Wednesday, 5 April 2017
សាលាខេត្តស្ទឹងត្រែង៖មកដល់ពេលនេះ ទាហានឡាវមិនទាន់ឲ្យពលរដ្ឋឆ្លងកាត់ច្រកទ្វារអូរស្វាយនៅឡើយ
ដោយ វណ្ណ សុគន្ធា 05/04/2017 05/04/2017
rfi
យោធាកម្ពុជា-ឡាវនៅតំបន់ព្រំដែនស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានជួបចរចារគ្នា
មកដល់ពេលនេះ ទាហានឡាវមិនទាន់អនុញ្ញាតឲ្យពលរដ្ឋទាំងសងខាងឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្វាយ ឫឡាវហៅថា វ៉ឺនខាម នោះទេ បន្ទាប់ពីពួកគេបានបិទតាំងពីថ្ងៃទី២ មេសាមក។ នេះបើតាមលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះ។
លោកម៉ែន គង់ បានគូសបញ្ជាក់ប្រាប់ថា នៅពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងតែទាមទារឲ្យភាគីឡាវបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុនៃការបិទច្រកព្រំដែនមិនឲ្យប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បែបនេះ។ ក៏ប៉ុន្តែភាគីឡាវ មិនទាន់មានការឆ្លើយតបនៅឡើយទេ។ លើសពីនេះទៅទៀត ខាងភាគីកម្ពុជា ក៏បានស្នើឲ្យមានការជួបពិភាក្សាគ្នាជាមួយឡាវ ដើម្បីស្វែងដំណោះស្រាយផងដែរ តែភាគីឡាវក៏មិនបានឆ្លើយតបទៅទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកម៉ែន គង់។
ការបិទច្រកព្រំដែននេះ បានកើតឡើងកាលពីថ្ងៃទី២ ខែមេសាចុងសប្តាហ៍មុន បន្ទាប់ពីភាគីឡាវ បានបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើននាក់មកកាន់តំបន់ព្រំដែនទល់មុខនឹងកងកម្លាំងកម្ពុជានៅចំណុចឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែងដែលបង្កឲ្យមានភាពតានតឹងបន្តិចនៅពេលនោះ។ បើតាមអាជ្ញាធរខ្មែរ ភាគីឡាវបានបញ្ជូនកងទ័ពចំនួនបីឡាន ដោយមួយឡានមានកងទ័ពពី៣០ ទៅ៤០នាក់ឯណេះ។
ថ្វីបើភាពតានតឹនមិនបានអូសបន្លាយយូរយ៉ាងណាក៏ដោយ ប៉ុន្តែមិនដល់ពេលនេះទៅហើយ លោកម៉ែន គង់ បានបង្ហាញឲ្យដឹងថា ភាគីឡាវនៅមិនទាន់ឲ្យពលរដ្ឋទាំងសងខាងឆ្លងកាត់ព្រំដែនដូចសព្វមួយដងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ បើតាមលោកម៉ែន គង់ ច្រកទ្វារអូរស្វាយនេះ គ្រាន់តែច្រកឧបសម្ព័ន្ធមួយប៉ុណ្ណោះ មិនមែនជាច្រកទ្វារធំផ្លូវការនៅក្នុងខេត្តស្ទឹងត្រែងឡើយ។
គួរជំរាបជូនថា ដើមចមដែលបង្កឲ្យមានភាពតានតឹងរហូតឈានដល់ការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា និងឡាវនេះ គឺដំបូងឡើយ ដោយសារតែភាគីឡាវបានសង់ប៉ុស្តិ៍នៅចំណុចដុងក្រឡចាស់ ដែលមិនទាន់បានកំណត់បង្គោលព្រំដែននៅឡើយ ហើយថែមទាំងមិនបានជូនដំណឹងមកដល់ភាគីកម្ពុជាទៀត។ ប្រឈមមុខនឹងបញ្ហានេះ ទាហានកម្ពុជានៅចំណុចព្រំដែននោះ ក៏បានសង់ប៉ុស្តិ៍មួយនៅក្នុងទឹកដីកម្ពុជាដែរ ប៉ុន្តែត្រូវទាហានឡាវចុះមកហាមឃាត់ដោយចោទថា ការសាងសង់នេះបានរំលោភចូលទៅក្នុងទឹកដីឡាវ។ យ៉ាងណាក៏ដោយ នៅពេលនេះ ភាគីឡាវមិនបានបន្ថែមទាហានរបស់ខ្លួននោះទេ គឺគ្រាន់តែមានការបង្កើនការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។ នេះបើតាមលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង៕
Subscribe to:
Post Comments (Atom)
1 comment:
Laos soldiers must be secret Yuon/Vietnamese agents in Laos government because Laos has been completely and secretly controlled by evil Yuon/Vietnamese communist leaders in Hanoi.
Post a Comment