Manekseka Sangkum: Whatever...
02 ឧសភា 2017

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ពេលផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់VOAថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាទំនងនឹងអាចជួយសម្របសម្រួល ដល់ប្រទេសកូរ៉េខាងជើង ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាអ្នកស្រលាញ់សន្តិភាព។
ភ្នំពេញ —
អ្នកនាំពាក្យម្នាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបថាកម្ពុជា «អាចនឹងចាប់អារម្មណ៍»ចំពោះសំណើរបស់កូរ៉េខាងជើង ដែលអំពាវនាវឱ្យកម្ពុជា ជួយចូលរួមបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយលើកហេតុផលថាលោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងសម្រេចលើសំណើនេះ ជាបុគ្គល«ស្រលាញ់នូវសន្តិភាព»។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឈានដល់កម្រិតប្រុងជើងការរៀបនឹងផ្ទុះសង្គ្រាមកាលពីខែមេសា កន្លងទៅ នៅពេលដែលសហរដ្ឋអាមេរិក បានបោះបង់ចោលគោលនយោបាយអត់ធ្មត់ជាយុទ្ធសាស្ត្រ របស់អាមេរិក ហើយព្រមានចាត់វិធានការប្រឆាំងនឹងរបបក្រុងព្យុងយ៉ាង ដែលបានមានៈជម្នះច្បាប់អន្តរជាតិ ដោយបានសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួច ម្ដងហើយម្ដងទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់VOAថ្ងៃចន្ទនេះថា ប្រទេសកម្ពុជាទំនងនឹងអាចជួយសម្របសម្រួល ដល់ប្រទេសកូរ៉េខាងជើង ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាអ្នកស្រលាញ់សន្តិភាព។
លោកថា ការថាតើកម្ពុជានឹងពិចារណាយ៉ាងណាទៅលើសំណើរបស់កូរ៉េខាងជើងដើម្បីបោះជើងមួយជំហានទៅជួយសម្របសម្រួលឱ្យមានការចរចាណាមួយនោះ ជាការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៖
«ហេតុដូច្នេះបើសិនជាមានការអំពាវនាវអំពីសមភាគីកូរ៉េខាងជើង ខ្ញុំជឿជាក់ថា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ហ្នឹងលោកជាអ្នកស្វែងរកសន្តិភាព ដែលនិយមប្រជាធិបតេយ្យកណ្ដាល ស្វែងរកសន្តិភាពហ្នឹង លោកបានបំពេញតួនាទីនោះហើយ ខ្ញុំជឿថាសម្ដេចលោកនឹងចំណាប់អារម្មណ៍នៅក្នុងសាច់រឿងនេះ។ ប៉ុន្តែការចាប់អារម្មណ៍ ឬការយ៉ាងណា ហ្នឹងជាការសម្រេចចិត្តរបស់សម្ដេច»។
ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាគឺតបទៅនឹងសេចក្ដីអំពាវនាវតាមរយៈសារព័ត៌មានក្នុងស្រុកមួយថាឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងជើង ស្នើឲ្យកម្ពុជាដែលជាសមាជិក ASEAN ជួយបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះជ្រោយឧបទ្វីបកូរ៉េ។
លោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា បានថ្លែងក្នុងបទសម្ភាសផ្ដាច់មុខមួយជាមួយព្រឹត្តិបត្រសារព័ត៌មាន Khmer Times ដែលចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ថាបំណងរបស់ក្រុងព្យុងយ៉ាង គឺចង់ឱ្យកម្ពុជាមានចំណែកក្នុងការចូលរួមដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។
អ្នកការទូតកូរ៉េខាងជើងរូបនេះ ត្រូវបានកាសែតជាភាសាអង់គ្លេស ដកស្រង់សម្ដីថា៖
«ខ្ញុំមានជំនឿចិត្តថា កម្ពុជាដែលជាមិត្ត ពិតជាយល់ជ្រាបនូវភាពតានតឹងលើឧបទ្វីបកូរ៉េ ហើយនឹងបញ្ចេញសកម្មភាពតាមរយៈអាស៊ានទៅលើបុព្វហេតុដ៏ត្រឹមត្រូវរបស់យើង ដើម្បីស្វះស្វែងរកដំណោះស្រាយមួយតាមរយៈផ្លូវទូត បំណងដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសរបស់យើង»។
លោកឯកអគ្គរដ្ឋទូត Jang Yun Gon ក៏បានបន្តទៀតថាប្រទេសកូរ៉េខាងជើង ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយកម្ពុជាសង្ឃឹមថា កម្ពុជានឹងជួយត្រួសត្រាយផ្លូវ«ផ្ដល់តម្លៃ»ខ្ពស់បន្ថែម ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងប្រទេសជាមូលដ្ឋាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យភាគីកូរ៉េទាំងអស់បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលអាចបង្កជាអំពើហិង្សា និងចម្បាំងរាំងជល់ ក្នុងតំបន់។
«កម្ពុជាចង់ឃើញរាល់ភាគីពាក់ព័ន្ធស្វែងរកការចរចាទំនាក់ទំនងការដើម្បីដោះស្រាយបញ្ហាហ្នឹង»។
ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសអាស៊ាន (ASEAN)កាលពីសប្ដាហ៍កន្លងទៅ កូរ៉េខាងជើងបានផ្ញើលិខិតជម្រាបជូនបណ្ដាប្រទេសអាស៊ានថា ការណ៍ដែលខ្លួនពង្រឹងនិងសាកល្បងម្ដងហើយម្ដងទៀតនូវកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក៏បណ្ដាលមកពីការធ្វើសមយុទ្ធរួមប្រចាំឆ្នាំ រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលជំរុញឱ្យក្រុង ព្យុងយ៉ាង ត្រូវតែធ្វើអ្វីមួយ ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលរាយការណ៍បន្តថា កូរ៉េខាងជើងបានស្នើឱ្យអាស៊ានរួមចំណែកបន្ធូរបន្ថយស្ថានការណ៍«ដែលស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម»។
ការស្នើរបស់កូរ៉េខាងជើង សុំឱ្យមានការចូលរួមចំណែកពីសំណាក់អាស៊ាន និងកម្ពុជានេះ កើតមានទន្ទឹមគ្នានឹងការណ៍ដែលប្រធានាធិបតី ដូណាល់ ត្រាំ របស់អាមេរិក បានហៅទូរស័ព្ទមកកាន់មេដឹកនាំប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានជាអាទិ៍ ហ្វីលីពីន សិង្ហបុរី និងថៃ ដើម្បីពិភាក្សាពីបញ្ហានុយក្លេអ៊ែរដែលជាកម្មវិធីអនុវត្តតត្រកូលដឹកនាំនៅក្រុងព្យុងយ៉ាង។
VOA មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីក្រសួងការបរទេស និងស្ថានទូតកូរ៉េខាងជើងប្រចាំនៅភ្នំពេញបានទេ នាថ្ងៃចន្ទនេះ។
លោកបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយប្រាប់VOA ថាលោកជឿជាក់ថា កម្ពុជាអាចប្រើភាពពិសេសនៃទំនាក់ទំនងជិតស្និទ្ធរវាងកូរ៉េទាំងពីរដើម្បីធ្វើការបំពេញតួនាទីជា«មេអណ្ដើក»ជួយចែចូវឱ្យភាគីជម្លោះនៃបញ្ហាកូរ៉េ ងាកមករកតុចរចាវិញ ល្គឹកណាមានការបើកភ្លើងខៀវពីមហាអំណាចទាំងឡាយទាំងពួង។
«កម្ពុជាអត់មានទៅនិយាយពីរឿងនុយក្លេអ៊ែរទេ។ កម្ពុជាដើរតួជាអ្នកសម្របសម្រួល។ កម្ពុជាគ្រាន់តែដើរតួនាទីជាអ្នកចែចង់ទាំងសងខាង ចែចង់ទាំងភាគីកូរ៉េខាងជើង ចែចង់ទាំងខាងប្រាំភាគី។ សំខាន់ត្រង់ថាតើប្រាំភាគីហ្នឹងបោះតំណែងទៅឱ្យកម្ពុជាឬអត់? »។

រូបឯកសារ៖ លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ (ហ៊ាន សុជាតា/VOA)
ដោយឡែក លោក Julio A. Jeldres ទីប្រឹក្សាព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រកម្ពុជា និងជាអតីតស្មេរជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានប្រាប់VOA តាមសារអេឡិចត្រូនិកថា សំណើរបស់អ្នកការទូតកូរ៉េខាងជើង នៅតែមិនមានភាពច្បាស់លាស់ ហើយថាដើរតួនាទីសម្របសម្រួលនេះ នឹងផ្ដល់ផលចំណេញតិចតួច។
អ្នកប្រវត្តិវិទូរូបនេះបានបញ្ជាក់តាមសារអេឡិចត្រូនិកឬEmailក្នុងន័យដើមយ៉ាងដូច្នេះ៖
«ខ្ញុំមិនច្បាស់ទេ ថាតើកម្ពុជាអាចជួយអ្វីបានខ្លះ។ ខ្ញុំគិតថាប្រទេសចិនមានតួនាទីល្អប្រសើរជាងដើម្បីបង្កជាឥទ្ធិពលកម្រិតខ្លាំងដល់កូរ៉េខាងជើង ដោយសារតែការផ្សារភ្ជាប់រវាងប្រទេសទាំងពីរលើផ្នែកមនោគមវិជ្ជា ការទូត និងពាណិជ្ជកម្មទ្រង់ទ្រាយធំ»។
លោក Julio A. Jeldres បាននិយាយប្រាប់VOA បន្ថែមថា៖
«តែប្រសិនបើស្ថានការណ៍បង្កជាមួយនឹងភាពអំណោយផល ហើយកម្ពុជាអាចនាំឱ្យមានការចរចាប្រាំមួយភាគីឡើងវិញ កម្ពុជាអាចនឹងទទួលការសាទរលក្ខណៈអន្តរជាតិ ថាជាអន្តរការីដ៏ចំណាន»។
ទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េខាងជើង ចាប់ផ្ដើមឡើងនៅឆ្នាំ១៩៦៧ ដែលជាទំនាក់ទំនងលំដាប់បុគ្គលត្រួសត្រាយផ្លូវដោយ អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ និងបិតាស្ថាបនិករបបក្រុងព្យុងយ៉ាងគឺ លោកសេនាប្រមុខ គីម អ៊ីលស៊ុង។
ព្រះបាទ នរោត្តម សីហនុ និង លោក គីម អ៊ីលស៊ុង មានភាពជិតស្និទ្ធដល់ថ្នាក់ ព្យុងយ៉ាងកសាងវិមានព្រះរាជដំណាក់មួយនៅលើទឹកដីខ្លួនថ្វាយអតីតព្រះមហាក្សត្រកម្ពុជា ហើយអតីតព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជដំណាក់សម្រាន្តភិរម្យ ដែលជាទីប្រសូតរបស់ព្រះអង្គ ក្បែរវិមានឯករាជ្យ ជូនដល់កូរ៉េខាងជើងធ្វើជាស្ថានទូតមកដល់សព្វថ្ងៃ។
ជម្លោះក្នុងឧបទ្វីបកូរ៉េរវាងកូរ៉េខាងជើងនិងខាងត្បូង បានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយមានការគំរាមប្រើប្រាស់អាវុធប្រល័យលោកជាបន្តបន្ទាប់។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលចុងខែមេសាកន្លងទៅថា សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ ទំនងជាមិនអាចកើតមានឡើងនោះទេ៕
1 comment:
Phay Siphan is very stupid and stubborn. This guy wants to live comfortable until the day he is killed by evil secret Yuon/Vietnamese spies or agents in Vietnamese-installed CPP regime led by Ah Yong Yuon Hun Sen. The guy has no feeling of what happened to him, Cambodian people and Cambodia because the Vietnamese secret agents and spies are everywhere and hiding among Cambodian population and every corner of Cambodia. This guy Phay Siphan never see danger coming in many way and some years to come. He made Cambodian people hate because of his stupidity and his blah blah blah....
Post a Comment