Sunday, 21 May 2017

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ចាប់ផ្តើម​ដោយ​មិន​មានបញ្ហា​សន្តិ​សុខ​ធ្ងន់ធ្ងរ


21 ឧសភា 2017
ហ៊ុល រស្មី
voa

ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃ​​យុទ្ធនាការ​ឃោសនា​រក​សំលេង​​ឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រ​​ជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃ​​យុទ្ធនាការ​ឃោសនា​រក​សំលេង​​ឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រ​​ជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)



គណបក្ស​នយោបាយ​ទាំង​១២​ ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​គោល​នយោបាយ​បម្រើ​ឃុំ-សង្កាត់​ កាលពី​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ​នេះ​នៅ​ក្នុង​បរិយា​កាស​សន្តិសុខ​ល្អ។ មក​ទល់​ថ្ងៃ​ទី​ពីរ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អណាត្តទី​៤​នេះ​មិនទាន់​មាន​បញ្ហា​ហិង្សា​ធ្ងន់ធ្ងរ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។


ភ្នំពេញ —

បញ្ហា​សនិ្តសុខ​និង​សុវត្ថិភាព​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ទោះ​ជា​មាន​ករណី​ប៉ះទង្គិច​ដោយ​ពាក្យ​សម្តី​របស់​អ្នក​ចូលរួម​ការ​ឃោសនា​បោះ​ឆ្នោត​នេះ។​ នេះ​បើតាម​ការ​បញ្ជាក់​ពីមន្ត្រី​ជាន់​ខ្ពស់​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា។



នាយឧត្តមសេនីយ៍​ គៀត​ ចន្ទថារិទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ VOA ​ថា​ មិន​មាន​បញ្ហា​ធំដុំ​ណាមួយ​កើត​ឡើង​ ពាក់​ព័ន្ធ​នឹងបញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​សម្រាប់​ថ្ងៃ​ទីមួយនៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

«និយាយ​ជារួម​ យើង​និយាយ​ជា​រួម​គឺ​ ទូទាំង​ប្រទេស​មានលក្ខណៈ​ល្អប្រសើរ​ សន្តិសុខ​វាមិន​មាន​អី​ធំ​ដុំ​កើត​ឡើង​ទេ​ ហើយ​ការ​ដង្ហែ​ក្បួន​ ដង្ហែ​អី​ក៏មាន​លក្ខណៈ​ល្អ​ដែរ​ ការ​គោរព​តាមច្បាប់​ទម្លាប់»។

ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)


លោក​មាន​ប្រសាសន៍ថា​ មាន​ករណី​មិន​ប្រក្រតី​តិចតួច​បាន​កើតឡើង​ ក្នុង​នោះ​គឺការ​បិទស្លាក​គណបក្សនៅតាម​ដើមឈើ​ នៅ​មាត់​សមុទ្រ​ស្ថិត​ក្នុង​តំបន់​ផ្សារក្តាម​ ខេត្តកែប។ លោក​ថា​ សកម្មភាពបិទ​ស្លាក​គណបក្ស​នេះ​ ធ្វើ​ឡើង​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ។​ លោក​គៀត​ ចន្ទថារិទ្ធ​ ​បន្តថា​ មាន​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សំដី​រវាង​អ្នក​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈាន​ដល់​ការ​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប)។​

​នាយ​ឧត្តម​សេនីយ៍​ គៀត​ ចន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ៖​

«នៅឃុំ​ព្រៃ​ខ្លា​ ស្រុក​កោះអណ្តែត​ហ្នឹង​មាន​ ប៉ះគ្នា​តិច​តួច​ ជាមួយ​គណបក្ស​ប្រជាជន​ ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​ប៉ះ​ហ្នឹង​ របៀប​ផ្លូវ​វាតូច ហើយ​មិន​ដឹង​ប៉ះគ្នា​យ៉ាង​ម៉េច​គឺ​ មានការ​ឃាត់​ដំណើរ​ហែ​ក្បួន​របស់​ គណបក្ស​ប្រជាជន​ហ្នឹង​ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ ឮ​ថា​ បាន​ពាក្យ​ប្តឹង​ទៅ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ គ.ជ.ប»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​ ២០​ ខែ​ ឧសភា​ ដល់​ថ្ងៃ​ ទី​ ២​ ខែមិថុនា។​ កម្លាំង​ការពារ​សន្តិសុខជិត​២ម៉ឺន​នាក់​ ​ត្រូវ​បានដាក់​ពង្រាយ​សម្រាប់​ការពារ​ដំណើរ​ការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ។​ ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ក្នុង​ឃុំ-សង្កាត់​ចំនួន​ ១៦៤៦​ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)


លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​ គ.ជ.ប​ ប្រាប់​ VOA កាលពី​ថ្ងៃសៅរិ៍​ថា​ ភាពចាស់​ទុំនៃ​អ្នក​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ បាន​ញ៉ាំង​ឲ្យ​ បរិយាកាសសន្តិសុខ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត ក្នុង​ថ្ងៃ​ដំបូង​នេះ​ មាន​លក្ខណៈ​អំណោយផល​ដល់​គណបក្ស​នយោបាយ​នា​នា។

«ប្រៀប​ធៀប​នឹង​ការ​ឃោស​នា​បោះឆ្នោ​ត​ ឆ្នាំ​២០១២​ ថ្ងៃ​ចាប់​ផ្តើមដំបូង​នេះ​ មាន​ភាព​ល្អប្រសើរ​ ហើយ​អ្នកនយោបាយ​ឬក៏​ ប្រជាពលរដ្ឋ​លោក​ ឃើញថា​ មាន​ភាព​ចាស់​ទុំ​ច្រើន​ខាង​នយោបាយ​ទៀត​»។

លោក​បាន​បន្តថា​ មន្ត្រីគ.ជ.ប​ នៅក្នុងឃុំ​ព្រៃ​ខ្លា​ ខេត្តតាកែវ​បាន​ទទួល​បណ្តឹង​ពី​អ្នកឃោសនា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃសៅរ៍​ ទាក់​ទិនការ​រារាំងហែក្បួន​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​ថា​ បាន​បង្ក​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ។

​លោក​បាន​ប្រាប់​ VOA ​បន្ថែម​នៅ​ថ្ងៃ​អាទិត្យនេះ​ថា​ ពាក្យ​បណ្តឹង​នេះ​ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅ​ឡើយ​ទេ​ ដោយ​ហេតុថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្តឹង​បក​មក​វិញ។​ យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ការ​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត​នេះ​ លោក​ ហង្ស​ ពុទ្ធា​ ថ្លែង​ថា​ បរិយាកាស​ឃោស​នា​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់​ស្ងាត់​ គ្មាន​អំពើ​ហិង្សា និង​គ្មានពាក្យ​បណ្តឹង​ថ្មី​នោះ​ទេ។

ចំណែកឯ​លោក​ កន​ សាវាង្ស​ អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​ការ​បោះឆ្នោត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុម​ហ្វ្រែល ប្រាប់​ VOA ​ថា​ បរិយាកាសនៃការ​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺមាន​លក្ខណៈ​ប្រសើរ​ ដោយ​អ្នកឃោសនា​បោះឆ្នោត​ មិនបាន​បង្កហិង្សា​ ឬ​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ណាមួយ​នោះ​ឡើយ។

«យើង​មើល​ឃើញ​ដូច​ជា​មិនមាន​បញ្ហា​អី​ដែល​កើត​ឡើង គួរ​ឲ្យ​កត់​សម្គាល់​ទេណ៎ា​ គឺ​មាន​ន័យ​ថា​ គណបក្ស​នីមួយៗហ្នឹង​ ធ្វើ​ការ​ដោយ​រលូន​ មិន​មាន​ការ​ប៉ះពារ​ទេ​ ព្រោះ​វា​មិន​មាន​ឃើញ​ ឬ​ក៏​ករណី​មិនប្រក្រតី​ណាមួយ​កើត​ឡើង​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ គេហៅ​ថា​ជា​ភាព​មិន​ប្រក្រតី​នោះ​ យើង​មើល​អត់​ទាន់​ឃើញ​នៅ​ឡើយ​ទេ​»។

លោក​ កន សាវាង្ស រំពឹងថា​ សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗ​នឹង​ត្រូវ​បន្ត​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សន្តិភាព​ គ្មាន​អំពើ​ហិង្សា​ ប្រសិន​បើ​គណបក្ស​នីមួយៗ​ ប្រកាន់​គោល​ការណ៍​មិន​វាយ​ប្រហារគ្នា​ជា​លក្ខណៈ​បុគ្គល​ឬ​ទិតៀន​គណបក្ស​នយោបាយ​ណា​មួយ​ដោយ​ចំៗ។

ទាំង​នាយ​ឧត្តម​សេនីយ៍​ គៀត​ ចន្ទថារិទ្ធ​ និង​លោក​ កន សាវាង្ស​ មិន​ទាន់​អាច​ប្រៀប​ធៀប​ស្ថានភាព​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​នៅ​ឆ្នាំ​ ២០១៧នេះ​ជាមួយ​នឹង​ឆ្នាំ​ ២០១២​បាន​ទេ​ ដោយ​ត្រូវ​រង់ចាំ​ទទួល​បាន​ព័ត៌មាន​នានា​ ទាក់ទិន​សកម្មភាពឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗ​ សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ។​

រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ គ្រោង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ជាង​៥ម៉ឺន​នាក់​សម្រាប់​ការពារ​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា​ផងដែរ។ កង​កម្លាំង​ដែល​រួម​មាន​នគរបាលជាតិ​ កងរាជ​អាវុធហត្ថ​និង​កង​យោធពល​ខេមរ​ភូមិន្ទ​នឹង​ត្រូវ​ដាក់​ឱ្យ​ឈរ​ជើង​តាម​ការិយាល័យ​បោះឆ្នោត ការពារ​ស្នាក់​ការ​របស់​គណៈកម្មការ​ឃុំ​សង្កាត់ ត្រៀម​អន្តរាគមន៍​ភូមិសាស្រ្ត​ក្នុង​និង​ក្រៅ​ក្រុង​ស្រុក​ខណ្ឌ ​ជាដើម។​

ដោយឡែក​ នៅ​ថ្ងៃ​ទីពីរនៃ​ ការ​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន​ សែន​ បាន​ហែក្បួន​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ នៅ​តាម​ដង​វិថីនានា​ក្នុង​រាជ​ធានី​ភ្នំពេញ ដូច​ដែល​គណបក្ស​ប្រឆាំងបាន​ធ្វើ​នៅ​ថ្ងៃ​ដំបូងនៃ​ការ​ធ្វើយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត៕

No comments: