ដោយ ស៊ុន មេសា 12/05/2017 12/05/2017
គណបក្សសង្គ្រោះជាតិនឹងបោះឆ្នោតជ្រើសរើសអនុប្រធាននៅថ្ងៃទី ១៧ ឧសភា
@Kem Sokha fb
គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថាគណៈកម្មាធិការនាយកគណបក្សនឹងជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានគណបក្សទាំងបីនៅថ្ងៃទី ១៧ ខែឧសភាសប្តាហ៍ក្រោយ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតកាន់តែខិតជិតមកដល់។ បើតាមការបញ្ជាក់បេក្ខភាពអនុប្រធានទាំងបីគឺគ្មានការផ្លាស់ប្តូរនោះទេ។
រហូតដល់ថ្ងៃទី ១៧ ឧសភាសប្តាហ៍ក្រោយទើបគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខា មានអនុប្រធានពេញលក្ខណៈជាគណបក្សនយោបាយមួយ។ លោកស្រីមូរ សុខហួរ ប្រធានកិច្ចការសាធារណៈ បានបញ្ជាក់ គណៈកម្មាធិការនាយកដែលមានសមាសភាពជាង ១០០នាក់ នឹងជួបប្រជុំដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានគណបក្សដែលមានចំនួន ៣រូបតាមស្មារតីកាលពីថ្ងៃទី ០២ មិនា។ បេក្ខជនអនុប្រធានទាំងបី គ្មានការផ្លាស់ប្តូរនោះទេ គឺលោកអេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោកប៉ុល ហំម។
លោកកឹម សុខា ប្រធានគណបក្សដែលកំពុងធ្វើដំណើរនៅបរទេស នឹងចូលរួមដឹកនាំកិច្ចប្រជុំបន្ទាប់ពីលោកត្រឡប់មកកាន់កម្ពុជាវិញនៅថ្ងៃទី ១៦ ឧសភា។ សូមរំលឹកថាគណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃ បានផ្ទុះរឿងចម្រូងចម្រាស់ស្តីពីលក្ខន្តិកៈរបស់គណបក្សប្រឆាំងធំជាងគេមួយអស់រយៈពេលជាងពីរខែ ពោលគឺក្រោយពេលដែលលោកសម រង្ស៊ីបានលាលែងចេញពីតំណែងកាលពីពាក់កណ្តាលខែកុម្ភៈ។ ទើបតែដល់ថ្ងៃទី ០៣ ឧសភានេះទេទើបក្រសួងមហាផ្ទៃ បានទទួលស្គាល់លក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលបានធ្វើវិសោធនកម្មចុងក្រោយកាលពីថ្ងៃទី ២៥ មេសា។
ការជ្រើសរើសក្បាលម៉ាស៊ីនរបស់គណបក្សសង្គ្រោះជាតិនេះ គឺតែ ៣ថ្ងៃប៉ុណ្ណោះ មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ២០ ឧសភា។ លោកអេង ឆៃអ៊ាងបានបញ្ជាក់ថាការជ្រើសរើសនាពេលនេះ គឺដើម្បីសម្របខ្លួនទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃដែលតម្រូវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ត្រូវបញ្ចប់នីតិវិធីរៀបចំទាំងអស់ឱ្យបានមុនថ្ងៃទី ០៤ ខែមិថុនាខាងមុខ។ ចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ គណបក្សសង្គ្រោះជាតិបានត្រៀមអ្នកអង្កេតការណ៍ប្រមាណ ៤ម៉ឺននាក់នៅទូទាំងប្រទេសដើម្បីតាមដានគ្រប់ការិយាល័យ។
សូមកត់សំគាល់ថា ការបោះឆ្នោតជ្រើសរើសអនុប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១៧ ឧសភាខាងមុខនេះ មិនមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ពោលគឺគ្រាន់តែជាការបោះឆ្នោតសម្រេចរបស់គណៈកម្មាធិការនាយកគណបក្សសម្រេចដោយសំឡេងដាច់ខាត ៥០+១តែប៉ុណ្ណោះ។
No comments:
Post a Comment