Thursday, 6 April 2017

ស្នាដៃ​គួរ​ឲ្យ​សាកសម​នឹង​កិត្តិយស!


Khmer Circle: This is yet another one of those shoddy legacies Xamdaach Ta has left for his "beloved Khmer people"! There's actually more to this farce and royal folly than meets the eye. But, we'll leave this matter to readers to reflect upon in their own good time. Especially, now that School of Vice is abducted by the unfriendly aliens yet again...

ស្នាដៃ​គួរ​ឲ្យ​សាកសម​នឹង​កិត្តិយស!

ដោយ ហេង ឧត្តម ចុះផ្សាយ​នៅ​ថ្ងៃ 06/04/2017
rfi



នៅ​ក្នុង​សង្គម​មួយ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ លុយ ​និង អំណាច គឺមនុស្ស​តែ​ង​តែ​ស្រឡាញ់​កេរ្តិ៍​ឈ្មោះ​មុខ​មាត់​ តំណែង និង​តួ​នាទី។ ទន្ទឹម​នេះ មិន​ខ្វះ​ទេ ឋានៈ​កិត្តិយស និង​គោរមងារយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​ដែល​គេ​ស្ទើរ​តែ​មិន​អាច​រាប់​អស់​។ ទោះ​យ៉ាង​នេះ​ក្តី សច្ចភាព​ពិត​នៃ​គោរមងារ​កិត្តិយសនោះ​ ​អាច​នឹង​សក្តិសម​ទៅបាន គឺ​អាស្រ័យ​ទៅ​នឹងការ​កសាង​ស្នាដៃ​ផង​ដែរ​។ សូម​ស្តាប់ការ​សាកល្បង​បទវិភាគ​របស់​ ហេង ឧត្តម​ ៖​

តាំង​តែ​ពី​បុរាណ​កាល​មក មនុស្ស​ខ្មែរ​ច្រើន​និយម​ប្រើ​គោរមងារ​ សម្រាប់​សម្គាល់​ហៅ​ កវី បណ្ឌិត អ្នក​ប្រាជ្ញ​ មេទ័ព និង​ព្រះរាជា ដែល​ខ្លាំង​ពូកែ។ ទន្ទឹម​នេះ អ្នក​ជំនាញ​ខាង​អក្សរសាស្ត្រ មន្ត​វិជ្ជាការ ​អ្នក​ប្រសប់​ខាង​ស្ថាបត្យ​កម្ម ឬ​ខាង​វប្បធម៌​ជា​ដើម គឺ​សុទ្ធ​តែ​មាន​គោរមងារ​ ឬ​ឈ្មោះ​ពិសេស​ណា​មួយ​ សក្តិ​សម​នឹង​ទេព​កោសល្យ​និង​ជំនាញ​ របស់​បុគ្គល​នោះ រៀង​រហូត​ត​មក​។



ការ​ផ្តល់​គោរមងារ​នេះ មិន​ត្រឹម​តែ​ពេល​មនុស្ស​នៅរស់​ទេ រហូត​ដល់​ពេល​ធ្វើ​មរណកាលទៅ​ហើយ​ ក៏​មាន​ងារ​ថ្មី​ផ្សេង​ សម្រាប់​ហៅ​ថែម​ទៀត​ផង។ ថែម​ពី​នេះ លក្ខណៈ​នៃ​ការ​ឲ្យ​គោរមងារ​ ជា​កិត្តិយស​នេះ​សោត​ គឺ​មិន​ចាំ​បាច់​ទាល់​តែ​មាន​អ្នក​ធំ ឬ​ឥស្សរជន​ណា​ប្រទាន​ផ្តល់​ងារ​ឲ្យ​នោះទេ​ គឺ​មហាជន​ទូទៅ​ គេ​កោត​ស្ញប់​ស្ញែង​​និង​និយម​ហៅ​តៗ​គ្នា​ ក៏​ជាប់​ងារ​រហូត​រៀង​ទៅ ក៏​មាន​ដែរ​។

ចំណែក​ឯ​ មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ ការ​និយម​ប្រើ​គោរម​ងារ ក៏​នៅតែ​មាន​បន្ត​ដែរ និង​រឹង​រឹត​តែ​សម្បូរ​ឡើង​ៗ​ថែម​ទៀត​។  ក៏​ប៉ុន្តែ​គេ​ច្រើន​តែ​សង្កេត​ឃើញ​បែប​ប្លែក​ពី​គ្រា​បុរាណ​បន្តិច​។ ប្លែក​នៅ​ត្រង់​ថា សព្វ​ថ្ងៃ​នេះ​ ​គោរមងារ​ជា​កិត្តិយស ភាគ​ច្រើន​ ត្រូវ​តែ​បំពាក់​និង​ផ្តល់​ឲ្យ​ ពី​សំណាក់​អ្នក​ធំ​ណា​ម្នាក់ ឬ​ស្ថាប័ន​ណា​មួយ ដែល​ខំ​រក​នឹក​បង្កើត​ពាក្យ​ឲ្យ​សម្បើម​ ដើម្បី​សាក​សម​ជា​កិត្តិយស ​សម្រាប់​បំពាក់​ដល់​បុគ្គល​នីមួយៗ​។ គឺ​វា​ពុំ​សូវ​ជា​កើត​ចេញ​ពី​ការ​និយម​ហៅ​តៗ​គ្នា ពី​សំណាក់​មហាជន​ ដូច​ពី​អតីតកាល​នោះ​ឡើយ​។​

ការ​ប្លែក​ខុស​ពី​បុរាណ​ម្យ៉ាង​ទៀត! ​បុគ្គល​ខ្លះ គឺ​ចង់​បាន​តែ​ឈ្មោះ​កិត្តិយស​ធំ​ដុំ សម្រាប់​មាន​មុខ​មាន​មាត់​ ក្នុង​ការ​រកស៊ី​ធ្វើ​អាជីវកម្ម​ ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​!​ រហូត​ដល់​អ្នក​ខ្លះ ថែម​ទាំងហ៊ាន​យក​លុយ​ទាំង​ដុល​ទៅ​ទិញ​ងារ ទិញ​សក្តិយស​ផង!​ ទាំង​នេះ គឺ​វា​ដូច​អ្វី​ដែល​គេ​បាន​ដឹង​ឮ​ក្នុង​សង្គម​ជាក់​ស្តែង​ស្រាប់។

ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត!​ អ្នក​ដែល​មាន​គោរមងារ​ហើយ​ គឺ​ចេះតែ​ទុំ​ជោរ​នឹង​លោក​ធម៌ ហើយ​និង​ចេះ​តែ​ចង់​បង្ខំ​ឲ្យ​គេ​ឯង​ហៅ​ងារ​របស់​ខ្លួន ហើយ​បើ​គេ​មិន​សរសេរ​ឬ​ហៅ​តាម ក៏​ហាក់​បែរ ជា​មិន​សប្បាយ​ចិត្ត​ទៅ​ទៀត​។

ប្រសិន​បើ​ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋភាព​ត្រួសៗ​ទាំង​នេះ គឺ​ គោរមងារ​កិត្តិយស ដែល​មាន​ត្រឹម​តែ​ជា​ឈ្មោះ​ គឺ​ជា​ការ​នាំ​ឲ្យ​ទំយើ​បុគ្គល​សុទ្ធ​សាធ។ ទន្ទឹម​នេះ វា​ក៏​អាច​នាំ​ឲ្យ​បន្ទាប​បន្ថោក​តម្លៃ​ចំពោះ​ងារ​នោះ​ទៅ​វិញ​ទេ ប្រសិន​បើ​គោរម​ងារ​នោះ មិន​សាក​សម​នឹង​បុគ្គល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​នឹង​នាំ​ឲ្យ​អាប់​ឱន​ទាំង​អ្នក​ផ្តល់​ងារ​ឲ្យ​ទៀត​ផង។

