Tuesday, 23 May 2017
លោកហ៊ុន សែន ថានឹងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ក្នុងថ្ងៃចុងក្រោយ
23 ឧសភា 2017
ហ៊ុល រស្មី
voa
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពីបានចុះឈ្មោះបោះឆ្នាតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ នៅខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។
ប្រធានគណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមខ្លួនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ថ្ងៃនេះ។
ភ្នំពេញ —
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងចូលរួមយុទ្ធនាការបិទការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនាខាងមុខ។ នេះបើយោងតាមសារមួយដែលចុះផ្សាយលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាថ្ងៃអង្គារ។
ការប្រកាសរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ កើតមានឡើង អំឡុងពេលការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ បានឈានដល់ថ្ងៃទីបួន។ ការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហ៊ុន សែន ត្រូវបានអ្នកនយោបាយបក្សប្រឆាំងនិយាយថា គឺជារឿងដែលកម្រ ព្រោះបុរសខ្លាំងកម្ពុជា មិនដែលចូលរួមក្នុងយុទ្ធនាការឃោសនានោះទេ គិតចាប់ពីឆ្នាំ១៩៩៨មក។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖
«បងប្អូនមួយចំនួនបានចូលមកសួរតាមហ្វេសប៊ុក (Facebook) ថាអត់ឃើញ សម្ដេចតេជោ ចេញ ហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។
ដោយមិនបានបញ្ជាក់ពីតំបន់ដែលលោកនឹងចូលរួមឃោសនា លោក ហ៊ុន សែន ក៏បានអំពាវនាវដល់សមាជិកបក្សរាប់លាននាក់នៅគ្រប់ ខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់នៅទូទាំងប្រទេស ឲ្យចាត់ទុករូបលោកថា បានចូលរួមជាមួយអ្នកឃោសនាឲ្យបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង។
លោកថា ចូលរួមហែក្បួន និងបោះឆ្នោតឲ្យគណបក្សរបស់លោក ដើម្បីបន្តរក្សាសនិ្តភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
គណបក្សនយោបាយក្នុងប្រទេសកម្ពុជាចំនួន១២ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ មានឃុំសង្កាត់ចំនួន១.៦៤៦។ការបោះឆ្នោតលើកនេះ ត្រូវគេដឹងថា មានការប្រកួតប្រជែងគ្នាខ្លាំងជាងរាល់ដង ដោយសារកម្លាំងគាំទ្របក្សកាន់អំណាច និងបក្សប្រឆាំង មានប្រហាក់ប្រហែលគ្នា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ សម្តែងការភ្ញាក់ផ្អើលចំពោះការចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ហ៊ុន សែន។ លោកថ្លែងប្រាប់ VOA ថា ការណ៍នេះនឹងញ៉ាំងឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ហើយនិងគ្មានសង្គ្រាម កើតឡើងក្រោយការបោះឆ្នោត។
«រីករាយដែលឃើញ លោកនាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្សនយោបាយកាន់អំណាច មកចូលរួមក្នុងការឃោសនាបោះឆ្នោត។ នេះបញ្ជាក់បង្ហាញឲ្យឃើញថា ការបោះឆ្នោតខាងមុខនេះ គឺច្បាស់ជាអត់មានសង្គ្រាមទេ ព្រោះយើងមានការប្រកួតប្រជែងតាមសន្លឹកឆ្នោត អាហ្នឹងគឺយើងឃើញថា ហើយបើសិនជា លោកនាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្សប្រជាជន ឈានមួយជំហានទៀត ឲ្យមានការពិភាក្សានយោបាយជាមួយនឹងគណបក្សប្រឆាំង អាហ្នឹងល្អមែនទែន»។
លោក អេង ឆៃអ៊ាង ថ្លែងបន្តថា គណបក្សប្រឆាំងមិនបារម្ភថា ការចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហ៊ុន សែន នេះនឹងបង្កើនការគាំទ្រដល់បក្សប្រជាជនកម្ពុជានោះទេ។
«យើងអត់មានខ្វល់ខ្វាយរឿងហ្នឹងទេ ព្រោះយើងចង់ឲ្យគណបក្សនយោបាយ ចង់ឲ្យមេដឹកនាំបក្សនយោបាយហ្នឹង មកប្រកួតប្រជែងតាមរយៈការឃោសនាបែបហ្នឹង ការរកការគាំទ្រពីប្រជាពលរដ្ឋ របៀបគេហៅថា របៀបសន្តិវិធីតាមរយៈផ្ញើសារ ដោយសន្តិវិធី តាមរយៈការចូលរួម ជាជាងការប្រើប្រាស់ពាក្យពេចន៍ គំរាមកំហែងប្រជាពលរដ្ឋ។ អាហ្នឹងគឺជា វិធីដែលល្អហើយ ព្រោះយើងត្រូវតែកែប្រែទម្លាប់ ធ្វើម៉េចយើងប្រកួតប្រជែង នៅលើគោលនយោបាយ ហើយឲ្យមានលក្ខណៈស្មើភាពឲ្យសេរី។ ការប្រកួតប្រជែងក្នុងការបោះឆ្នោតមួយដែលស្មើភាពសេរី គឺវាធ្វើឲ្យអ្នកឈ្នះ ឈ្នះដោយកិត្តិយស អ្នកចាញ់ ដោយចាញ់អស់ចិត្ត»។
មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មេដឹកនាំរដ្ឋាភិបាល ក៏បានព្រមានជាបន្តបន្ទាប់អំពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិល ប្រសិនបើបក្សប្រជាជនកម្ពុជា មិនត្រូវបានជ្រើសរើសឲ្យដឹកនាំប្រទេសបន្តទៀត។
កាលពីពេលថ្មីៗនេះ នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានព្រមានវាយបំបែកធ្មេញក្រុមណា ដែលចេញមកតវ៉ាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។
យ៉ាងណាក៏ដោយ អ្នកស្រី Katina Adams អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវកាលពីពេលថ្មីៗនេះដែរថា រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការបន្ទាន់ដើម្បីធានាសេរីភាពនៃលំហនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេស។
អ្នកស្រី ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment