Sunday, 2 April 2017
ប្រាសាទតាមាន់ធំនៅខេត្តឧត្ដរមានជ័យមិនទាន់សម្បូរភ្ញៀវទេសចរទៅលេង
ដោយ ហង្ស សាវយុត
2017-04-02
ប្រាសាទតាមាន់ធំ ស្ថិតនៅលើខ្នងភ្នំដងរែក នៃភូមិគូ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ រូបថតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
RFA/Hang Savyouth
ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ឲ្យដឹងថា ប្រាសាទតាមាន់ធំ ដែលស្ថិតនៅលើខ្នងភ្នំដងរែក នៃឃុំគោកមន ស្រុកបន្ទាយអំពិល គឺមានសក្ដានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋនៃខេត្តនេះអាចរកកម្រៃពីវិស័យទេសចរណ៍បាន។
ក៏ប៉ុន្តែបច្ចុប្បន្ន ប្រាសាទបុរាណដែលមានទីតាំងនៅជាប់ព្រំដែនខ្មែរ-ថៃ មួយនេះ កំពុងនៅក្រោមការគ្រប់គ្រងរបស់កងទ័ព ជាហេតុមិនអាចឲ្យមន្ត្រីទេសចរ និងអាជ្ញាធរខេត្ត ទៅរៀបចំអភិវឌ្ឍវិស័យទេសចរណ៍បាននៅឡើយ។
តាមាន់ធំ គឺជាប្រាសាទបុរាណរបស់ខ្មែរមួយដែលស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចពីទីរួមខេត្តឧត្តរមានជ័យ។
បច្ចុប្បន្ន ប្រាសាទមួយនេះមិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលទៅទស្សនាទេ ដោយសារតែវាមានទីតាំងនៅលើខ្នងភ្នំដងរែក ជាប់ព្រំដែនខ្មែរ-ថៃ ដែលកងទ័ពនៃប្រទេសទាំងពីរធ្លាប់មានជម្លោះប្រដាប់អាវុធក្នុងរឿងព្រំដែនជាមួយគ្នា។
យូរៗម្ដងទើបគេឃើញមានក្រុមនិស្សិត អ្នកស្រាវជ្រាវបរទេស និងប្រជាពលរដ្ឋមកពីតំបន់ឆ្ងាយៗ នាំគ្នាឡើងទៅលេងនៅប្រាសាទនោះម្ដង។
ស្ត្រីម្នាក់មកពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបាននាំកូនស្រីៗ និងចៅតូចៗខ្លះទៅទស្សនាប្រាសាទតាមាន់ធំនោះ គឺលោកស្រី សុខ សារ៉េត។ លោកស្រីមានប្រសាសន៍ថា រូបគាត់មានកូនប្រុសម្នាក់ធ្វើទាហាន ហើយប្រចាំនៅការពារតំបន់ប្រាសាទនេះ។ គាត់បានមកលេងកូនប្រុសរបស់គាត់ ហើយក៏ឆ្លៀតឡើងទៅលេងប្រាសាទតាមាន់ធំ តែម្ដង។
លោកស្រី សុខ សារ៉េត ឲ្យដឹងថា នេះគឺជាលើកដំបូងដែលគាត់បានមកឃើញប្រាសាទបុរាណខ្មែរតាមាន់ធំនៅលើខ្នងភ្នំដងរែក៖ «ចង់មកឲ្យស្គាល់ថាប្រាសាទនេះនៅកន្លែងណា ខ្ញុំចង់ស្គាល់ព្រៃ ស្គាល់ព្រំដែនផង។ ពេលខ្ញុំឃើញប្រាសាទតាមាន់ធំ នៅក្នុងព្រៃដូច្នេះ មានអារម្មណ៍ថាសោកសង្រេង»។
ប្រាសាទតាមាន់ធំដែលកសាងឡើងអំពីថ្មភក់ មានរបងធ្វើពីថ្មបាយក្រៀម នៅលើផ្ទៃដីទំហំ ៦០ម៉ែត្របួនជ្រុង គឺមានអាយុកាលជាង ១.០០០ឆ្នាំហើយ។
បច្ចុប្បន្ន ជារៀងរាល់ថ្ងៃនៅជុំវិញបរិវេណប្រាសាទ និងក្នុងប្រាសាទ គឺមានទាហានខ្មែរ និងថៃ តែងចូលយាមប្រចាំការពារព្រំដែនជាមួយគ្នាចាប់តាំងពីព្រឹករហូតដល់យប់។ ដោយសារតែប្រាសាទនេះមានវត្តមានទាហានខ្មែរ និងថៃ នៅយាមកាមជាប្រចាំនោះ ជាហេតុធ្វើឲ្យភ្ញៀវទេសចរភាគច្រើនមិនសូវចូលទៅលេងកម្សាន្តទេ ពីព្រោះគេខ្លាចជម្លោះប្រដាប់អាវុធអាចកើតឡើងនៅពេលណាមួយ។
ទាហានខ្មែរម្នាក់ដែលប្រចាំការពារប្រាសាទតាមាន់ធំ លោក យិន យ៉េក មានប្រសាសន៍ថា ជាធម្មតាមិនសូវសម្បូរភ្ញៀវឡើងទៅលេងប្រាសាទតាមាន់ធំទេ ប៉ុន្តែនៅរដូវចូលឆ្នាំ ឬក៏ភ្ជុំបិណ្ឌជាដើម ទើបសម្បូរអ្នកទៅលេង ដោយមានទាំងប្រជាពលរដ្ឋខ្មែរផង និងថៃ ផង។ ទាហានដដែលបញ្ជាក់ថា នៅពេលធម្មតា គឺយូរៗទើបឃើញមានប្រជាពលរដ្ឋមួយក្រុមនាំគ្នាឡើងទៅមើលប្រាសាទតាមាន់ធំម្ដង ដោយអ្នកខ្លះមកលេង និងខ្លះទៀតទៅបែរបន់ផ្នែកជំនឿសាសនាជាដើម។
លោក យិន យ៉េក បញ្ជាក់ថា ក្នុងនាមលោកជាកងទ័ព លោកចង់ឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ និងមន្ទីរទេសចរណ៍ រៀបចំអភិវឌ្ឍប្រាសាទតាមាន់ធំនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានទៅលេងមានចំនួនច្រើនជារៀងរាល់ថ្ងៃ៖ «ឥឡូវចំនួនភ្ញៀវមកលេងដូចជាស្រកជាងមុន ពីមុនមានមកច្រើន។ ខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋមកលេងឲ្យបានច្រើន អត់អីទេ»។
ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០០៨ ក្នុងពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារ គឺតំបន់ប្រាសាទតាមាន់ធំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ជាតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ជាហេតុធ្វើឲ្យមានវត្តមានកងទ័ពទាំងសងខាងបន្តរាយបណ្ដាក់នៅទីនោះរហូតមកដល់បច្ចុប្បន្ន។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ឲ្យដឹងថា បច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរដែលទៅលេងប្រាសាទតាមាន់ធំ គឺមានប្រហែលពី ៥០នាក់ទៅ ១០០នាក់ក្នុងមួយខែៗ។
ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ អ្នកស្រី ធិន នីមុន្នីរស្មី មានប្រសាសន៍ថា មន្ទីរទេសចរណ៍បានសម្លឹងឃើញសក្ដានុពលរបស់ប្រាសាទតាមាន់ធំ ថាអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាបានច្រើន ក៏ប៉ុន្តែបច្ចុប្បន្ន មន្ទីរទេសចរណ៍មិនទាន់អាចចូលទៅរៀបចំអភិវឌ្ឍផ្នែកទេសចរណ៍បានទេ ពីព្រោះតែតំបន់នោះនៅជាចំណុចជម្លោះព្រំដែនរវាងខ្មែរ-ថៃ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពខ្មែរ និងថៃ នៅឡើយ។
អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់ទៀតថា ដោយសារតែប្រាសាទតាមាន់ធំ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាននៅឡើយនោះ មិនសូវសម្បូរភ្ញៀវឡើងទៅទស្សនាទេ ពីព្រោះតែកងទ័ពនៅមានកំណត់ពេលវេលាឲ្យចេញចូល ហើយអ្នកទេសចរខ្លះមិនហ៊ានទៅផង។ ទោះជាយ៉ាងណា ប្រធានមន្ទីរទេសចរណ៍ដដែលឲ្យដឹងថា គេបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់អភិវឌ្ឍប្រាសាទតាមាន់ធំ ក្នុងពេលអនាគត ដូចជារៀបចំសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ និងផែនទីជាដើម៖ «ចំពោះជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់នោះ យើងមិនទាន់អាចធ្វើបាននៅឡើយ ប៉ុន្តែយើងមានទិសដៅអនាគត គឺយើងនឹងអភិវឌ្ឍតំបន់នោះឲ្យបានស្អាត»។
ប្រាសាទតាមាន់ធំ កសាងឡើងនៅចន្លោះឆ្នាំ១០០២ ទៅឆ្នាំ១០៦៦ នៃគ្រិស្ដសករាជ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យាទិត្យវរ្ម័នទី២។ ប្រាសាទនេះនៅចម្ងាយប្រមាណជា ២គីឡូម៉ែត្រពីប្រាសាទតាមាន់តូច ប៉ុន្តែបច្ចុប្បន្ន ប្រាសាទតាមាន់តូច បានស្ថិតនៅក្នុងទឹកដីថៃ ទៅហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment