12 ឧសភា 2017
សុខ ខេមរា

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលការពិនិត្យជំងឺ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី។ (រូបថតពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
«ប៉ុន្តែអ្វីមួយដែលយើងព្រួយបារម្ភខ្លាចមែនទែននោះគឺស្ថាប័នជាតិយើងមិនទាន់ឯករាជ្យ តុលាការយោធា នៅមានបក្សពួកចូលក្នុងគណបក្សឃោសនាអីទៅ រឿងហ្នឹងជាប្រធានបទ ដែលធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកវិនិយោគគាត់ព្រួយបារម្ភ។ ខ្ញុំគិតថា មិនមែនជាបញ្ហាអីធ្ងន់ធ្ងរទេ តែនៅតែជាបញ្ហាប្រថុយមួយធ្វើឲ្យអ្នកវិនិយោគនិងប្រជាពលរដ្ឋមិនស្ងប់ចិត្ត»។
ភ្នំពេញ —
ការពិភាក្សាផ្លូវច្បាប់ខ្លះៗនិងដោយប្រយ័ត្នប្រយែងបានកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺមួយរយៈពេលខ្លីកាលពីសប្តាហ៍មុន ជាពិសេសទៅលើផ្លូវច្បាប់ទាក់ទងនឹងអវត្តមានរយៈពេលខ្លីនិងជាអចិន្ត្រៃយ៍របស់នាយករដ្ឋមន្ត្រី។ គេបានសម្លឹងពីការប្រែប្រួលមិនច្បាស់លាស់ក្នុងប្រទេសកម្ពុជា ប្រសិនបើនាយករដ្ឋមន្ត្រីអវត្តមានពីប្រទេសរយៈពេលយូរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ខែឧសភាដើម្បីព្យាបាលជំងឺជាបន្ទាន់ ដែលបានកើតឡើងពីការហត់នឿយខ្លាំង។ នេះបើតាមទំព័រ Facebook របស់លោកដែលបានផ្សាយព័ត៌មានស្តីពីការសម្រាកពិនិត្យជំងឺដោយមានការភ្ជាប់មកជាមួយនូវរូបថតមួយចំនួន ហើយលោកបានរងនូវពាក្យប្រមាថមួយចំនួនពីក្រុមមនុស្សដែលមិនចូលចិត្តលោកផងដែរ។ លោកបានប្រកាសពីការខឹងសម្បារចំពោះការប្រមាថដល់ជីវិតលោក ដែលគេមើលទៅហាក់ដូចជាបន្ថែមទម្ងន់ទៅក្រុមប្រឆាំង។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានថ្លែងថា រឿងនេះ ជារឿងពិបាកនឹងមានការនិយាយជាចំហ ដោយសារជារឿងរសើបរបស់គណបក្សប្រជាជនកម្ពុជា តែលោកថាបើមើលរចនាសម្ព័ន្ធរបស់រដ្ឋមិនរញ៉េរញ៉ៃខ្លាំងទេ នៅពេលនាយករដ្ឋមន្ត្រីអវត្តមានរយៈពេលខ្លី។
លោកថ្លែងប្រាប់ VOA ថា៖
«ជាទូទៅនៅពេលនាយករដ្ឋមន្ត្រីគាត់នៅក្រៅប្រទេស គឺឧបនាយករដ្ឋមន្ត្រី មានច្រើនតែឧបនាយករដ្ឋមន្ត្រីដែលច្រើនតែក្លាយទៅជានាយករដ្ឋមន្ត្រីស្តីទី គឺសម្តេច ស ខេង។ អញ្ចឹង បើបញ្ហាហ្នឹងចំពោះខ្ញុំបើរយៈពេលខ្លីមិនជាបញ្ហាទេ មិនជាបញ្ហាធ្ងន់ធ្ងរទេ»។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពនយោបាយនៅមុខពន្ធនាគារព្រៃស កាលពីថ្ងៃ ០៨ ខែធ្នូ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
លោក វីរៈ បានបន្តពីក្តីខ្វល់ខ្វាយរបស់លោកថា៖
«ប៉ុន្តែអ្វីមួយដែលយើងព្រួយបារម្ភខ្លាចមែនទែននោះគឺស្ថាប័នជាតិយើងមិនទាន់ឯករាជ្យ តុលាការយោធា នៅមានបក្សពួកចូលក្នុងគណបក្សឃោសនាអីទៅ រឿងហ្នឹងជាប្រធានបទ ដែលធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកវិនិយោគគាត់ព្រួយបារម្ភ។ ខ្ញុំគិតថា មិនមែនជាបញ្ហាអីធ្ងន់ធ្ងរទេ តែនៅតែជាបញ្ហាប្រថុយមួយធ្វើឲ្យអ្នកវិនិយោគនិងប្រជាពលរដ្ឋមិនស្ងប់ចិត្ត»។
បើតាមការអះអាងរបស់លោក មាស នី អ្នកស្រាវជ្រាវនិងអ្នកវិភាគនយោបាយនៅកម្ពុជាបានបញ្ជាក់ប្រាប់ VOA ថា នៅក្នុងប្រទេសកម្ពុជាមានការដឹកនាំតាមរបៀបមនោសញ្ចេតនា។ លោកថា មន្ត្រីក្រោមឱវាទមិនហ៊ានធ្វើកិច្ចការ ខ្លាចទទួលរងការស្តីបន្ទោស ហើយពេលធ្វើកិច្ចការខុស ខ្លាចប៉ះពាល់ដល់តួនាទីខ្លួន។
អ្នកស្រាវជ្រាវរូបនេះពន្យល់ថា៖
«ហើយយើងក៏ធ្លាប់ឃើញហើយ នៅពេលខ្លះមានមន្ត្រីខ្លះបានទទួលការស្តីបន្ទោសតិះដៀល នៅកណ្តាលអង្គប្រជុំក៏មានដែរ ប្រជុំធំ សូម្បីតែមានការផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ពលរដ្ឋដឹងក៏យើងឃើញថាវាមានករណីបែបហ្នឹងកើតឡើង។ អញ្ចឹងកាលណាករណីបែបហ្នឹងកើតឡើងជាញឹកញាប់មិនថា គេមិនថាយើងទេក៏ដូចជាមន្ត្រីជាន់ខ្ពស់ទាំងអស់ដែរ មាននរណាហ៊ានធ្វើការផ្តួចផ្តើមគំនិតឬសម្រេចអ្វីមួយនៅពេលដែលនាយករដ្ឋមន្ត្រីមិនបាននៅក្នុងស្រុក។ នេះវាជាការវិវត្តនៃធម្មជាតិមួយរបស់ប្រពៃណីនៃដំណើរការរដ្ឋបាលរបស់ប្រទេសយើង»។

រូបឯកសារ៖ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម។ (លឹម សុធី/VOA)
លោកបានថ្លែងថា នៅពេលអំណាចនៅប្រមូលផ្តុំ ហើយស្ថាប័នជាតិគ្មានភាពរ៉ឹងមាំនោះនឹង នាំមកនូវផលវិបាកច្រើន។
«អញ្ចឹងវាទី១ អ្នកដែលរងគ្រោះហើយទទួលបន្ទុកធ្ងន់ជាងគេហ្នឹងគឺសម្តេចនាយកខ្លួនឯង។ គាត់ត្រូវទទួលការងារច្រើនណាស់ ដែលសម្តេចជានាយករដ្ឋមន្ត្រីគួរតែទុកពេលឲ្យគាត់បានច្រើនតិច សម្រាប់គិតកិច្ចការផ្សេងៗទៀតជាងកិច្ចការផ្ទៃក្នុង។ ហើយទី២ទៀត វាធ្វើឲ្យប្រព័ន្ធរដ្ឋទាំងមូលមិនអាចដើរលឿនតាមទាន់គេ បើអ្វីៗត្រូវនៅចាំអ្នកធំសិន បើអ្នកធំមក បានហ៊ានធ្វើ បានហ៊ានសម្រេច បានហ៊ានអនុវត្តបន្តទៅទៀត»។
បើតាមលោក សេបាស្ទៀន ស្ត្រែនចូ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជាជារបស់លោកហ៊ុន សែន» (Hun Sen’s Cambodia) បានទទួលស្គាល់អំពីអំណាចដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានកសាងជិត៤ទសវត្សរ៍នេះ។
លោកបានថ្លែងប្រាប់ VOA នៅក្នុងខ្លឹមសារដើមតាមអ៊ីមែលថា៖
«បញ្ហាក្នុងប្រទេសកម្ពុជាគឺថា គ្មានស្ថាប័នដ៏គួរឲ្យទុកចិត្តសម្រាប់ឲ្យប្រទេសពឹងពាក់បាន ពេលលោក ហ៊ុន សែន ត្រូវបង្ខំភ្លាមៗឲ្យចេញដោយសារសុខភាពទ្រុឌទ្រោម។ ចាប់តាំងពីដើមទសវត្សរ៍១៩៩០មក លោកនាយករដ្ឋមន្ត្រីបានពង្រឹងអំណាចយ៉ាងខ្លាំងក្លា ដោយបានធានាទំនាក់ទំនងផ្ទាល់ខ្លួន ឲ្យមានប្រៀបលើស្ថាប័ននានា»។
លោក Strangio បានបន្ថែមថា ការប៉ុនប៉ងផ្ទេរអំណាចវិញកុំថាឡើយ ផ្ទេរទៅកាន់រដ្ឋាភិបាលនៃគណបក្សជំទាស់ដែលជារឿងមិនអាចគិតដល់បច្ចុប្បន្ននេះ ទោះជាផ្ទេរអំណាចដល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាក៏គេមិនអាចសុបិន្តដែរ។
អ្នកវិភាគរូបនេះពន្យល់ថា៖
«វាជារឿងដ៏លំបាកក្នុងការរកបានមនុស្សដែលមានសមត្ថភាពក្នុងពេលបច្ចុប្បន្ននេះ ដោយគ្មានការសង្ស័យនោះគឺថា ទោះបីជាឥស្សរជនជាច្រើនក្នុងជួរកងទ័ពនិងក្នុងគណបក្សអាចយល់សប្តិ៍ខ្លួនឯងហើយ ក្នុងការប៉ុនប៉ងក្លាយជាអ្នកបន្តវេននោះ»។
លោកបានបន្តថា សម្រាប់លោក វាជារឿងមិនអាចនិយាយឲ្យបានពិតប្រាកដទេថា តើនរណាអាចនឹងប្រជែងលោក ហ៊ុន សែន បានសម្រាប់មុខតំណែងជាអ្នកដឹកនាំទាំងក្នុងបក្សនិងក្នុងរដ្ឋាភិបាល។ លោកហ៊ុន សែន ហាក់ដូចជាធានាបានអំណាចក្នុងពេលបច្ចុប្បន្ននេះទោះជារឿងរ៉ាវអាចផ្លាស់ប្តូរឆាប់ក៏ដោយ។ តែលោកថា ឥស្សរជនស្រដៀងនឹងលោក ហ៊ុន សែន គឺ មនុស្សមានទេព្យកោសលនយោបាយចម្រុះ នឹងកាន់កាប់អំណាចបានដូចនេះ ទំនងជាអាចរកបានម្តងក្នុងរយៈពេលជាច្រើនជំនាន់តែប៉ុណ្ណោះ។
លោក Sebastian Strangio បានថ្លែងថា៖
«នេះជាមូលហេតុនៃបញ្ហាបន្តវេន គឺគម្រោងការសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីលោក ហ៊ុន សែន គឺកំពុងក្លាយជារឿងកាន់តែសំខាន់ឡើងជារៀងរាល់ឆ្នាំដែលកន្លងហួសទៅ។ កាន់តែសំខាន់ជាងនេះទៀត មរតកលោក ហ៊ុន សែន ជាអ្នកដឹកនាំនឹងពឹងផ្អែកលើបញ្ហាដែលថា តើលោកអាចដឹកនាំឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីរបស់រដ្ឋាភិបាលនេះទៅដល់អ្នកជំនាន់ក្រោយនៃអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជាឬទេ»។

លោក Sebastian Strangio ជាអ្នកកាសែត និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «Hun Sen's Cambodia» (សឹង សុផាត/VOA)
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានពន្យល់អំពី ដំណើរការនីតិវិធីមួយចំនួនពេលលោកនាយករដ្ឋមន្ត្រីអវត្តមានមួយរយៈពេលថា៖
«ជាបទពិសោធន៍ខ្ញុំឃើញសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីហ្នឹង លោក មានបុព្វសិទ្ធនឹងចាត់តាំងឧបនាយករដ្ឋមន្ត្រីណាមួយដែល ជានាយករដ្ឋមន្ត្រីស្តីទី ក្នុងការរក្សាប្រក្រតីភាពនៃដំណើរការរាជរដ្ឋាភិបាល»។
លោកបានបន្តថាចំពោះការដឹកនាំអង្គប្រជុំគណៈរដ្ឋមន្ត្រីជាទម្លាប់គឺស្ថិតនៅក្នុងបុព្វសិទ្ធរបស់លោកនាយករដ្ឋមន្ត្រីជាអធិបតី និងជាពិសោធន៍ពេលខ្លះ មានការចាត់តាំងឧបនាយករដ្ឋមន្ត្រី ប្រចាំការដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
«ជាការពិសោធន៍ហ្នឹង គឺលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គឺបានទទួលបុព្វសិទ្ធនេះពីសម្តេចអគ្គសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែនៅពេលអវត្តមានជាអចិន្ត្រៃយ៍នៃនាយករដ្ឋមន្ត្រីណាមួយឈរទៅលើច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញដែលបានចែង។ ហើយខ្ញុំជឿថា នេះជាផលប្រយោជន៍របស់គណបក្សគួរតែអញ្ជើញឯកឧត្តម សុខ ឥសាន្ត លោកអាចពន្យល់ក្បោះក្បាយបានច្រើនជាងខ្ញុំ»។

រូបឯកសារ៖ លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងយ៉ាងខ្លីដោយមិនបានបកស្រាយក្បោះក្បាយថា កម្ពុជាអនុវត្តន៍ទៅតាមខ្លឹមសារស្មារតីនៃរដ្ឋធម្មនុញ្ញ។
«រដ្ឋធម្មនុញ្ញមានចែងនៅក្នុងហ្នឹងករណីអវត្តមានអចិន្ត្រៃយ៍»។
បើតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញមាត្រាត្រង់ជំពូកស្តីអំពីរដ្ឋាភិបាលបានចែងថា៖
«នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួន ឲ្យទៅឧបនាយករដ្ឋមន្ត្រី ឬសមាជិកណាមួយនៃ រាជរដ្ឋាភិបាលបាន»។
ជំពូកដដែលក៏បានបញ្ជាក់ថា៖
«បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីថ្មីក្នុងល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការនៅទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន»។

រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ (ហ៊ុល រស្មី/VOA)
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទូទៅត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីគ្រប់គ្រងកិច្ចការប្រទេសជាតិពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិននៅក្នុងប្រទេសមួយរយៈពេលខ្លី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសុំទោសចំពោះពលរដ្ឋ មន្ត្រីរាជការនិងអ្នកការទូតនានាចំពោះការលុបចោលជំនួបនានា ពេលលោកបានចេញទៅព្យាបាលជំងឺរយៈពេល៥ថ្ងៃនៅប្រទេសសិង្ហបុរីនោះ។
បើតាមក្រុមអ្នកតាក់តែងច្បាប់មួយចំនួនរួមទាំងលោក សុន ឆៃ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានពន្យល់លម្អិតថា ក្នុងករណីនាយករដ្ឋមន្ត្រីអវត្តមានជាអចិន្ត្រៃយ៍ រួមទាំងមានជំងឺ មិនអាចបំពេញកិច្ចការបាន លាឈប់ពីមុខតំណែង គណបក្សដែលឈ្នះឆ្នោតត្រូវរៀបចំគណៈរដ្ឋមន្ត្រីថ្មី ដាក់ជួនមករដ្ឋសភាដើម្បីសុំសេចក្តីទុកចិត្តពីសភា គឺស្រដៀងគ្នានឹងដំណើរការនីតិវិធីដែលទើបតែជាប់ឆ្នោតនោះដែរ៕
2 comments:
Ah Mer Chol la Chol Hun Sen,
Cambodia will be in chaos after you go to hell since all the powers have been concentrated on your airhead.
People have been wondering why did they create a monster like you to make Cambodia a part of Vietnam in the foreseeable future ?
You are a special kind of animal because you had never afraid to destroy Cambodia ( signed the 2005 supplemental treaty with your master Yuon, made huge land concession to Yuon, condoned millions of Vietnamese to flood Khmer land, allowed Yuon to dominate every thing in Cambodia, etc...) and killed Khmer people, particularly the execution of the K5 project, to please your master Yuon.
Right now you keep barking about the prospect of having a war should your C Porng Party CPP lose the election. People cannot hear your threat and they have so determined to vote you out in this next election.
And people wish you to have a sudden death before 2018.
Still alive? Damn! It's time to end your era.
Post a Comment