ដោយ សឿង ភារៈ 06/05/2017 06/05/2017
rfi
សត្វជ្រូករស់នាំចូលពីប្រទេសវៀតណាម
FB: San Prum
អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងប្រាប់វិទ្យុបារាំងថា មន្ត្រីរបស់ក្រសួងកសិកម្មមិនអាចទប់ស្កាត់បាននូវសកម្មភាពដឹក ជ្រូកគេចពន្ធ ឬជ្រូកខុសច្បាប់ បានទេ មានតែស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចូលរួមបន្ថែមទៀតក្នុងការទប់ ស្កាត់សកម្មភាពទាំងនេះ។ ការលើកឡើងរបស់ក្រសួងកសិកម្មធ្វើឡើង ក្រោយពីអ្នកចិញ្ចឹមជ្រូកបានចូលរួមទប់ស្កាត់សកម្មភាពដឹកជ្រូកគេច ពន្ធពីវៀតណាម។
លោកសេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មបានលើកឡើងថា លោកមិនដឹងពីស្ថានភាពនៃការដឹកជ្រូកគេចពន្ធនេះ មានការប្រែប្រួលយ៉ាងណាទេ ដោយសារតែអ្នក ដែលយកជ្រូកគេចពន្ធនេះ លួចលាក់យកទៅពិឃាតនៅក្រៅសត្តឃាតដ្ឋាន ហើយនាំចូលសាច់មកក្នុងទីផ្សារ ដែលធ្វើឲ្យសមត្ថកិច្ចសុខភាពសត្វទប់ស្កាត់មិនបាន។
លោកសេន សុវណ្ណ ដែលជាអ្នកនាំពាក្យក្រសួងកសិកម្មដែរនោះ ក៏ស្នើឲ្យសមត្ថកិច្ច ដែលពាក់ព័ន្ធ និងសមត្ថកិច្ចនៅតាមព្រំដែនចាត់វិធានការធ្វើយ៉ាងណាឲ្យមានការបង់ពន្ធត្រឹមត្រូវចំពោះការនាំចូលសត្វជ្រូក ហើយត្រូវទប់ស្កាត់សកម្មភាពដឹកជ្រូកគេចពន្ធចូលមកទីផ្សារក្នុងស្រុក។
សំណើនេះធ្វើឡើង ក្រោយពីតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក សេន សុវណ្ណបានលើកឡើងថាការធ្លាក់ថ្លៃតម្លៃជ្រូករស់នេះ មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ ពោលគឺប្រទេសវៀតណាមក៏មានករណីនេះកើតឡើងដែរ ដោយសារតែការផលិតសត្វជ្រូកនៅក្នុងប្រទេសវៀតណាមលើសពីតម្រូវការទីផ្សារ។
គួរជម្រាបជូនថាថ្មីៗនេះ ប្រជាកសិករចិញ្ចឹមជ្រូកបានលើកឡើងថាការដឹកជ្រូកនាំចូលពីក្រៅប្រទេសមានចំនួនច្រើន គឺលើសពីបំរាមរបស់រដ្ឋាភិបាលខ្មែរ ហើយឡានដឹកជ្រូកខ្លះ គឺគ្មានឯកសារច្បាស់លាស់។ ចំណែកជ្រូកនោះវិញ ក៏គ្មានលិខិតស្នាមបញ្ជាក់សុខភាពជ្រូក ពីពេទ្យសត្វត្រឹមត្រូវនោះដែរ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការនាំចូលជ្រូកសាច់ខុសច្បាប់ និងរក្សាស្ថិរភាពតម្លៃ ក្រសួងកសិកម្ម បានអនុញ្ញាតឲ្យដឹកជ្រូកសាច់នាំចូលជាបណ្តោះអាសន្នគិតជាមធ្យមប្រមាណ១,២៥០ក្បាល ក្នុងមួយថ្ងៃ។ ប៉ុន្តែតំណាងអ្នកចិញ្ចឹមជ្រូកលោក ង៉ែត ចាន់សៀកបានឲ្យដឹងថាជ្រូករស់ដែលនាំចូលគឺមានប្រមាណ៣,០០០ពាន់ក្បាល លើសពីការកំណត់របស់ក្រសួង។
បច្ចុប្បន្ននេះ ជ្រូករស់មានតម្លៃប្រមាណ៦,៤០០រៀល ទៅ៧,០០០រៀល ហើយក្នុងរាធានីភ្នំពេញត្រូវការជ្រូកសាច់ប្រមាណ៤,០០០ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែកម្ពុជាខ្លួនឯកផ្គត់ផ្គង់បានតែ៥០ភាគរយ ទៅ៦០ភាគរយនៃតម្រូវការនេះ ដូច្នេះហើយទើបមានការនាំចូលបន្ថែមពីប្រទេសជិតខាង។
ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ និងបង្កើនតម្លៃជ្រូកសាច់ក្នុងស្រុក លោកសម វិទូ ប្រធានអង្គការកសិកម្មសេដាកបានលើកឡើងថាមន្ត្រីក្រសួងកសិកម្ម ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងសមត្ថកិច្ចនៅតាមព្រំដែន ទើបការទប់ស្កាត់នេះមានប្រសិទ្ធភាពខ្ពស់៕
No comments:
Post a Comment