Wednesday, 3 May 2017

អាជ្ញាធរ​ខេត្ត​កោះកុង​បញ្ជា​ឲ្យ​ដក​រូប​ថត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៥​នាក់​ចេញ​ពី​ខេត្ត​កោះកុង


ដោយ វ៉ា សំណព្វ 02/05/2017 02/05/2017

media
កម្លាំង​នគរបាល​ខេត្ត​កោះកុង ​ចុះ​ទៅ​បក​ផ្ទាំង​ប៉ាណូ ​ស្តីពី ​យុទ្ធនាការ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(Adhoc)​ នៅ​ថ្ងៃ​ទី ​០២​ឧសភា ​ឆ្នាំ​២០១៧​។​
@Facebook


អាជ្ញាធរ​​ខេត្ត​​កោះកុង ​នៅ​​ព្រឹក​​ថ្ងៃ​ទី ​០២​​ ឧសភា​​នេះ ​បាន​​ដើរ​​ទម្លាក់ ​បដា ​ឬ​​ផ្ទាំង​​ប៉ាណូ ​ដែល​​មាន​​បិទ​​រូបថត​​របស់​​អ្នក​​ការពារ​​សិទ្ធិ​​មនុស្ស ​៥​នាក់​ ចេញ​​ពី​​មុខ​​ទី​ស្នាក់​ការ​​របស់​​អង្គការ​​សិទ្ធិ​មនុស្ស​​អាដហុក​, ​លីកាដូ ​និង​​អង្គការ​​មាតា​​ធម្មជាតិ ​ដោយ​​អះអាង​​ថា ការ​បិទ​​​បដា​​ទាំង​​​នោះ ​​មិន​​បាន​​សុំ​​ច្បាប់​​អាជ្ញាធរ​​នោះ​​ទេ​។​​ សូម​​បញ្ជាក់​​ថា ​ដើម្បី​​តស៊ូ​​មតិ​​សុំ​​ឲ្យ​​មាន​​ការ​​ដោះ​​លែង​​អ្នក​​ការពារ​​សិទ្ធិ​​មនុស្ស​​ទាំង ​៥​​នាក់ ​អង្គការ​​ចំនួន ​៥០​​នៅ​​កម្ពុជា ​បាន​​ធ្វើ​​យុទ្ធនាការ​​ជំរុញ​​ឲ្យ​​មាន​​ការ​​ដោះ​​លែង​​ពួក​​គេ ​ដោយ​​ការ​​តាំង​​រូប​ថត​​របស់​​អ្នក​​ការពារ​​សិទ្ធិ​​មនុស្ស​​ទាំង ​៥​​នាក់ ​នៅ​​មុខ​​ទី​​ស្នាក់​​ការ​​រៀងៗ​​ខ្លួន ​ចាប់​​តាំង​​ពី​​មាន​​ការ​​ចាប់​​ខ្លួន​​កាល​​ពី​​ខែ​​មេសា​​ឆ្នាំ ​២០១៦​​មក​។



អាជ្ញាធរ​ខេត្ត​កោះកុង បាន​អះអាង​ថា ការ​បិទ​រូប​ថត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៥​នាក់​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ធ្វើ​ឡើង​ដោយ​មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​ជា​មុន​នោះ​ទេ។ ដូច្នេះ​ជា​វិធាន​ការ ​របស់​អាជ្ញាធរ​បាន​សម្រេច​ដើរ​ដក​ផ្ទាំង​ប៉ាណូ ឬ​បដា ដែល​មាន​បិទ​រូប​ថត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់​ចេញ​ពី​ទី​កន្លែង​សាធារណៈ និង​ទី​ស្នាក់ការ​របស់​អង្គការ​ចំនួន ៣​នៅ​ថ្ងៃ​​នេះ រួម​មាន សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក, អង្គការ​លីកាដូ និង​ទី​ស្នាក់​ការ​របស់​អង្គការ​​ចលនា​មាតា​ធម្មជាតិ ប្រចាំ​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ។ ស្នង​ការ​នគរបាល​ខេត្ត​​កោះកុង លោក សំ ឃាតវៀន បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​ដាក់​តាំង​រូប​ថត​ទាំង​នោះ មាន​​ការ​សុំ​ច្បាប់​អាជ្ញាធរ​ហើយ​ឬ​នៅ? ហើយ​ថា តើ​ករណី​នេះ​កើត​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត​កោះកុង​ឬ​យ៉ាង​ណា?

សូម​បញ្ជាក់​ថា នៅ​វេលាម៉ោង ១០​ព្រឹក ថ្ងៃ​ទី ២​ឧសភា​នេះ កង​កម្លាំង​នគរបាល ៤​នាក់​មក​ពី​ប៉ុស្តិ៍​​នគរបាល​សង្កាត់​ស្មាច់មានជ័យ ក្នុង​ខណ្ឌ​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ដើរ​ដក​ផ្ទាំង​ប៉ាណូ ​ដែល​មាន​បិទ​រូប​ថត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤នាក់ រួម​មាន លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ងដា លោកស្រី លឹម មុនី រួម​ទាំង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និង​ជា​អតីត​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក ចេញ​ពី​ទី​ស្នាក់ការ​របស់​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក, ​ទី​ស្នាក់​ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​ចលនា​មាតា​ធម្មជាតិ ដោយ​បាន​លើក​ហេតុ​ផល​ថា មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​ជា​មុន។ ប៉ុន្តែ លោក ញៀប សំអឿន មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង​បាន​លើក​ឡើង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​លឿន​ពេក ដែល​មិន​អាច​ធ្វើ​ឲ្យ​ក្រុម​ការងារ​របស់​លោក​​ត្រៀម​​ខ្លួន​ជា​មុន ខណៈ​ដែល​អាជ្ញាធរ​ទើប​តែ​បាន​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​ទៅ​បំភ្លឺ​នោះ។ លោក សំអឿន បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត​កោះកុង​ថា ជា​ការ​បំពាន​សិទ្ធិ​មក​លើ​អង្គភាព​របស់​លោក ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​មហាផ្ទៃ និង​បំពាន​លើ​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ និង​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់។

គួរ​ជំរាប​ជូន​ថា អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥០​នៅ​កម្ពុជា បាន​ផ្តើម​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ ដោយ​​បិទ​បដា ឬ​ផ្ទាំង​ប៉ាណូ ដែល​មាន​រូបថត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ ៥​នាក់ នៅ​មុខ​ទី​ស្នាក់​ការ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ។ លោក ញៀប សំអឿន បាន​កត់​សំគាល់​ថា មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណៈ​ជន ទៅ​លើ​ផ្ទាំង​ប៉ាណូ​ទាំង​នោះ។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២​ឧសភា​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ បាន​ជាប់​ពន្ធនាគារ​​ព្រៃ​ស អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ ហើយ​កាល​ពី​ថ្ងៃ​ទី ២៨​មេសា​កន្លង​ទៅ​នេះ ​ពួក​គេ​ទើប​តែ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ពន្យា​ពេល​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈ​ពេល​ ៦​ខែ​ទៀត បើ​ទោះ​បី​ជា​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ៕

1 comment:

Anonymous said...

Those body guards can be a secret Yuon/Vietnamese agents or spies and also can be dumb Khmer/Cambodian bastards who always focus on money or getting paid to survive. These guys are not aware of the every deadly secret and hidden Yuon/Vietnamese agents/spies among them. You can see that why they were ordered to tear or take down the banners of Human Rights.

Hun Sen and his Khmer supporters will be sorry when Cambodia and Cambodian people are stuck in the hands of Vietnamese/Yuon agents hiding inside Vietnamese-Installed CPP regime