Wednesday, 17 May 2017
សមាជិកសភាអាស៊ានស្នើគ.ជ.បចាត់វិធានការការថ្លែងសារគំរាមរបស់មន្ត្រីជាន់ខ្ពស់បក្សប្រជាជន
ដោយ ខែ សុណង
2017-05-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា អេ.ភី.អេច្ឆ.អា (APHR) បានប្រតិកម្មទៅនឹងសាររបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលគេយល់ថា ជាសារគំរាមកំហែងផ្ទួនៗនៅរដូវកាលបោះឆ្នោតឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។ សមាជិកសភាអាស៊ាន បានលើកឡើងចំឈ្មោះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថាបានប្រើពាក្យសម្ដីគំរាមកំហែងម្ចាស់ឆ្នោត នឹងវាយអ្នកណាដែលហ៊ានក្រោកតវ៉ាលទ្ធផលចាញ់ឆ្នោតឲ្យបែកធ្មេញ និងសារប្រកាសរបស់លោក ហ៊ុន សែន ដែលគំរាមពីការផ្ទុះសង្គ្រាម បើសិនគណបក្សខ្លួនចាញ់ឆ្នោត។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ធ្វើជាគំរូដល់ប្រជាពលរដ្ឋដើម្បីបញ្ចប់ការគំរាមកំហែង និងស្នើឲ្យ គ.ជ.ប ចាត់វិធានការដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ក្នុងសារផ្ញើទៅកាន់សារព័ត៌មាននៅថ្ងៃទី១៧ ឧសភា លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី ថ្លែងថា សាររបស់លោក ហ៊ុន សែន និងលោក ទៀ បាញ់ គឺជាការគំរាមកំហែងយ៉ាងច្បាស់ដល់គណបក្សប្រឆាំង និងដល់ជនទាំងឡាយដែលហ៊ានរិះគន់ដល់គណបក្សកាន់អំណាច មានសភាពគួរឲ្យព្រួយបារម្ភណាស់ ហើយការគំរាមកំហែងទាំងនោះធ្វើឲ្យប៉ះពាល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោកបន្តថា ទោះបីនេះមិនមែនជាលើកទី១ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រើសារគំរាមកំហែងទាំងនេះក៏ដោយ ក៏ការដែលរដ្ឋមន្ត្រីការពារជាតិ ត្រូវបានអនុញ្ញាតឲ្យប្រើភាសាបែបនេះ ខណៈការបោះឆ្នោតខិតជិតចូលមកដល់ បានបង្ហាញថា រដ្ឋាភិបាលនៅតែមានបំណងបន្តក្ដោបក្ដាប់អំណាចតទៅទៀត។
លោកបញ្ជាក់នៅក្នុងសារនេះទៀតថា វាជាពេលចាំបាច់បំផុតដែលអាជ្ញាធរ រួមទាំង គ.ជ.ប ត្រូវតែចាត់វិធានការជាវិជ្ជមានដើម្បីធានាថា ការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា អាចបង្ហាញសេចក្ដីប្រាថ្នាផ្នែកនយោបាយរបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីសុវត្ថិភាព។ លោក ហ៊ុន សែន គួរធ្វើជាគំរូល្អដោយបញ្ចប់ការគំរាមកំហែង។ លោកថា ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតកាន់តែខិតទៅរកភាពស្រពេចស្រពិល ហើយសហគមន៍អន្តរជាតិ នឹងឃ្លាំមើលអ្វីដែលនឹងកើតឡើងនៅថ្ងៃទី៤ ខែមិថុនា។
ឆ្លើយតបទៅនឹងមតិរិះគន់របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សពីសាររបស់អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងធ្វើការពិនិត្យលើសាររបស់អ្នកនយោបាយចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ដែលជាអំឡុងពេលឃោសនាបោះឆ្នោត ដោយឡែករឿងដែលកើតឡើងនៅមុន ឬក្រោយថ្ងៃឃោសនាគឺជាបន្ទុករបស់អាជ្ញាធរ៖ «បើសិនជាភាគីណាមិនសុខចិត្តលើកបញ្ហានេះត្រូវប្ដឹងទៅអាជ្ញាធរ រវាង គ.ជ.ប និងអាជ្ញាធរយើងចែកប្រក្រតីទិនច្បាស់លាស់។ ចំពោះអនុសាសន៍ទាំងឡាយ ពិសេសការចង់ឲ្យមានការបោះឆ្នោតឲ្យមានបរិយាកាសល្អ ជាចំណុចល្អប្រសើរហើយ»។
ទាក់ទងបញ្ហានេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា លោក ឆាលស៍ សានទីអេហ្គោ កំពុងប្រាសចាកពីក្រមអាស៊ានដែលបានលូកលាន់បញ្ហាផ្ទៃក្នុងកម្ពុជា និងមិនគោរពធម្មនុញ្ញអាស៊ាន។ លោកថា កម្ពុជាមិនដែលលូកលាន់អ្នកនយោបាយរបស់ប្រទេសហ្វីលីពីន ឡើយ។ លោកហៅការរិះគន់នេះ ថាជាការលើកឡើងមិនមែនជាការសម្ដែងមតិពិត ប៉ុន្តែជាការលើកឡើងក្នុងនិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលប្រឆាំងគណបក្សនយោបាយតែប៉ុណ្ណោះ៖ «គាត់នៅឆ្ងាយពីកម្ពុជា គាត់អត់យល់ អត់ដឹងអំពីសាររបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានលើកឡើងជាសាធារណៈនោះទេ។ គាត់យល់ច្រឡំទាំងអស់ ហើយគាត់យល់ច្រឡំថា អ្វីដែលគណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលជាអ្នកប្រឆាំងជាមួយសិទ្ធិមនុស្ស ប្រឆាំងនឹងដំណើរការនៃការបោះឆ្នោត ប្រឆាំងនឹងសិទ្ធិសេរីភាពនៃការបោះឆ្នោត»។
អាស៊ីសេរី មិនអាចទាក់ទងលោក ឈុំ សុជាត អ្នកនាំក្រសួងការពារជាតិ ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី១៧ ឧសភា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា មកពីប្រទេសស៊ូដង់ និងប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth RFA/Cheu Sideth
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ចេញសារព្រមានជាសាធារណៈថា នឹងវាយអ្នកណាដែលហ៊ានក្រោកតវ៉ាលទ្ធផលចាញ់ឆ្នោតឲ្យបែកធ្មេញ។ ការតវ៉ាណាមួយក្រោយពេលចាញ់ឆ្នោត គឺនាំឲ្យមានការចលាចល ដែលនាំឲ្យមានភាពអសន្តិសុខក្នុងសង្គម ដែលលោកថា លោកមិនអាចបណ្ដែតបណ្ដោយឲ្យកើតឡើងតទៅទៀតបានទេ ព្រោះត្រូវចំណាយច្រើនណាស់ក្នុងការបង្ក្រាបកន្លងមក។
កាលពីថ្ងៃទី១០ ឧសភា ក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន សែន ព្រមានជាថ្មីថា សង្គ្រាមកើតឡើងវិញ ប្រសិនបើបក្សខ្លួនចាញ់ឆ្នោត ឬពលរដ្ឋមិនខំថែរក្សាអ្វីដែលមាននៅក្នុងដៃ។ លោកថា លោកខំប្រឹងកសាងសន្តិភាព និងបង្រួបបង្រួមជាតិយ៉ាងលំបាកមកឲ្យប្រទេសកម្ពុជា ដ៏កម្សត់ ប៉ុន្តែបែរជាមានក្រុមមួយមកសាងគ្រោះឲ្យជាតិទៅវិញ។ លោកថា បើគណបក្សលោកមិនបានកាន់អំណាចបន្តទៀតទេ សង្គ្រាមនឹងផ្ទុះឡើងជាថ្មីនៅកម្ពុជា។
ជុំវិញសារប្រកាសសង្គ្រាមនេះ នៅជិតការបោះឆ្នោត ត្រូវបានព្រះសង្ឃ អ្នកនយោបាយជើងចាស់ និងតំណាងរាស្ត្រក្នុងសង្គមប្រជាធិបតេយ្យ និងមន្ត្រីកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថា ជាសារទាល់ច្រក ជាសារហួសសម័យ គ្មានប្រសិទ្ធភាព និងបង្ហាញនូវភាពកំសាកខាងផ្នែកនយោបាយក្នុងឆាកជាតិ និងអន្តរជាតិ៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Kwack Hun Sen,
If you keep barking that there will be war if your C Porng Party CPP lost the election, you should abolish the election.
You can do it because you are a blind Yuon's slave. You had never cared about Cambodia and Khmer people's wellness.
Post a Comment