ដោយ ស៊ុន មេសា 05/05/2017 05/05/2017
គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអនុប្រធាននៅសប្តាហ៍ទី ៣នៃខែឧសភា
@Kem Sokha Facebook
ក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍នេះ បានទទួលស្គាល់លក្ខន្តិកៈគណបក្សសង្គ្រោះជាតិថ្មីដែលទើបតែធ្វើវិសោធនកម្មកាលពីថ្ងៃទី ២៥មេសាខែមុននេះ។ ទន្ទឹមនឹងនេះ គណបក្សនឹងសម្រេចជ្រើសរើសក្បាលម៉ាស៊ីនអនុប្រធានទាំងបីនៅសប្តាហ៍ទី ៣ខែឧសភាដើម្បីរៀបចំឱ្យរួចរាល់សម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនៅមិនដល់ ១ខែទៀតនោះ។
លោកអេង ឆៃអ៊ាង បេក្ខជនអនុប្រធានគណបក្សបានបញ្ជាក់ថាការជ្រើសរើសក្បាលម៉ាស៊ីនអនុប្រធានទាំងបីឱ្យបានមុនថ្ងៃទី ២០ឧសភាដែលជាថ្ងៃចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ សូមបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនទាន់មានអនុប្រធានគណបក្សជាផ្លូវការណ៍ឡើយទេបើទោះបីជាគណបក្សធ្លាប់បានជ្រើសរើសអនុប្រធានម្តងរួចមកហើយកាលពីថ្ងៃទី ២ មីនា។ ប៉ុន្តែការជ្រើសរើសនេះគឺបានផ្ទុយទៅនឹងលក្ខន្តិកៈដែលបានតម្កល់ក្នុងក្រសួងមហាផ្ទៃ ទើបតែថ្ងៃទី ០៣ ខែឧសភា នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតទទួលស្គាល់ និងសុំតម្កល់លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលធ្វើវិសោធនកម្មកាលពីថ្ងៃទី ២៥ ខែមេសា។
បើតាមការបញ្ជាក់ពីគណបក្សសង្គ្រោះជាតិ គណបក្សនៅតែបន្តរក្សាជំហរឱ្យមានប្រធាន ១រូប និងអនុប្រធានចំនួន ៣នាក់ដដែល។ បេក្ខភាពទាំងបីគឺ លោកអេង ឆៃអ៊ាង លោកស្រីមូរ សុខហួរ និងលោកប៉ុល ហំមដែលត្រូវបានគណៈកម្មាធិការនាយកគណបក្សបានសម្រេចដោយសំឡេងភាគស្ទើរតែជាឯកច្ឆន្ទ។ លោកអេង ឆៃអ៊ាង បានលើកឡើងពីហេតុផលនៃការភាពមមាញឹករបស់ថ្នាក់ដឹកនាំគណបក្សដែលពុំទាន់អាចជ្រើសរើសក្បាលម៉ាស៊ីនឱ្យបានឆាប់រហ័សដោយពេលនេះ លោកកឹម សុខាដែលជាប្រធានគណបក្សកំពុងធ្វើដំណើរនៅសហរដ្ឋអាមេរិក និងកិច្ចការរវល់មួយចំនួនផ្សេងទៀតរបស់សមាជិកជាន់ខ្ពស់ជាដើម។ លោកបានបន្តទៀតថា ការជ្រើសរើសយកសប្តាហ៍ទី ៣ ឱ្យបានមុនថ្ងៃ ២០ ឧសភានេះ គឺដើម្បីសម្របខ្លួនទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃដែលតម្រូវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ត្រូវបញ្ចប់នីតិវិធីរៀបចំទាំងអស់ឱ្យបានមុនថ្ងៃទី ០៤ ខែមិថុនាខាងមុខ៕
No comments:
Post a Comment