Tuesday, 4 April 2017
លោក ជា មុនី គ្មានជំនឿលើក្រុមការងារថ្មីស៊ើបអង្កេតករណីឃាតកម្មបងប្រុសលោក
ដោយ រាជ វិញ្ញូ
2017-04-03
ពិធីដាក់កម្រងផ្ការំឭកខួប ១៣ឆ្នាំ វិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ RFA/Rach Vingur
ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ដែលអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤ នៅតែចាត់ទុកការស៊ើបអង្កេតរកឃាតកពិតដែលសម្លាប់បងប្រុសរបស់លោក ថាជារឿងអត់ប្រយោជន៍។ លោករិះគន់រដ្ឋាភិបាលថា គ្មានឆន្ទៈពិតដើម្បីបញ្ចប់សំណុំរឿងឃាតកម្មមួយនេះដោយយុត្តិធម៌ទេ។ ការលើកឡើងនេះ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បង្កើតក្រុមការងារថ្មីមួយដើម្បីស៊ើបអង្កេតករណីឃាតកម្មលើលោក ជា វិជ្ជា។
លោក ជា មុនី អះអាងថា សំណុំរឿងឃាតកម្មលើបងប្រុសលោក គឺលោក ជា វិជ្ជា ដែលបានកន្លងទៅជាង ១៣ឆ្នាំ ក៏មិនទាន់រកឃើញឃាតកពិតនោះ គឺក្លាយទៅជាផ្អូមជូរបាត់ទៅហើយ រីឯការបង្កើតក្រុមការងារថ្មីមួយទៀតរបស់រដ្ឋាភិបាលដើម្បីស៊ើបអង្កេតករណីឃាតកម្មនេះ គឺគ្រាន់តែចង់បង្ហាញប្រាប់ពលរដ្ឋថា រដ្ឋាភិបាលប្រឹងប្រែងណាស់ និងមិនទុកឲ្យលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្លាប់ទាំងអយុត្តិធម៌ឡើយ។
លោក ជា មុនី យល់ថា ការបង្កើតក្រុមការងារថ្មីស៊ើបអង្កេតសំណុំរឿងឃាតកម្ម ដែលលោកប្រដូចថាជូរផ្អូមរហូតមានរុយរោមបែបនេះ គឺគ្មានប្រយោជន៍នោះទេ ព្រោះការស្លាប់របស់លោក ជា វិជ្ជា រួមទាំងលោក ឈុត វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន និងលោក កែម ឡី ព្រមទាំងសំណុំរឿងគប់គ្រាប់បែកសម្លាប់មនុស្ស ១៦នាក់ក្នុងឆ្នាំ១៩៩៧ ជាដើម គឺពលរដ្ឋដឹងឮហើយ ថានរណាជាឃាតក ហើយតើរដ្ឋាភិបាលមានឆន្ទៈដើម្បីចាត់វិធានការស៊ើបអង្កេតចាប់ឃាតកដែរឬទេ។ លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យប៉ះពាល់ដល់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគេសង្កេតឃើញថា អាជ្ញាធរនឹងចាប់បញ្ជូនខ្លួនអ្នកទាំងនោះចូលក្នុងពន្ធនាគារបានភ្លាមៗ៖ «គ្រាន់តែលោក ហេង ពៅ (អតីតស្នងការក្រុងភ្នំពេញ) ស្រែកថា គាត់នឹងបង្ហាញថា អ្នកណាជាអ្នកបាញ់សម្លាប់លោក ជា វិជ្ជា និងអ្នកណាជាអ្នកនៅពីក្រោយខ្នង នៅពេលដែលគេយកគាត់មកសវនាការនៅតុលាការកំពូល អត់ឃើញ បិទបាំងរហូត ប៉ូលិសដាក់បារ៉ាស់មិនឲ្យអ្នកសារព័ត៌មានទៅជួប ហេង ពៅ មិនបានផង! អ៊ីចឹងខ្ញុំឲ្យខ្ញុំមានជំនឿថាក្រសួងមហាផ្ទៃ ដុតដៃដុតជើង ខ្ញុំអត់មានជំនឿអីបន្តិចទេ»។
ប្អូនប្រុសលោក ជា វិជ្ជា ដដែលបន្តថា មូលហេតុដែលលោកមិនជឿលើការស៊ើបអង្កេតរបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលមិនដែលធ្វើឲ្យចេញជាលទ្ធផលស៊ើបអង្កេតម្ដងណាឡើយ ដើម្បីបង្ហាញអំពីភស្តុតាង និងឃាតកសង្ស័យដែលសម្លាប់លោក ជា មុនី។
សារព័ត៌មានភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៣ មេសា បានចុះផ្សាយថា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន កាលពីថ្ងៃទី២៧ មីនា បានបង្កើតក្រុមការងារស្រាវជ្រាវថ្មីមួយទៀតដែលមានសមាជិក ១១នាក់ ដើម្បីស៊ើបអង្កេតរកឃាតក អ្នកសមគំនិត និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងសំណុំរឿងឃាតកម្មលើអតីតមេដឹកនាំសហជីព ដូចជាលោក ជា វិជ្ជា លោក រស់ វណ្ណារ៉េត និងលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់ក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៧។
ការបង្កើតក្រុមការងារថ្មីនេះ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសមួយ ដែលបង្កើតឡើងដោយស្នាដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីស្វែងរកឃាតកសម្លាប់លោក ជា វិជ្ជា នោះ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញតម្រុយណាមួយពីការស៊ើបអង្កេតឡើយ។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីមន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ ជុំវិញការបង្កើតក្រុមការងារស៊ើបអង្កេតថ្មីរបស់អគ្គស្នងការនគរបាលជាតិបានទេនៅថ្ងៃទី៣ មេសា នេះ ព្រោះទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា លោកទើបទទួលបានដំណឹងនេះដែរ បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេសកាលពីល្ងាចថ្ងៃទី២ មេសា។ បើទោះជាយ៉ាងណា លោក ខៀវ សុភ័គ អះអាងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញបញ្ជាមិនឲ្យបិទសំណុំរឿងណាដែលមិនទាន់រកឃើញជនល្មើសឡើយ។
លោក ជា វិជ្ជា ត្រូវបានគេចាត់ទុកថាជាមេដឹកនាំសហជីពដ៏ក្លាហាន ហ៊ានពុះពារដើម្បីផលប្រយោជន៍ជូនកម្មករ ប៉ុន្តែលោកត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា បន្ទាប់ពីករណីឃាតកម្មជាបន្តបន្ទាប់លើមេដឹកនាំសហជីព ជាពិសេសករណីឃាតកម្មលើលោក ជា វិជ្ជា បានធ្វើឲ្យសហគមន៍អន្តរជាតិដែលអនុញ្ញាតឲ្យមានការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការស្វែងរកឃាតក។ រហូតដល់ឆ្នាំ២០១៥ ទើបរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស ប៉ុន្តែលោកថាមកដល់ពេលនេះ គួរណាស់តែអាចរកឃើញអ្នកពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មនោះ៖ «ដែលគួរណាស់តែបង្កើន និងជំរុញ ដើម្បីស្វែងរកឃាតក ឬអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោស ដើម្បីផ្ដល់ទំនុកចិត្តដល់ពួកគេ (សហគមន៍អន្តរជាតិ)។ យើងមិនអាចធ្វើអីឲ្យគ្រាន់តែមាន ប៉ុន្តែមិនទាន់រកឃើញនោះ»។
សមត្ថកិច្ចធ្លាប់បានចាប់មនុស្ស ២នាក់ដែលត្រូវគេចាត់ទុកថាជាឃាតកសិប្បនិម្មិត ដោយកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ដើម្បីបង្វែរពីការស្វែងរកឃាតកពិត និងដើម្បីឲ្យសាធារណជនស្ងប់ចិត្ត។ ប៉ុន្តែក្រោយមក អ្នកទាំងពីរត្រូវបានតុលាការកំពូលដោះលែងវិញ និងទុកសំណុំរឿងនេះឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតឡើងវិញ។
លោក អំ សំអាត បន្តថា នៅពេលរដ្ឋាភិបាលប្រើប្រាស់ពេលវេលាយូរ ហើយនៅតែមិនអាចរកឃើញឃាតកដែលបាញ់សម្លាប់មេសហជីពបែបនេះ គឺត្រឹមតែធ្វើឲ្យរដ្ឋាភិបាលកាន់តែរងការរិះគន់ និងបង្ហាញអំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមទេ ប៉ុន្តែក៏ធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងសម្រាប់អ្នកដឹកនាំសហជីពដទៃទៀតដែរ។
ចំណែកលោក ជា មុនី វិញយល់ថា ឃាតកពិតដែលបានបាញ់សម្លាប់បងប្រុសលោក គឺអាចរកឃើញ ប្រសិនបើការស៊ើបអង្កេតនោះធ្វើឡើងដោយមានភ្នាក់ងារអន្តរជាតិចូលរួម ដូចអង្គការលីកាដូ (LICADHO) អង្គការអាដហុក (ADHOC) និងមកពីស្ថានទូតសហរដ្ឋអាមេរិក ព្រមទាំងប្រទេសស៊ុយអែត ជាដើម៕
Subscribe to:
Post Comments (Atom)
1 comment:
With this autocratic regime, to get justice, we must make ultimate sacrifice.
Sacrificing our life for a just cause is a noble thing to do.
Post a Comment