Saturday, 27 May 2017

អង្គរវត្ត​ជាប់​ឆ្នោត​ជា​កន្លែង​ទេសចរណ៍​កំពូល​មួយ​នៅ​លើ​ពិភពលោក


27 ឧសភា 2017
  • ហ៊ុល រស្មី
រូបភាព​ព្រះអាទិត្យ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរវត្ត កាល​ពី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១៧ នៅ​ក្នុង​ខេត្ត​សៀមរាម​ ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA​ Khmer)


ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​លេខ​រៀង​ទី​មួយ​ ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដែល​មាន​ចំនួន​២៥។​

ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រ​លំដាប់​កំពូល​ទី​មួយ​របស់​ពិភពលោក​ តាម​រយៈ​កម្មវិធី​ផ្តល់​រង្វាន់​របស់​គេហទំព័រ​ប្រឹក្សា​ធ្វើ​ដំណើរ​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ​ TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។​ នេះ​បើ​តាម​គេហទំព័រ​ TripAdvisor ​និង​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក។
​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ការណ៍​នេះ​នឹង​ជួយ​ឱ្យ​ភាព​ល្បីល្បាញ​របស់​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​នេះ​ កាន់​តែ​ល្បី​រន្ទឺ​ក្នុង​ពិភពលោក​ និង​អាច​ទាក់ទាញ​អ្នក​ទស្សនា​ជា​ច្រើន​មក​កម្ពុជា​ថែម​ទៀត។


​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​លេខ​រៀង​ទី​មួយ​ ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដែល​មាន​ចំនួន​២៥។​ ​សំណង់​ប្រវត្តិសាស្ត្រ​ដែល​ជាប់​ឆ្នោត​ពី​លេខ​រៀង​ទី​ពីរ​ ​ដល់​ទី​៥​ រួម​មាន​មជ្ឈមណ្ឌល​ព្រះវិហារ​សាសនា​អ៊ីស្លាម​ដ៏​ប្រណិត​ឈ្មោះ​ថា​ Sheikh Zayed ក្នុង​ប្រទេស​អារ៉ាប់រួម​ ប្រាសាទ​ Mezquita Cathedral de Cordoba ​របស់​ប្រទេស​អេស្ប៉ាញ​ សំណង់​ St Peter’s Basilica ​ក្នុង​បុរី​វ៉ាទីកង់​ និង​សំណង់​ Taj Mahal ​របស់​ប្រទេស​ឥណ្ឌា។
រូប​ចម្លាក់​តោពីរ​នៅ​មុខ​ច្រក​ចូល​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។
រូប​ចម្លាក់​តោពីរ​នៅ​មុខ​ច្រក​ចូល​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។
​លោក​ ឡុង កុសល្យ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​ថា​ ការ​ទទួល​បាន​ចំណាត់​ថា្នក់​កំពូល​នេះ​ ជា​មោទនភាព​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។
«នេះ​ជា​មោទនភាព​មួយ​របស់​ប្រជាជាតិ​ខ្មែរ​យើង​ ព្រោះ​ដោយ​សារ​ហេតុ​អី​ ដោយ​សារ​អង្គរ​មិន​ត្រឹម​តែ​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​រុងរឿង​ ជា​តំណាង​នៃ​អារិយធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ទេ​ ប៉ុន្តែ​អង្គរ​ ប្រាសាទ​អង្គរវត្ត​ក៏បាន​ក្លាយ​ទៅ​ជា​បេះដូង​ ជា​ព្រលឹង​នៃ​ជាតិ​របស់​យើង​ដែរ»។
លោក​ ឡុង កុសល្យ​ បន្ត​ថា​ ការ​ជាប់​ឆ្នោត​របស់​ប្រាសាទ​អង្គរ​ជា​សំណង់​ប្រវត្តិសាស្ត្រ​កំពូល​ទី​មួយ​របស់​ពិភពលោក បាន​មក​ពី​ការ​ស្ទាបស្ទង់​មតិ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​ ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ពិភពលោក​ផង​ដែរ។
​លោក​និយាយ​បន្ថែម​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ខិតខំ​ធ្វើ​ការ​អភិរក្ស​ប្រាសាទ​អង្គរ​ឲ្យ​គេច​ផុត​ពី​ការ​គំរាម​កំហែង​នានា​ នៅ​ពេល​មាន​ភ្ញៀវ​កាន់​តែ​ច្រើន​បាន​មក​ទស្សនា​ប្រាង្គប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ។ ក្រៅ​ពី​កិច្ច​ការពារ​ប្រាង្គ​ប្រាសាទ​ លោក​ថា​ អាជ្ញាធរ​ជាតិ​ ក៏​ខិតខំ​អនុវត្ត​ផែនការ​ទេសចរណ៍​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ និង​ធ្វើ​ការ​អភិវឌ្ឍ​សហគមន៍​ក្នុង​រមណីយដ្ឋាន​អង្គរ​នេះ។
​សម្រាប់​លោក​ អាង គឹមអ៊ាង​ ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​ Great Angkor Tour ​ថ្លែង​ប្រាប់​ VOA ថា​ ចំណាត់​ថ្នាក់​កំពូល​ទី​មួយ​របស់​ប្រាសាទ​អង្គរវត្ត​ក្នុង​បញ្ជី​នៃ​សំណង់​ប្រវត្តិសាស្ត្រ​ចំនួន​២៥​ក្នុង​ពិភពលោក​ នឹង​ធ្វើ​ឲ្យ​ប្រជាជន​ប្រទេស​ដទៃ​ទៀត​ស្គាល់​កាន់​តែ​ច្រើន​ អំពី​ប្រជាជន​និង​អរិយធម៌​កម្ពុជា​ ដែល​បាន​កសាង​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភពលោក។
យ៉ាងណា​ក៏ដោយ​ លោក​និយាយ​ថា​ ការ​អប់រំ​ឲ្យ​ភ្ញៀវ​យល់​ដឹង​ពី​ការ​គោរព​ប្រណិប័តន៍​បដិមាករ​នៅ​តាម​ប្រាសាទ​នានា​ ជា​កិច្ចការ​សំខាន់​មួយដែល​អាជ្ញាធរ​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ដាក់​ គ្រា​ដែល​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​កម្ពុជា​បន្ត​កើន​ឡើង។
អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​រូប​នេះ​បញ្ជាក់​ថា៖
​«គាត់​មិន​បាន​យល់​ដឹង​ គាត់​មិន​បាន​គោរព​បដិមាករ​ដែល​គាត់​ទៅ​ទស្សនា​អី​ជា​ដើម​ហ្នឹង​ យើង​មាន​ការ​បារម្ភ​មិន​ជាធំ​ទេ​ ប៉ុន្តែ​យើង​មាន​ការ​បារម្ភ​ នៅ​ពេល​ដែល​មាន​ភ្ញៀវ​ច្រើន​កកកុញ​ពេក»។
លោក​ អាង គឹមអ៊ាង​ ​បាន​បន្ត​ថា​ ភ្ញៀវ​ទេសចរណ៍​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​នាំ​មុខ​អ្នក​ទេសចរណ៍​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​រមណីយដ្ឋាន​អង្គរ​ ដោយហេតុ​អ្នក​ទេសចរ​ចិន​កាន់​តែ​ច្រើន​បាន​ផ្តើម​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា។ ​លោក​បន្ថែម​ថា​ ការ​តភ្ជាប់​ដែល​បាន​បន្ត​កើន​ឡើង​នឹង​ជំរុញ​ភ្ញៀវ​ទេសចរ​ចិន​ ក៏​ដូចជា​ភ្ញៀវ​ទេសចរមក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។
រូបភាព​ព្រះអាទិត្យ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរវត្ត កាល​ពី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១៧ នៅ​ក្នុង​ខេត្ត​សៀមរាម​ ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA​ Khmer)
រូបភាព​ព្រះអាទិត្យ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរវត្ត កាល​ពី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១៧ នៅ​ក្នុង​ខេត្ត​សៀមរាម​ ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA​ Khmer)
កាល​ពី​ឆ្នាំ​ ២០១៦​ មាន​ភ្ញៀវ​ទេសចរ​ជិត​ ២,២​លាន​នាក់ ​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត។ ​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឡុង កុសល្យ។
លោក​ ឡុង កុសល្យ​ ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋាភិបាល​រក​ចំណូល​បាន​ចំនួន​ជាង​៦២​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​មិញ។​ ​សម្រាប់​រយៈពេល​បី​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ​ មាន​ភ្ញៀវ​ទេសចរចំនួន​ជិត​៩៥ម៉ឺន​នាក់ និង​រក​ចំណូល​បាន​ជិត​ ៣៨​លាន​ដុល្លារ​អាមេរិក។​
​សួន​ឧទ្យាន​បុរាណ​អង្គរ​ ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​សុខាអូតែល​របស់​លោក​ ​ឧកញ៉ា​ សុខ គង់​ សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ។ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥​ បញ្ចប់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ដល់​អ្នក​ទេសចរណ៍​អន្តរជាតិ​សម្រាប់​ការ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ។
ទោះបី​ជា​ប្រាសាទ​អង្គរវត្ត​អាច​រក​ចំណូល​បាន​ច្រើន​ក្តី​ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​គេ​ដឹង​ថា​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នៅ​ឡើយ៕

No comments: