Khmer Circle: Khmer people should know better by now than to sidestep Angka Leu!...
>>>
ដោយ ហេង ឧត្តម 05/04/2017 05/04/2017
រូបថតតំណាង៖ លោកកឹម សុខា ថ្លែងក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំខេត្តកណ្ដាលកាលពីថ្ងៃទី០៩ ខែកក្កដា
@Kem Sokha
នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានបដិសេធបេក្ខភាពអនុប្រធានថ្មីទាំងបីនាក់របស់បក្សសង្គ្រោះជាតិ! ភ្លាមៗ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់និងជាអនុប្រធានរបស់បក្សសង្គ្រោះជាតិផង បានប្រតិកម្មថា បើទោះបីអ្នកជំនាញច្បាប់របស់បក្សសង្គ្រោះជាតិ ខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏មិនត្រូវចិត្តរបស់ក្រសួងមហាផ្ទៃដែរ។ ដូច្នេះលោក សុំឲ្យក្រសួងមហាផ្ទៃឲ្យយោបល់តែម្តងមក ថាតើបក្សប្រឆាំង គួរតែធ្វើដូចម្តេចបានត្រូវ?
ក្រៅពីទទួលយកការលុបពាក្យស្លោក និងយល់ព្រមទទួលស្គាល់លោក កឹម សុខា ជាប្រធានថ្មី របស់បក្សសង្គ្រោះជាតិ, ប៉ុន្តែក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗថា មិនទទួលស្គាល់បេក្ខភាពអនុប្រធានថ្មីទាំងបីនាក់របស់បក្សសង្គ្រោះជាតិនោះទេ។ ព្រោះថា ការជ្រើសតាំងលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង តាមរយៈសមាជវិសាមញ្ញ នៅថ្ងៃទី២មីនានោះ គឺវាមិនស្របទៅតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដោយសារតែការជ្រើសតាំងនេះ ហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃ ដែលលោក សម រង្ស៊ី បានលាលែងចេញពីប្រធានបក្ស។
ភ្លាមៗក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់និងជាអនុប្រធានថ្មីម្នាក់របស់បក្សសង្គ្រោះជាតិ ហាក់ដូចជាទល់តម្រិះ និងបាននិយាយចាក់បណ្តោយតែម្តងថា បើទោះបីអ្នកជំនាញចេះច្បាប់ជ្រៅជ្រះរបស់បក្សសង្គ្រោះជាតិ ខិតខំប្រឹងធ្វើត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មិនត្រូវចិត្តរបសក្រសួងមហាផ្ទៃនោះដែរ។ ហេតុដូច្នេះហើយ លោក អេង ឆៃអ៊ាង សុំឲ្យយោបល់ពីក្រសួងមហាផ្ទៃមកតែម្តង ថាតើបក្សប្រឆាំង គួរតែត្រូវយ៉ាងដូចម្តេចបានត្រូវ?
ទន្ទឹមនេះ លោក អេង ឆៃអ៊ាង បានអះអាងឡើងវិញ ថា ការជ្រើសរើសក្បាលម៉ាស៊ីនរបស់បក្សខ្លួន គឺ ត្រឹមត្រូវហើយ ពោលគឺមុនរយៈពេល៣០ថ្ងៃ ដែលលោក សម រង្ស៊ី លាលែងពីតំណែង។ ក៏ប៉ុន្តែ រួចបន្តិចមក លោក អេង ឆៃអ៊ាង ហាក់ដូចជាខ្ជិលចង់ពន្យល់អ្វីច្រើនទៀត ដោយលោកលើកឡើងថា កុំឲ្យស្មុគស្មាញអ្វីតទៅទៀត សុំឲ្យក្រសួងមហាផ្ទៃប្រាប់តែម្តងទៅ ថាតើបក្សសង្គ្រោះជាតិ ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យត្រឹមត្រូវ។ ព្រោះលោកដឹងថា បើបក្សប្រឆាំងធ្វើយ៉ាងម៉េច ក៏គង់តែខុសដែរ។
សូមរម្លឹកជូនថា នៅថ្ងៃអាទិត្យទី២មេសាកន្លងទៅនេះ គណបក្សសង្រ្គោះជាតិ បានកោះប្រជុំគណកម្មាធិការនាយក និងបានសម្រេច ជាបន្ទាន់ លុបចោលពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” តែបក្សប្រឆាំង នៅតែរក្សាចំនួនអ្នកដឹកនាំក្បាលម៉ាស៊ីនទាំងបួនរូបរបស់ខ្លួនឲ្យនៅដដែល។
ការកោះប្រជុំនិងសម្រេចដូច្នេះ គឺក្រោយពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមីនា បានស្នើឲ្យគណបក្សប្រឆាំង ដកចេញនូវចំណងជើង “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ដែលមានចែងនៅក្នុងគោលនយោបាយអាទិភាព៥ចំណុចរបស់បក្ស សម្រាប់យុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ។ ក្រសួងមហាផ្ទៃចាត់ទុកថាចំណងជើងនេះមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ រួមទាំងច្បាប់មួយចំនួនទៀត។ ក៏ប៉ុន្តែ នៅទីបំផុត ក្រសួងមហាផ្ទៃ បែរជានៅតែពុំព្រមទទួលស្គាល់បេក្ខភាពអនុប្រធានទាំង៣នាក់របស់បក្សប្រឆាំងដដែល៕
No comments:
Post a Comment