ដូច្នេះ​ហើយ ទើប​សាធារណៈ​ជន​ខ្មែរ​ជា​ទូទៅ​ គេ​ច្រើន​និយាយ​ថា ស្នាដៃ​គួរ​សម្បើម​ឲ្យ​សាក​សម​នឹង​កិត្តិយស! ការ​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​សាច់​ការ​ជាក់​ស្តែង​ គឺ​កាន់​តែ​លើក​មុខ​លើក​កិត្តិយស យ៉ាង​ពិត​ប្រាកដ​។​ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ខ្លះ គឺ​មិន​សូវ​ជា​មាន​ចេញ​មុខចេញ​មាត់​ទេ​ តែ​បាន​កសាង​ស្នាដៃ​ជាក់​ស្តែង​ពិត​ប្រាកដ សក្តិសម​ជាទី​គោរព​កោត​ស្ងប់​ស្ងែង ហើយ​ចំពោះ​អ្នក​ដែល​បាន​ដឹងឮ និង​ឃើញ​ទង្វើ​ល្អ​ទាំង​នោះ ពួក​គេ​ច្បាស់​ជា​ កោត​សរសើរ​និង​ឲ្យ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ទំនង​ជា​ថ្លៃ​លើស​ពី គោរម​ងារ ខាង​ក្រៅ​ផង​ ក៏​អាច​ថាបាន​។​

ដូច្នេះ ដើម្បី​ឲ្យ​ ឋានៈ​គោរមងារ​ក្នុង​សង្គម​ខ្មែរ​ វា​កាន់​តែ​សក្តិសម​នឹង​បុគ្គល​ដែល​គួរ​ទទួល​បាន គឺ​ងារ​គួរ​តែ​ឲ្យ​សាក​សម​នឹង​ទេពកោសល្យ ចំណេះ​ ជំនាញ និង​ការ​ផ្តល់​ទុក​កេរ​ស្នាដៃ ជា​ប្រយោជន៍​ជាតិ ដ៏​ពិត​ប្រាកដ។ ជា​ការ​ពិត ការ​ដែល​បុគ្គល​មួយ​រូប មាន​ងារ​ជា​កិត្តិយស គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ និង​សម្តែង​ការ​ដឹង​គុណូបការៈ​ចំពោះ​បុគ្គល​នោះ និង​គ្រួសារ​របស់​គេ​។ ថែម​ពី​នេះ​ ក៏​ជា​ការ​បង្ហាញ​គំរូ​ល្អ​ក្នុង​សង្គម និង​បង្ហាញ​ទៅ​មនុស្ស​ជាន់​ក្រោយ​ ឲ្យ​នាំ​ខំ​ធ្វើ​អំពើ​ល្អ បម្រើ​កសាង​ប្រយោជន៍​ជាតិ​ ដោយ​យក​គំរូ​តាម​ជន​រូប​នោះ​ផង​ដែរ។

ក៏​ប៉ុន្តែ គោរមងារ ជា​កិត្តិយស គួរ​តែ​មិន​ត្រូវ​ផ្តល់​ឲ្យ ​ដោយសារ​អំណាច​ទឹក​ប្រាក់ និង​បក្ស​ពួក​និយម​នោះ​ឡើយ​!​ ដ្បិត​ថា  វា​ទំនង​ជា​អាច​នឹង​ធ្វើ​ឲ្យ​សាប​រលាប​តម្លៃ​ទៅ​វិញ​ទេ​។​  សួរ​ថា តើ​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ថា​បុគ្គល​ណា​សក្តិសម​នឹង​ទទួល​ងារ​អ្វី? គឺ​មាន​តែ​មហាជន​ទេ ទើប​ជា​អ្នក​វាយ​តម្លៃ​ កាត់​សេច​ក្តី ហើយ​ក៏​និយម​ហៅ​តែ​រៀង​ខ្លួនៗ​ទៅ​ចុះ៕

No comments: