ដោយ សេក បណ្ឌិត
2017-05-11
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។
Photo: RFA
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា បញ្ហាទឹកថ្នាំជ្រលក់ដៃសម្រាប់សម្គាល់ថា បានបោះឆ្នោតហើយនោះ នឹងលែងមានបញ្ហារឿងលុបជ្រះទៀតទៀតហើយ។ ប៉ុន្តែគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត នៅតែមានការព្រួយបារម្ភអំពីបញ្ហានេះ ព្រោះថា បើទឹកថ្នាំជ្រលក់ដៃនេះពុំមានគុណភាព ឬអាចលុបជ្រះដូចកាលបោះឆ្នោតអាណត្តិមុនឆ្នាំ២០១៣ នោះ នឹងមានអ្នកបន្លំចូលបោះឆ្នោតលើសពីម្ដងបាន។
ការព្រួយបារម្ភនេះនៅពេលដែលគំរូទឹកថ្នាំបោះឆ្នោតដែល គ.ជ.ប ទទួលទិញពីក្រុមហ៊ុនមួយពីប្រទេសឥណ្ឌា ឈ្មោះ Mysore Pain & Varnish ពិសោធន៍ទៅឃើញថា អាចលុបជ្រះ កាលពីថ្ងៃទី១០ ខែឧសភា។
ក្រុមហ៊ុន Mysore Pain & Varnish នេះ ធ្លាប់មានបញ្ហាលក់ទឹកថ្នាំមិនមានគុណភាពមកឲ្យកម្ពុជា ម្ដងរួចមកហើយ កាលពីបោះឆ្នោតជាតិឆ្នាំ២០១៣។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី១១ ខែឧសភា ថា ឥឡូវនេះទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោតលែងមានបញ្ហាទៀតហើយដោយសារ គ.ជ.ប ទើបបានទទួលគំរូទឹកថ្នាំថ្មីពីក្រុមហ៊ុនដដែលនេះ ប៉ុន្តែតាមការពិសោធបឋម ទឹកថ្នាំក្រោយនេះមានគុណភាពល្អជាងមុន ដែលមិនអាចលុបជ្រះភ្លាមៗបានឡើយ៖ «អាគំរូដំបូងនេះបានបង្ហាញថា យើងអាចលាងជ្រះ ឥឡូវអាទើបមកដល់ជាង ៤ម៉ឺនដបក្រោយនេះមានគុណភាពផ្សេងទៅវិញ…! ជាក់ស្ដែងពេលដែលទឹកថ្នាំមកដល់ពេលដែលជ្រលក់ទៅមានកម្លាំងមួយរឹបក្រចកដល់ចុងដៃ អ៊ីចឹង គ.ជ.ប មានសង្ឃឹមថា ទឹកថ្នាំក្រោយនេះមិនអាចលុបជ្រះទេ»។
លោកបន្តថា ទឹកថ្នាំជាង ៤ម៉ឺនដបនេះ មានតម្លៃជិត ៨សែនដុល្លារ។ គ.ជ.ប នឹងធ្វើពិសោធន៍ពីទឹកថ្នាំថ្មីនេះទៀត ជាសាធារណៈនៅសប្ដាហ៍ក្រោយ។
មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត ស្នើ គ.ជ.ប ធ្វើការពិសោធន៍ដោយទុកពេលកុំកៀកនឹងថ្ងៃបោះឆ្នោតពេក ទើបអាចវាយតម្លៃចំពោះទឹកថ្នាំនោះថាពិតជាមានគុណភាព ឬគ្មានគុណភាពបាន។
ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី និងមន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ RFA/Van Vanndeth
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ទោះបីទឹកថ្នាំអាចលុបជ្រះ ក៏ គ.ប.ជ នៅតែអាចធានាបានថា នឹងមិនឲ្យមានករណីអ្នកបោះឆ្នោតបានលើសពីម្ដងបាននោះទេ ដោយផ្អែកលើវិធីសាស្ត្រ ៥ចំណុច។ ក្នុងនោះរួមមានបញ្ជីឈ្មោះថ្មី ពុំមានឈ្មោះស្ទួន មានអ្នកសង្កេតការណ៍ចាំឃ្លាំមើលច្រើនគ្រប់ការិយាល័យ មានរូបថត និងក្រយៅដៃអ្នកបោះឆ្នោតជាសម្គាល់ជាដើម៖ «មន្ត្រីរៀបចំការបោះឆ្នោតនឹងគូសលើឈ្មោះអ្នកបោះឆ្នោត ហើយសាមីខ្លួនក៏ត្រូវផ្ទៀងផ្ទាត់ដោយខ្លួនឯង ហើយក៏ធិកមួយលើឈ្មោះខ្លួនឯងដែរ ដើម្បីបញ្ជាក់ថា ខ្លួនបានបោះឆ្នោតរួចហើយ។ ចំណុចទី៥ នៅក្នុងច្បាប់ក៏បានកំណត់អំពីការដាក់ទោសទណ្ឌធ្ងន់ធ្ងរ គឺការផាកពិន័យជាទឹកប្រាក់ប្រមាណពី ៥លាន ទៅ ២០លានរៀល ឬអាចស្មើនឹង ៥ពាន់ដុល្លារ។ ទឹកប្រាក់នេះច្រើន អ៊ីចឹងអាចគ្មានអ្នកណាប្រថុយប្រថាននោះទេ»។
មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុធារី នៅតែយល់ឃើញថា បើសិនទឹកថ្នាំបោះឆ្នោតមិនមានគុណភាព ការបន្លំបោះឆ្នោតលើពីម្ដងនឹងអាចកើតមាន៖ «អ្វីដែលព្រួយបារម្ភនោះ គឺក្នុងការិយាល័យមួយអាចអត់មានឈ្មោះស្ទួនទេ ប៉ុន្តែមនុស្សដដែលនោះ គាត់ព្យាយាមទៅបោះពីរដង ដោយសារពេលគាត់ទៅបោះលើកទីពីរ គឺអត់មានភស្តុតាងណាបញ្ជាក់ថា គាត់បោះពីរដងទេ ក្រៅតែពីការគូសបន្ទាត់ និងគូសធិក ហើយគេអាចអត់ទទួលស្គាល់ការគូសបន្ទាត់ និងគូសធិកនោះបាន...»។
ចំពោះសំណួរថា តើហេតុអ្វីបាន គ.ជ.ប នៅតែទទួលទិញទឹកថ្នាំពីក្រុមហ៊ុនចាស់ដដែល ដែលធ្លាប់ផលិតទឹកថ្នាំមិនមានគុណភាពកាលពីឆ្នាំ២០១៣ កន្លងមកនោះ?
លោក ហង្ស ពុទ្ធា ពន្យល់ថា គ.ជ.ប បានទទួលគំរូទឹកថ្នាំពីប្រទេស៣ផ្សេងទៀតដែរ ប៉ុន្តែដោយសារពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការពិសោធរកគុណភាព ទើបសម្រេចយកផលិតផលពីក្រុមហ៊ុនចាស់ដដែលនេះ៕
No comments:
Post a Comment