ដោយ សឿង ភារៈ 05/05/2017 05/05/2017
rfi
ក្រសួងការបរទេសកម្ពុជា ៖ សេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រំលោភអនុសញ្ញាស្តីពីទំនាក់ទំនងការទូត
អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា កាលពីថ្ងៃទី ០៤ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានលើកឡើងពីការសម្រេចបន្តឃុំខ្លួនលើអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ ដោយតុលាការកម្ពុជា។ កម្ពុជាចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបប្រចាំកម្ពុជាថា បានរំលោភបំពានលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងកាទូត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសម្តែងនូវការខកចិត្តលើសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាចេញផ្សាយកាលពីថ្ងៃទី ៤ ខែឧសភា លើចំណាត់ការរបស់តុលាការកម្ពុជាក្នុងការពន្យារពេលឃុំឃាំង ជនត្រូវចោទទាំង ៥នាក់ ជាមន្ត្រី និងអតីតមន្ត្រី ការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានហៅ ការសម្រេចរបស់តុលាការជុំវិញករណីរបស់មន្ត្រីទាំង ៥រូប គឺជាកិច្ចការផ្ទៃក្នុងទាំងស្រុងរបស់កម្ពុជា។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្វើឡើងមួយថ្ងៃមុនការប្រារព្ធខួបលើកទី ២០ នៃចំណងមិត្តភាពរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ក្នុងឱកាសខួបលើកទី ២០នេះ សហភាពអឺរ៉ុបប្រចាំកម្ពុជា រំពឹងថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ នឹងបន្តរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាដដែល ក៏បានលើកឡើងថា «ការចេញសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបក្នុងស្រុកនេះ ជាការរំលោភបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតមាត្រា ៤១ (១) ដែលបានចែងថារាល់បេសកកម្មកាទូតទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋ ដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។»
សហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី ៤ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៥រូប។ សហភាពអឺរ៉ុបក្នុងស្រុកបានលើកឡើងថាវាមានសារៈសំខាន់ណាស់ដែលសិទ្ធិរបស់បុគ្គលទាំង ៥រូបនេះត្រូវបានគោរពដោយពេញលេញ ហើយរាល់ការរំលោភបំពានសិទ្ធិណាមួយរបស់ពួកគេនៅក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប។
សូមជម្រាបជូនថាកាលពីថ្ងៃទី ២៧ ខែមេសា តុលាការកម្ពុជាបានសម្រេចបន្ត ឃុំខ្លួនសមាជិក ៤រូប របស់សមាគមការពារសិទ្ធិមនុស្សអាដហុករយៈពេល ៦ខែ បន្តទៀតក្នុងនោះរួមមាន លោកស្រីលឹម មុនី លោកណៃ វ៉ង់ដា លោកនី សុខា និងលោកយី សុខសាន្ត ព្រមទាំងអតីតសមាជិកនៃសមាគមអាដហុក លោកនី ចរិយាដែរ។ នៅក្នុងខែវិច្ឆកា ឆ្នាំ ២០១៦ ក្រុមការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំឃាំងតាមអំពើចិត្ត បានចាត់ទុកការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំងនេះជាការធ្វើឡើងតាមអំពើចិត្ត និងបានអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់។
លោក ឡោ ជុនធី ជាមេធាវីការពារក្តីរបស់អ្នកការពារសិទ្ធិមនុស្សបានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍រួចហើយៗ កំពុងរងចាំសវនាការ។ លោកបានបង្ហាញក្តីសង្ឃឹមតិចតួចលើភាពជោគជ័យចំពោះការប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចចុងក្រោយរបស់តុលាការ៕
No comments:
Post a Comment