ដោយ ម៉ម មុនីរតន៍
2017-06-08
អនុប្រធានក្រុមការងាររាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិ លោក សួន រីដា ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។
RFA/Morm Moniroth
គណបក្សប្រឆាំងបានដាក់ចេញនូវកម្មវិធីនយោបាយ គឺរៀបចំឲ្យមានវេទិកាសាធារណៈជួបជាមួយពលរដ្ឋនៅទូទាំងប្រទេស នៅពេលមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សប្រឆាំងចូលកាន់តំណែងរួច។ យុទ្ធសាស្ត្រនយោបាយដែលគណបក្សសង្គ្រោះជាតិ នឹងអនុវត្តក្រោយពេលក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបានផ្ដល់សុពលភាពតាមផ្លូវច្បាប់ហើយនេះ អ្នកវិភាគនយោបាយមើលឃើញថា នឹងធ្វើឲ្យបក្សប្រឆាំងកាន់តែមានភាពទាក់ទាញពីអ្នកគាំទ្រមួយកម្រិតថែមទៀត។
ថ្វីត្បិតតែកម្មវិធីនយោបាយដែលបក្សប្រឆាំងបានគ្រោងរួចហើយ ហើយនៅមិនទាន់បានចាប់ផ្ដើមអនុវត្តនៅឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងដែលជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយបក្សកាន់អំណាច មានជំនឿថា កម្មវិធីនយោបាយដែលបានព្រាងទុកហើយនេះ គឺជាយុទ្ធសាស្ត្រស្លាប់រស់របស់គណបក្សសង្គ្រោះជាតិ។
ថ្លែងក្រោយបញ្ចប់ជំនួបជាមួយមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥ខណ្ឌកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា អនុប្រធានក្រុមការងាររាជធានីភ្នំពេញ គឺលោក សួន រីដា ឲ្យដឹងថា វេទិកាសាធារណៈជួបជាមួយពលរដ្ឋនេះ នឹងចាប់អនុវត្តក្រោយមេឃុំចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ចូលកាន់តំណែងជាផ្លូវការរួច។ លោកបន្តថា វេទិកានេះដែលបានចែងលម្អិតនៅក្នុងកម្មវិធីនយោបាយរបស់បក្សប្រឆាំង គឺដើម្បីប្រមូលបញ្ហានៅក្នុងឃុំ-សង្កាត់ និងពីគ្រប់និន្នាការនយោបាយទាំងអស់ ដើម្បីយកទៅដោះស្រាយ។ លោកបន្តថា «វេទិកានេះគឺសំខាន់ដើម្បីឲ្យពលរដ្ឋសម្ដែងនូវកង្វល់ សម្ដែងនូវបញ្ហា សម្ដែងសំណូមពរដែលប្រជាពលរដ្ឋចង់បាន ហើយយើងនឹងប្រមូលសំណូមពរ ព្រមទាំងកង្វល់ទាំងនេះយកមកពិនិត្យ ហើយនិងដោះស្រាយទៅតាមលទ្ធភាពដែលយើងបំពេញតួនាទីជាចៅសង្កាត់»។
អ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា វេទិកាសាធារណៈរបស់បក្សប្រឆាំងនេះ ថ្វីត្បិតតែមិនដាក់ថាជាសមាជជាតិ ប៉ុន្តែទម្រង់នៃការអនុវត្ត គឺមិនខុសគ្នាទៅនឹងទម្រង់នៃសមាជជាតិប៉ុន្មាននោះដែរ។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច ត្រូវគេមើលឃើញថា ហាក់មិនបានអនុវត្តរឿងសមាជជាតិនេះទេ ថ្វីត្បិតតែមានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលហើយក៏ដោយចុះ។
មាត្រា១៤៧ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា សមាជជាតិបើកឲ្យពលរដ្ឋជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកពីបញ្ហា ហើយសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។ សមាជជាតិនេះ គឺប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិនេះ ប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពរបស់ព្រះមហាក្សត្រ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលហាក់មិនបានគាំទ្រឲ្យមានសមាជជាតិទេក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។ លោកបន្តថា សមាជជាតិ គឺមានសារសំខាន់ណាស់ដែលអាចជួយឲ្យរដ្ឋាភិបាលដើរលើផ្លូវត្រូវ តាមរយៈការទទួលយកបញ្ហាមកដោះស្រាយ។
យ៉ាងនេះក្តីលោក សុខ ឥសាន ថ្លែងការពារថា មកដល់ពេលនេះគេពិតជាពិបាករៀបចំឲ្យមានសមាជជាតិណាស់ ព្រោះថាសព្វថ្ងៃមានគណបក្សនយោបាយច្រើន មិនដូចកាលពីសម័យសង្គមរាស្ត្រនិយមដែលមានបក្សនយោបាយតែមួយនោះទេ។
បើទោះជាបែបណា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៤ នេះ អ្នកគាំទ្របក្សកាន់អំណាចបានរិះគន់ថា បេក្ខភាពមេឃុំចៅសង្កាត់របស់បក្សប្រឆាំងដែលជាប់ឆ្នោត សុទ្ធតែអ្នកទទួលបានការអប់រំតិចតួច និងមានមុខរបរមិនថ្លៃថ្នូរ។
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ សង្កាត់បឹងទំពុនទី១ រាជធានីភ្នំពេញ លោក ឃឿន ប៊ុនធឿន ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ RFA/Morm Moniroth
ឆ្លើយតបចំពោះការរិះគន់នេះ បេក្ខជនក្រុមប្រឹក្សារបស់បក្សប្រឆាំងនៅសង្កាត់បឹងទំពុនទី១ គឺលោក ឃឿន ប៊ុនធឿន យល់ឃើញថា ការពេបជ្រាយបែបនេះពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា វាពិតជាពិបាកទទួលយកណាស់។ លោក ឃឿន ប៊ុនធឿន ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ បញ្ជាក់ថា អ្នកដែលទទួលបានការគាំទ្រឲ្យដឹកនាំនៅក្នុងឃុំ-សង្កាត់ ក្រៅពីមានសមត្ថភាពហើយ និងធ្វើអ្វីដែលថ្មី មិនពុករលួយដូចមេឃុំ ឬចៅសង្កាត់ក្នុងអាណត្តិមុនៗនោះទេ។ លោកបន្តថា «គណបក្សសង្គ្រោះជាតិ គឺមានសមត្ថភាពគ្រប់គ្រាន់នឹងទៅបម្រើប្រជាពលរដ្ឋបានទាំងអស់ មិនរើសអើងនយោបាយ និងមិនប្រកាន់បក្ខពួកដាច់ខាត»។
ទាក់ទិនរឿងនេះដែរ លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សប្រឆាំង ចាត់ទុកការរិះគន់នេះថា គឺជាការរុញខ្លួនឯងឲ្យធ្លាក់ទឹកទៅវិញទេ។ លោកបន្តថា គ្រប់សមាសភាពដឹកនាំនៅក្នុងឃុំ-សង្កាត់ មិនគិតថាទាល់តែបានបណ្ឌិត ទើបអាចធ្វើការបាននោះឡើយ។ ជាងនេះទៀត នយោបាយរើសអើងដូចនេះ នឹងបង្កើតឲ្យមានវណ្ណៈសង្គម និងពណ៌សម្បុរកាន់តែខ្លាំងនៅក្នុងសង្គម។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សកាន់អំណាចមិនបានតម្រូវឲ្យអ្នកគាំទ្របក្ស និយាយរឿងមិនគប្បីទៅលើសមត្ថភាពរបស់បេក្ខភាពរបស់បក្សប្រឆាំងនោះទេ។ លោកបន្តថា ការរិះគន់ ឬការពេបជ្រាយ គឺពុំបានឆ្លុះបញ្ចាំងពីគោលជំហររបស់គណបក្សឡើយ។ លោកបន្តថា «ទេជាទស្សនៈឯកជនទេ។ គោលការណ៍របស់គណបក្សគ្មានគោលការណ៍បែបហ្នឹងទេ។ យើងមិនបានវាយតម្លៃមនុស្សដោយគ្មានការពិនិត្យឲ្យបានល្អិតល្អន់ទេ»។
តួលេខបឋមនៃបន្ទប់ស្ថានការណ៍ដែលជាបណ្ដុំនៃសង្គមស៊ីវិល បង្ហាញថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤ ដែលមិនទាន់ផ្លូវការ គឺបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រ ៤៨% ខណៈបក្សប្រឆាំងទទួលបានសំឡេងគាំទ្រ ៤៥% នៃចំនួនសន្លឹកឆ្នោតបានការសរុប៕
No comments:
Post a Comment