​? លោក​យឹម សុវណ្ណ​បញ្ជាក់​ថា «បើ​ទទួល​ស្គាល់​ហើយ​គឺ​ចប់​ហើយ គ្មាន​អ្វី​ត្រូវ​ធ្វើទៀត​ទេ!» ហើយ​ចំពោះការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន ឬ​យ៉ាង​ណា​នោះ លោក​យឹម​ សុវណ្ណ​បញ្ជាក់​ថា​ចាំ​មើល​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​បន្តទៀត​ ដោយ​សារ​តែ​ពេល​នេះ​គណបក្ស​មិន​ទាន់​បាន​គិត​សម្រេច​នៅ​ឡើយទេ​។​

នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ វិទ្យុ​បារាំង​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ណា​មួយ​ពី​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​ ជុំវិញ​ការប្រថាប់​ត្រា​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្រូង​ចម្រាស​នេះ​។

ការ​ប្រថាប់​ត្រា​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​យឹម សុវណ្ណ កាល​ពី​ថ្ងៃទី​៣០ ​ខែ​មីនា បាន​ផ្ញើ​ជូន​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នូវ​លក្ខន្តិកៈ​របស់​គណបក្ស​។ ភ្លាមៗ​ក្រោយ​ពី​ការ​ទទួល​បាន​នូវ​លក្ខន្តិកៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក​ស ខេង នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ក៏​បាន​តប​តាម​រយៈ​លិខិត​មួយ​ច្បាប់​មក​លោក​យឹម សុវណ្ណ ដោយ​បញ្ជាក់​ថា​លោក​បាន​ទទួល​នូវ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ហើយ​។ លោក​ស ខេង តាម​រយៈ​លិខិត​ដដែល​នោះ ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ ស្មារតី​នៃ​លិខិត​លេខ៤៨០ សជណ ចុះ​ថ្ងៃទី​២២ ខែ​មីនា​ផង​ដែរ​។

លិខិត​ដែល​ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា​នោះ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហា​ផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង ដក​ចេញ​នូវចំណង​ជើង “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អាទិភាព​៥ចំណុច​របស់​គណបក្ស​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧។ ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា​ចំណង​ជើង​នេះ​មាន​ខ្លឹម​សារ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៣ ច្បាប់​ស្តី​ពី​គណបក្សនយោបាយ រួម​ទាំង​ច្បាប់​មួយ​ចំនួន​ទៀត​។

ជុំវិញ​បញ្ហា​ពាក្យ​ស្លោក​នេះ​លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ ក៏បាន​បញ្ជាក់​ថា​ពាក្យ​ស្លោក​នេះ​គណបក្ស​មិន​បាន​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ​ ទេ ហើយ​គណបក្ស​ក៏​មិន​បានណែ​នាំ​ឲ្យ​សកម្ម​ជន​របស់​ខ្លួន​ឲ្យ​និយាយ​ពាក្យ​នេះ​ ដែរ​៕

No comments: