Tuesday, 23 May 2017

កូរ៉េខាងត្បូង៖ សវនាការ​កាត់ក្តី​លោកស្រី ​ប៉ាក់ គុនហេ ​ចាប់ផ្តើម​បើក


Khmer Circle: Democracy means first and foremost that no one stands above the law and all are treated equally on merit and without prejudice as to their deeds, accountability or social connections...

rfi
media
ដោយ ម៉ម ពិសី 23/05/2017 23/05/2017

លោកស្រី ប៉ាក់ គុនហេ ពេលមកដល់តុលាការ ថ្ងៃទី​២៣ ឧសភា ២០១៧
Reuters


លោកស្រី ​ប៉ាក់ គុនហេ ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ដែល​បាន​បាត់បង់​តំណែង ​ដោយសារ​​តែ​រឿង​អាស្រូវ​ពុករលួយ​នេះ ​ ត្រូវ​បាន​បញ្ជូន​ខ្លួន ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ​ដែល​បាន​ចាប់ផ្តើម​បើក​សវនាការ​ជំនុំ​ជំរះ​ ចាប់​ពី​ថ្ងៃ​អង្គារ​ទី​២៣ ​ឧសភា​នេះ​ទៅ។ តាមការ​រំពឹងទុក ​ សវនាការ​នេះ ​នឹង​បន្ត​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៅមុខ​ ដើម្បី​លាត​ត្រដាង​រាល់​ការពិត​ ស្តីពី​សកម្មភាព​ពុករលួយ ​ដែល​គេ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោកស្រី។ សវនាការ​នេះ ​ត្រូវ​បាន​ប្រជាជន​កូរ៉េ​ខាងត្បូង​ ចាត់ទុក​ថា ​ជា​សវនាការ​ប្រចាំ​សតវត្ស។

លោកស្រី​ ប៉ាក់ គុនហេ ​ដែល​គេ​ធ្លាប់​តែ​ឃើញ ​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ អស្ចារ្យ ​ជាមួយ​នឹង​គ្រឿង​សំអាង   ​គ្រឿង​អល្លង្ការ ​ថ្លៃៗ នោះ ​​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ​ឧសភា​នេះ ​លោកស្រី​បាន​បង្ហាញ​ខ្លួន​ ​​នៅ​ចំពោះមុខ​សវនាការ ​ក្រុងសេអ៊ូល ​​ក្នុង​សំលៀកបំពាក់​សា​មញ្ញ ​ប្រកប​ដោយ​ទឹកមុខ​ស្រង៉ូតស្រង៉ាត់ ​មិន​មាន​លាប​ក្រែម​ម្សៅ​អ្វី​ឡើយ។ រថយន្ត​មន្ទីរ​ឃុំឃាំង បាន​ដឹក​លោកស្រី​ មក​ដល់​តុលាការ អម​ដំណើរ​ដោយ​មន្ត្រី​នគរបាល​ជាច្រើន​នាក់។



លោកស្រី ​បាន​ងាក​មុខ​ បែរ​ចេញ​ មិន​ឲ្យ​ប៉ះនឹង​ក្រសែរ​ភ្នែក ​របស់​លោកស្រី​ ឆយ ស៊ុនស៊ីល ​ដែល​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ព្រមគ្នា​ដែរ។ គឺ​លោកស្រី​ ឆយ ស៊ុនស៊ីល ​មិត្ត​ស្និទស្នាល​រយៈ​ពេល​៤០​ឆ្នាំ​ របស់​លោកស្រី​ប៉ាក់ គុនហេ ​នេះហើយ ​ដែល​ជា​ដើម​ប្រភព​ ​នៃ​រឿង​អាស្រូវ ​ពុក​រលួយ​ដ៏​ធំ​នេះ។ លោកស្រី​ ឆយ ស៊ុនស៊ីល​​ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំណាច ​ឥទ្ធិពល​ខុសច្បាប់ ​ដោយ​បាន​ប្រើ​ឈ្មោះ​ជា​មិត្ត​របស់​ប្រធានាធិបតី ​ទៅ​ប្រមូល​ប្រាក់​ពី​ក្រុមហ៊ុន​នានា ​សរុប​ប្រមាណ​ជា​៧០​លាន​ដុល្លារ។ យ៉ាងណា​មិញ ​មេដឹកនាំ​ក្រុមហ៊ុន ​Sumsung ​និង​ ក្រុមហ៊ុន​ Lotte​ របស់​កូរ៉េ​ខាងត្បូង ​ក៏បាន​ជាប់​ចោទ​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដែរ។

ចំណែក​លោកស្រី ​ប៉ាក់ គុនហេ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុករលួយ ​និង​ប្រើប្រាស់​ឥទ្ធិពល​ខុសច្បាប់ ​ជាមួយ​នឹង​លោកស្រី​ឆយ ស៊ុនស៊ីល។ បទចោទ​ប្រកាន់​មួយ​ទៀត​ដ៏​ធ្ងន់​នោះ ​គឺ​លោកស្រី​ប៉ាក់ គុនហេ ​ត្រូវ​បាន​គេ​ចោទ​ថា ​បាន​យក​កិច្ចការ​ដឹកនាំ​ប្រទេស ​កិច្ចការ​សំងាត់​ជាតិ ​យក​ទៅ​លាត​ត្រដាង ​​និង​ស្តាប់​បង្គាប់​លោកស្រី​ ឆយ ស៊ុនស៊ីល ​ទាំងដែល​ លោក​ស្រី​នេះ ​ពុំមាន​មុខងារ​អ្វី​សោះ។

តាម​ការរំពឹង​ទុក ​សវនាការ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ ​ នឹង​ត្រូវ​បន្ត​អូសបន្លាយ ​ជាច្រើន​ខែ ​ដោយសារ​តែ​ភាព​ស្មុគស្មាញ​សាំញ៉ាំ​នៃ​សំណុំរឿង។ នៅព្រឹក​ថ្ងៃ​អង្គារ ​នេះ ​មាន​មនុស្ស​ជា​ច្រើន​រយនាក់ ​ដែល​បាន​ឈរ​រង់ចាំ​ នៅខាង​មុខ​តុលាការ ​ក្រុង​សេអ៊ូល ​ដើម្បី​រង​ចាំ​ស្តាប់​ឈ្មោះ ​ដែល​គេ​ចាប់​ឆ្នោត ​សម្រេច​ឲ្យ​ចូល​ទៅ​ស្តាប់​ អង្គ​ជំនំ​ជំរះ។ បុរស​ចំណាស់​ម្នាក់​ ដែល​ឈរ​ចាំ​នៅ​ខាង​មុខ​តុលាការ​ បាន​និយាយ​ថា ​លោកស្រី ​ប៉ាក់ គុនហេ ​ត្រូវតែ​ទទួល​ទោស​ ឲ្យ​សម​នឹង​ទង្វើ​របស់​គាត់ ​ហើយ​វា​គឺ​ជា​មេរៀន ​សម្រាប់​មេដឹកនាំ​ផ្សេងៗ​ទៀត។ តែក៏​មាន​មនុស្ស​មួយ​ចំនួន នៅ​ខាង​មុខ​តុលាការ ​មកទាមទារ​ឲ្យ​តុលាការ​​ដោះលែង​​លោកស្រី​ ប៉ាក់ គុនហេ​​ដែរ។

សារព័ត៌មាន​ក្នុងស្រុក ​របស់​កូរ៉េ​ខាងត្បូង​ បាន​ចាត់ទុក ​សវនាការ​នេះ​ ​គឺ​ជា​សវនាការ​ប្រចាំ​សតវត្ស។ ប្រជាជន​កូរ៉េ​ខាង​ត្បូង ​បាន​តាមដាន​រឿង​រ៉ាវ​នេះ ​ប្រៀបដូច​ជា​ការ​តាមដាន​រឿង​ភាគ​កូរ៉េ ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​ដូច្នោះ​ដែរ។ គេ​សង្ឃឹម​ថា ​សវនាការ​នេះ ​នឹង​លាត​ត្រដាង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ អំពី​សកម្មភាព​ស្មោគគ្រោក​ ដែល​អ្នក​នយោបាយ ​និង​អ្នក​រកស៊ី​ធំៗ ​នៅ​កូរ៉េ​ខាងត្បូង​ឃុំឃិត​គ្នា ​ដើម្បី​ប្រាក់ ​និង​អំណាច៕

No comments: