ដោយ យាង សុជាមេត្តា
2017-04-15
អង្ករចេញពីម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនមួយនៅក្នុងខេត្តបាត់ដំបង។
Photo: RFA
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចផ្ដល់អង្ករចំនួន ២៥០តោន ដល់កម្ពុជា នៅក្នុងឆ្នាំ២០១៧ តាមរយៈក្របខ័ណ្ឌនៃទំនាក់ទំនងកូរ៉េខាងត្បូង និងសមាគមអាស៊ាន (ASEAN)។
សារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ ប៊ីស៊ីនិស កូរ៉េ (Businesskorea) បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្ដល់អង្ករទៅឲ្យប្រទេសចំនួន២ នៅក្នុងសមាគមអាស៊ាន គឺប្រទេសកម្ពុជា ចំនួន ២៥០តោន និងប្រទេសមីយ៉ាន់ម៉ា (Myanmar) ចំនួន ៥០០តោន។
សារព័ត៌មានដដែលបានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង លោក គឹម ជេ សូ (Kim Jae-soo) ដែលបានថ្លែងថា លេខាធិការដ្ឋានបម្រុងទុកអង្ករសម្រាប់គ្រាអាសន្នអាស៊ានបូក៣ ឬហៅកាត់ថា APTERR បានទទួលយកផែនការរដ្ឋាភិបាលកូរ៉េខាងត្បូង រួចហើយកាលពីថ្ងៃទី១១ ខែមេសា។
APTERR គឺជាផែនការបម្រុងទុកអង្ករអន្តរជាតិដែលប្រទេសជាសមាជិកទាំង ១០ របស់សមាគមអាស៊ាន កូរ៉េខាងត្បូង ចិន និងជប៉ុន បានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៣ ដើម្បីរួមគ្នាឆ្លើយតបទៅនឹងគ្រោះអាសន្ន ដូចជាវិបត្តិខ្វះស្បៀងនៅក្នុងតំបន់។
ទោះជាយ៉ាងណា អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែមេសា ដោយទូរស័ព្ទចូលមិនមានអ្នកលើក។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីដាំដុះស្រូវជាង ៣,៣លាន (៣.៣៧០.៣៨៩) ហិកតារ ហើយនៅឆ្នាំដដែល កម្ពុជាក៏បាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសបានជាង ៥សែនតោនផងដែរ៕
1 comment:
Ey Kor Yab Maless !! Srok Dam Srov Heuy Kwas Srov Si !! Lmorm Ngorp Heuy !!
Ros Deum Bey Ey Beu Pleu Yang Niss !!
Post a Comment