Tuesday, 9 May 2017

ក្រសួង​មហាផ្ទៃ​បង្ហាញ​ផលិតផល​លាប​មុខ​និង​គ្រឿង​សំអាង​ក្លែងក្លាយ​ជិត​៧០​តោន


ដោយ ឡេង ម៉ាលី
2017-05-08

ផលិតផល​ក្លែងក្លាយ​ជាច្រើន​មុខ​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​នៅ ៥​ទីតាំង និង​ផលិតផល​ក្លែងក្លាយ​ជិត ៧០​តោន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
ផលិតផល​ក្លែងក្លាយ​ជាច្រើន​មុខ​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​នៅ ៥​ទីតាំង និង​ផលិតផល​ក្លែងក្លាយ​ជិត ៧០​តោន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
 RFA/Leng Maly



គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ ដាក់​បង្ហាញ​ផលិតផល​ក្លែងក្លាយ​ជាច្រើន​មុខ ដែល​អាជ្ញាធរ​បង្ក្រាប​បាន​នៅ ៥​ទីតាំង និង​ផលិតផល​ក្លែងក្លាយ​ជិត ៧០​តោន។ អាជ្ញាធរ​ចាត់​ទុក​ការ​បង្ក្រាប​បាន​នេះ ជា​ប្រវត្តិសាស្ត្រ។

អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់ណា មាន​ប្រសាសន៍​ថា គ្រឿង​សំអាង​ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​នៅ​ក្នុង​ខែ​មេសា ជា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង ត្រូវ​គេ​បាន​បន្លំ​ជា​ផលិតផល​បរទេស​មក​ពី ៤​ប្រទេស៖ «»។



លោក​បញ្ជាក់​ថា ការ​បង្ក្រាប​បាន​ផលិតផល​ក្លែងក្លាយ​នេះ គឺ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​តាមដាន​ប្រមូល​ភស្តុតាង​អស់​រយៈពេល ៣​ខែ​លើ​ទីតាំង​ផលិត​លួច​លាក់ ដែល​មិន​មាន​ឈ្មោះ​ក្រុមហ៊ុន​ត្រឹមត្រូវ។

មន្ត្រី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក គន្ធ សុធីរ បង្ហាញ​របាយការណ៍​ថា ករណី​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក្រាប​បាន​នៅ​ទីតាំង​ទាំងនេះ អាជ្ញាធរ​រក​ឃើញ​វត្ថុ​ធាតុ​ដើម​នាំ​ចូល និង​ការ​វេច​ខ្ចប់​មិន​មាន​លិខិត​អនុញ្ញាត វេច​ខ្ចប់​ខុស​លក្ខណៈ គ្មាន​អត្តសញ្ញាណ ការ​នាំ​ម៉ាស៊ីន​ពុំ​មាន​ច្បាប់​អនុញ្ញាត មិន​បាន​ចុះ​បញ្ជី​នៅ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង​ការ​ផលិត​ក្លែង​បន្លំ​ផលិតផល​បរទេស​មួយ​ចំនួន ដូចជា​ចិន កូរ៉េ ថៃ និង​ជប៉ុន ជាដើម។

លោក គន្ធ សុធីរ ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​បរទេស​មួយ​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​ផលិត​សាប៊ូ​ក្លែង​បន្លំ​ម៉ាក​របស់​ខ្លួន៖ «»។

លោក មៀច សុផាន់ណា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផលិត​គ្រឿង​សំអាង និង​ថ្នាំ​ពេទ្យ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន នៅ​មាន​លទ្ធភាព​តិចតួច​នៅ​ឡើយ។ ភាគច្រើន​នៃ​ផលិតផល​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​នានា​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

លោក​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផលិតផល​ទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់។ លោក​ណែនាំ​ថា ចំណុច​សំខាន់ គឺ​លេខ​សម្គាល់​ផលិតផល ទីតាំង​ផលិត និង​ឈ្មោះ​ក្រុមហ៊ុន ជាដើម។ សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) អាច​ពិនិត្យ​ប្រភព​ផលិតផល​ទាំងនេះ​បាន ដោយ​ទាញ​យក​កម្មវិធី​ឈ្មោះ បារខូដ ស្គែននើរ (Bar code scanner) ទុក​សម្រាប់​ឆែក​មើល៖ «»។

លោក មៀច សុផាន់ណា ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​ទៅ អាជ្ញាធរ​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ បង្ក្រាប​បាន​ផលិតផល​ក្លែងក្លាយ​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​ជា​ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា មាន​ជា​ការ​លួច​ថត​ចម្លង​ថាស​ចម្រៀង និង​ភាពយន្ត ជាដើម។ ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ៥​ទីតាំង ទម្ងន់​ជិត ៧០​តោន ជា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​នៅ​ក្នុង​ខែ​មេសា គឺ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​មាន​ម្សៅ ឬ​ឡេ​លាប​ស្បែក ថ្នាំ​លាប​សក់ ម៉ាស​បក​ស្បែក និង​សាប៊ូ​កក់​សក់​ដែល​មាន​ឈ្មោះ​ល្បី មាន​ជាអាទិ៍ សាប៊ូ​កក់​សក់​ម៉ាក​ប៉ង់តែន (Pantene) រីចយស៍ (Rejoice) សាន់ស៊ីលឃ៍ (Sun Silk) ឃ្លឿរ (Clear) និង ឡៃបយ (Lifebuoy)។

ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា ក៏​មាន​ផលិតផល​មួយ​ចំនួន​ទៀត​ដែល​ជា​ផលិតផល​អាល្លឺម៉ង់ ជប៉ុន និង​កូរ៉េ។ ទន្ទឹម​គ្នា​នេះ លោក​ក៏​ព្រមាន​ចំពោះ​អ្នក​ផលិត និង​ចែកចាយ​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​ដែរ៕

No comments: