Sunday, 2 April 2017

បក្ស​ប្រឆាំង ​លុប​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​” ប៉ុន្តែ​សម្រេច​​រក្សាចំនួន​​ក្បាល​ម៉ាស៊ីន​នៅ​ដដែល​!​


ដោយ ហេង ឧត្តម 02/04/2017 02/04/2017

rfi
media
ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​
@Kem-Sokha-page



​ថ្ងៃនេះ គណបក្ស​សង្រ្គោះ​ជាតិ​ បាន​កោះ​ប្រជុំ​គ្នា​ និងសម្រេច​​លុប​ចោល​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​”។ ការ​សម្រេច​លុប​ចោល​ជា​បន្ទាន់​នេះ គឺ​បន្ទាប់​ពីក្រសួង​មហា​ផ្ទៃ ​យល់ឃើញថា វា​ខុស​​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ ក៏ប៉ុន្តែ​ បក្ស​ប្រឆាំង ​នៅតែ​​​រក្សាចំនួន​អ្នក​ដឹក​នាំ​​ក្បាល​ម៉ាស៊ីនរបស់​ខ្លួន​ឲ្យ​នៅ​ដដែល។  

នេះ​គឺជា​ការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវ​លុប​ពាក្យ​ស្លោក “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ចាប់ពី​ពេ​លនេះ​តទៅ​។ ពាក្យ​ស្លោក​នេះ បាន​ត្រូវ​ដាក់​ចេញតាមរយៈអង្គ​​​សមាជ​វិសាមញ្ញ​កាលពី​ដើម​ខែ​មីនា និង​ដែល​ត្រូវ​បក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​មេឃុំ​ជាច្រើននាក់​ សម្តែង​ការ​មិ​ន​ពេញ​ចេញ​ ហើយ​លើស​ពី​នេះ បក្ស​កាន់អំណាច ថែម​ទាំង​បាន​ត្រៀម​ប្តឹង​ផ្តល់​ចំពោះ​បក្ស​ប្រឆាំង​ឡើង​តុលាការ​ទៀត​ផ​ង​​។



អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក ​យ៉ែម បុញ្ញឫទ្ធិ​ បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ RFI ​ថា បក្ស​ប្រឆាំង​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ជា​ផ្លូវ​ការ​ពីលុប​ពាក្យ​ស្លោក​នេះរួច​ហើយ​ ហើយ​បក្ស​សង្គ្រោះជាតិ​ នឹង​សរសេរ​លិខិត​ផ្លូវ​ការ​ ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ​ថែមទៀត។ ទន្ទឹមង​នេះ លោក ​យ៉ែម បុញ្ញឫទ្ធិ​ សង្ឃឹមទៀតថា បន្ទាប់​ពីការ​លុប​ពាក្យ​ស្លោក​នេះ​ចោល គឺ​នឹង​លែង​មាន​បញ្ហា​​ចម្រូង​ចម្រាស់​ជាមួយ​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។

តាម​សេ​ចក្តីពន្យល់​របស់​លោក ​យ៉ែម បុញ្ញឫទ្ធិ​, បើ​ទោះបី​ជា​សម្រេច​លុប​ ពាក្យស្លោក “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ទៅហើយ​ក្តី, បើ​នៅ​តែ​មាន​អ្នក​ប្រើ​ត​ទៀត នោះ​គឺ​គេ​ត្រូវ​ចែក​ឲ្យ​ដា​ច់​ពី​រូប​វន្ត​បុគ្គល ​ និង​នីតិបុគ្គល ។ មាន​សេចក្តី​ថា មនុស្ស​ម្នាក់ៗ ទទូទៅ ឬ​អ្នក​គាំទ្រ​ ជាលក្ខណៈ​ឯកជន គឺជា​សិទ្ធិ​និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់​នោះ ពោល​គឺមិន​មែន​ជា​ជំហរឬជាការណែនាំ​​របស់​បក្ស​ដែល​ជា​នីតិ​បុគ្គល​នោះទេ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ។

គួរ​រម្លឹ​កជូនថា  ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ​ បាន​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង ដកចេញ​នូវ​ចំណង​ជើង “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អាទិភាព​៥ចំណុច​របស់​បក្ស​ សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​នេះ។ ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា​ចំណង​ជើង​នេះ​មាន​ខ្លឹម​សារ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តី​ពី​គណបក្សនយោបាយ រួម​ទាំង​ច្បាប់​មួយ​ចំនួន​ទៀត​។ ក៏​ប៉ុន្តែ​ អ្ន​កវិភាគ​នយោបាយ​និង​សង្គម មួយ​ចំនួន យល់​​ឃើញ​ថា នេះ​គឺជា​ហេតុផល​នយោបាយ ច្រើន​ជាង​ហេតុ​ផល​នៃស្មារតី​ច្បាប់​។​

​យ៉ាង​ណា​ក៏ដោយ ការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​ ​គណបក្ស​សង្រ្គោះ​ជាតិ គឺគ្រាន់តែ​លុប​ពាក្យ​ស្លោកតែប៉ុណ្ណោះ ប៉ុន្តែ​នៅ​តែ​រក្សា​តំណែង​ក្បាល​ម៉ាស៊ីន​បក្ស​ឲ្យ​នៅ​ដដែល គឺ​លោក កឹម សុខា ជា​ប្រធាន អម​ដោយ​​អនុប្រធានបី​រូប គឺលោក ប៉ុល ហំម, លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង៕

No comments: