Monday, 10 April 2017

ទាហាន​ឡាវ​សង់​ប៉ុស្តិ៍​ថ្មី​មួយ​ទៀត​នៅ​តំបន់​មិន​ទាន់​ឯកភាព​កំណត់​បង្គោល​ព្រំដែន


ដោយ ម៉ែន សុធីរ
2017-04-10


យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided



អាជ្ញាធរ​ឡាវ បាន​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ទៀត​ឋិត​នៅ​តំបន់​ដែល​ពុំ​ទាន់​វាស់វែង​កំណត់​បង្គោល​ព្រំដែន​ជា​ផ្លូវការ នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ នគរបាល​ព្រំដែន​កម្ពុជា ចាត់​ទុក​ការ​សង់​ប៉ុស្តិ៍​ព្រំដែន​របស់​យោធា​ឡាវ បំពាន​ស្មារតី​កិច្ច​ប្រជុំ​រវាង​យោធា​ប្រទេស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ឯកភាព​គ្នា​ហាម​មិន​ឲ្យ​បន្ថែម​កងទ័ព​តាម​ព្រំដែន និង​ហាម​មិន​ឲ្យ​សាងសង់​សំណង់​នៅ​តំបន់​នោះ​ទេ ដោយ​រង់ចាំ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ជា​មុន​សិន។



នគរបាល​ការពារ​ព្រំដែន ថ្លែង​នៅ​ថ្ងៃ​ទី​១០ មេសា ថា ទាហាន​ឡាវ បាន​កសាង​ប៉ុស្តិ៍​ព្រំដែន​ប្រក់​ស័ង្កសី​ទទឹង ៥​ម៉ែត្រ បណ្តោយ ៦​ម៉ែត្រ នៅ​ចំណុច​ឆ្ងាយ​ពី​ដើម​ល្វា ១០០​ម៉ែត្រ នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ មេសា។ ក្រោយ​ពី​សាងសង់​ប៉ុស្តិ៍​រួច អាជ្ញាធរ​ឡាវ បាន​បញ្ជូន​នគរបាល​ព្រំដែន​ឈរ​ជើង​នៅ​តំបន់​នោះ។

នគរបាល​ការពារ​ព្រំដែន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មេសា ថា យោធា​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ឲ្យ​ភាគី​ឡាវ ដក​ទ័ព​ចេញ​ពី​ព្រំដែន ពោល​គឺ​ដក​ពី​ចំណុច​ដើម​ល្វា។ ចំណុច​ដើម​ល្វា គឺ​ជា​ចំណុច​ដែល​ឡាវ ទាមទារ​បង្គោល​ព្រំដែន​ផ្អែក​តាម​ផែនទី​ដែល​ឡាវ បាន​គូស​ជា​ឯកតោ​ភាគី។ លោក​ថា កន្លង​ទៅ យោធា​ឡាវ បាន​សង់​ប៉ុស្តិ៍​នៅ​ចំណុច​ដើម​ល្វា តែ​យោធា​កម្ពុជា បាន​ចុះ​ហាមឃាត់ ដោយ​ត្រូវ​រង់ចាំ​ថ្នាក់​លើ​ដោះស្រាយ​ជា​មុន​សិន ហើយ​ភាគី​ឡាវ បាន​ផ្អាក​សាងសង់​មួយ​រយៈពេល។ តែ​រហូត​ដល់​ថ្ងៃ​ទី​៦ មេសា យោធា​ឡាវ បាន​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​ទៀត​ឆ្ងាយ​ពី​ដើម​ល្វា ១០០​ម៉ែត្រ ជាប់​មាត់​ទន្លេ។ នៅ​តំបន់​នោះ គឺ​ជា​ច្រក​ព្រំដែន​ទ្វេ​ភាគី ដែល​ភាគី​កម្ពុជា បាន​ហាម​មិន​ឲ្យ​ប្រទេស​ទាំង​ពីរ​បញ្ជូន​កម្លាំង​ទ័ព​ដាច់ខាត តែ​ឡាវ បាន​សំណូមពរ​កម្ពុជា ថា​ចង់​បញ្ជូន​ទាហាន​ឈរ​ជើង​នៅ​តំបន់​នោះ តែ​កម្ពុជា បដិសេធ​ដោយ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​លើ​សិន៖ «អា​ឈើ​ដែល​ថ្ងៃ​ទី​១០ ហ្នឹង នៅ​ពេល​ម៉ោង ១០ គឺ​វា​យក​ឈើ​មក​កាប់​សាងសង់​តែ​ខ្មែរ​ឲ្យ​រុះរើ វា​រុះរើ​ហើយ តែ​វា​រុះរើ​កន្លែង​ដើម​ល្វា តែ​វា​ធ្វើ​ចម្ងាយ​ពី​ដើម​ល្វា​ទៅ ១០០​ម៉ែត្រ។ វា​ប្រក់​ដំបូល តែ​មិន​ទាន់​វ៉ៃ​ជញ្ជាំង និង​ក្ដារ»។

បុរស​ដដែល​បន្ត​ថា នៅ​ចំណុច​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នោះ គឺ​ជា​តំបន់​ដែល​ពុំ​ទាន់​មាន​ការ​វាស់វែង​កំណត់​បង្គោល​ព្រំដែន​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ឋិត​ក្នុង​អ័ក្ស​ព្រំដែន​លេខ​០៣១។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧ យោធា​ប្រទេស​ទាំង​ពីរ​ប្រជុំ​រួម​មួយ និង​បាន​ឯកភាព​គ្នា​លើ​យន្តការ​មួយ​ចំនួន​រួម​មាន ហាម​មិន​ឲ្យ​បញ្ជូន​កម្លាំង​ទ័ព​តាម​ព្រំដែន និង​ហាម​មិន​ឲ្យ​សង់​ប៉ុស្តិ៍​នៅ​តំបន់​នោះ។ យោធា​កម្ពុជា ដឹកនាំ​ដោយ​មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង លោក ស្វាយ ញ៉ន បាន​សំណូមពរ​ឲ្យ​ឡាវ ដក​ទ័ព​ពី​ព្រំដែន និង​ហាម​មិន​ឲ្យ​សង់​ប៉ុស្តិ៍​នៅ​តំបន់​នោះ ដរាប​ណា​គណៈកម្មការ​ចម្រុះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ព្រមព្រៀង​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ។ ចំណែក​ភាគី​ឡាវ បាន​ទទួល​យក​សំណូមពរ​របស់​កម្ពុជា។

ព្រំដែន ឡាវ ៨៥៥ ២០១៦
តំបន់​ចម្រូងចម្រាស​ដែល​ឡាវ បាន​ចាក់​គ្រឹះ​ដើម្បី​សាងសង់​ប៉ុស្តិ៍​ព្រំដែន ឋិត​នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២១ មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr RFA/Men Sothyr


មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បដិសេធ​អធិប្បាយ​ករណី​នេះ​នៅ​ថ្ងៃ​ទី​១០ មេសា ដោយ​បញ្ជាក់​ថា កំពុង​ជាប់​ប្រជុំ។ ក៏ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ឡាវ បញ្ជូន​កម្លាំង​តាម​ព្រំដែន​ឋិត​នៅ​ទឹក​ដី​របស់​ឡាវ ជា​សិទ្ធិ​របស់​ឡាវ ក៏ប៉ុន្តែ​បើ​ដាក់​ទ័ព​ឈរ​ជើង​លើ​ដី​ខ្មែរ​ជា​រឿង​មួយ​ផ្សេង​ទៀត។ លោក​បញ្ជាក់​ថា កន្លង​ទៅ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហាម​មិន​ឲ្យ​មាន​ការ​កសាង​សំណង់​រឹង​នៅ​តំបន់​ពុំ​ទាន់​បោះ​បង្គោល គឺ​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣១ រណប​០៣៣៖ «ឥឡូវ​គាត់​ចង់​ដឹក​ខ្សាច់​មក​ធ្វើ​ឡើង​វិញ ដោយ​ដឹក​ខ្សាច់​ចង់​ប៉ុស្តិ៍​ឡើង​វិញ»។

កាល​ពី​ដើម​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ ចំណែក​ឡាវ បាន​ផ្អាក​ការ​សាងសង់​មួយ​រយៈពេល ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ ឡាវ បាន​ស្ថាបនា​ផ្លូវ​ចូល​តំបន់​នោះ ពោល​គឺ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ដុងក្រឡ​ចាស់ បំណង​ដឹក​សម្ភារ​សាងសង់​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​នោះ​ជា​ថ្មី​ទៀត ហើយ​ភាគី​កម្ពុជា បាន​ផ្តល់​ដំណឹង​ទៅ​ថ្នាក់​ជាតិ​រួច​ហើយ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្លាប់​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។ លោក​ថា ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ត្រូវ​អនុលោម​តាម​បទដ្ឋាន​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ផែនទី ព្រម​ទាំង​មាន​ការ​ព្រមព្រៀង​ដោយ​ភាគី​សងខាង​ជាដើម។

លើស​ពី​នេះ ការ​បោះ​បង្គោល​ថ្មី​នៅ​តំបន់​នោះ​ផ្អែក​តាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន របស់​បារាំង ហើយ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បោះ​បង្គោល​សម្រេច​បាន ៨៤​ភាគរយ ហើយ​នៅ​សល់​ជាង ១០​ភាគរយ កំពុង​ប្រទាញប្រទង់​គ្នា និង​រាំងស្ទះ​ច្រើន​ឆ្នាំ​មក​ហើយ៖ «កន្លែង​ហ្នឹង​នៅ​ពុំ​ទាន់​ឯកភាព​គ្នា​រឿង​ខ្សែ​ព្រំដែន ដូច្នេះ​ហើយ​បាន​ជា​មាន​បញ្ហា។ កុំ​គិត​ថា​រដ្ឋាភិបាល​មិន​ចង់​បោះ (បង្គោល) យើង​ចង់​បោះ​ណាស់​ហើយ តែ​បោះ​វា​មិន​កើត យើង​គ្មាន​យក​កម្លាំង​បោះ​ជាមួយ​យើង​ទេ ទាល់​តែ​គេ​ឯកភាព​គ្នា វា​បញ្ហា​ត្រង់​ហ្នឹង។ តែ​សុំ​ឲ្យ​យល់​ផង មិន​មែន​មិន​ចង់​បោះ​ទេ តែ​ពុំ​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​ខ្សែ​ព្រំដែន​នៅ​តំបន់​នោះ»។

កាល​ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៣ មេសា អាជ្ញាធរ​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ បាន​បិទ​ច្រក​នៅ​តំបន់​នោះ​អស់​រយៈពេល ២​ថ្ងៃ ដើម្បី​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចេញ​ចូល​ដី​ឡាវ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ធូរស្រាល​ដោយសារ​មាន​ការ​ចរចា​រវាង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ មេ​ដឹកនាំ​កម្ពុជា-ឡាវ បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ និង​ដាក់​ទិសដៅ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ។ ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​ស្នើ​ដល់​ប្រទេស​ឡាវ សហការ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ សាមគ្គីភាព គ្រប់​កិច្ចការ​នានា​ឲ្យ​ចប់​សព្វគ្រប់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា កម្ពុជា មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទាក់ទិន​ការ​គ្រប់គ្រង​តាម​ព្រំដែន។ បញ្ហា​នេះ គឺ​ជា​មេ​រៀន​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ផ្នែក​បច្ចេកទេស និង​ការ​ចរចា​គ្នា​ឲ្យ​ដាច់ស្រេច ហើយ​អាច​ក្លាយ​ជា​របៀបវារៈ​នៃ​ការ​ចរចា​កម្រិត​នយោបាយ ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ផ្អែក​លើ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ៖ «មេ​រៀន​ជាច្រើន​ទាំងអស់​នេះ នឹង​អាច​បង្ហាញ និង​អាច​ឲ្យ​កម្ពុជា មាន​នូវ​ការ​បង្កើត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​តំបន់​ស ជាពិសេស​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន។ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ក្នុង​ការ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ពី​ភាគី​កម្ពុជា»។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕

1 comment:

Anonymous said...

Those Laos soldiers are secret Yuon/Vietnamese agents hiding in Laos military armies. Vietnamese communist maser-minded killers in Hanoi have all kinds of dirty and deadly plans to make Laos and Cambodian people and armies dislike each others. Vietnam and Vietnamese folks and leaders are very bad and disgusted to these days.