Sunday, 25 June 2017
បន្ទប់ស្ថានការណ៍៖ បរិយាកាសដំណើរការបោះឆ្នោត មានកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ
ដោយ សឿង ភារៈ 24/06/2017 24/06/2017
បន្ទប់ស្ថានការណ៍ ដែលសង្កេតមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ
Phearak Soeung
នៅថ្ងៃទី២៤ ខែមិថុនានេះ បន្ទប់ស្ថានការណ៍ ដែលសង្កេតមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ បានវាយតម្លៃជារួមចំពោះបរិយាកាសដំណើរការបោះឆ្នោត ថាមានកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ ប៉ុន្តែការចាត់ចែងការបោះឆ្នោតប្រសើរជាងមុន។
សកម្មភាព និងព្រឹត្តិការណ៍មួយចំនួន ដែលធ្វើឲ្យបន្ទប់ស្ថានការណ៍វាយតម្លៃលើកចុងក្រោយចំពោះដំណើរការបោះឆ្នោតឃុំ សង្កាត់បែបនេះ រួមមានសកម្មភាពនៃការឃោសនាបោះឆ្នោត ការដោះស្រាយបណ្តឹងមិនទាន់មានភាពប្រសើរ ទាមទារឲ្យមានការកែតម្រូវ។
ក្រៅពីនេះ បរិយាកាសមុនថ្ងៃបោះឆ្នោតមានការគាបសង្កត់ខាងនយោបាយ ហរិញ្ញវត្ថុឃោសនាបោះឆ្នោត ការប្រើប្រាស់ធនធានរដ្ឋខ្វះសមធម៌ និងតម្លាភាព ការប្រគួតប្រជែងខ្វះសមភាព ខ្វះឯករាជ្យរបស់មន្ត្រីតុលាការ ការលំអៀងនយោបាយនៃមន្ត្រីយោធា ដែលដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ និងគំរាមដល់សកម្មភាពបក្សនយោបាយ សមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ បន្ទប់ស្ថានការណ៍ ដែលមានអង្គការក្រៅរដ្ឋាភិបាលជាសមាជិកជិត៣០ស្ថាប័នក៏បានលើកឡើងពីចំណុចវិជ្ជមានមួយចំនួននៅក្នុងដំណើរការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ការបោះ និងការរាប់សន្លឹកឆ្នោត ការប្រកាស បិទ និងដាក់ផ្សាយលើគេហទំព័រនូវលទ្ធផលបោះឆ្នោត។ ក៏មានដែរការមើលឃើញថា បរិយាកាសបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ គ្មានអំពើហិង្សាធ្ងន់ធ្ងរ។
បន្ទប់ស្ថានការណ៍ក៏បានដាក់អនុសាសន៍របស់ខ្លួនចំនួន១៥ចំណុច សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌។ ចំពោះចំណុចទាំង១៥នោះ ក៏មានដែរ ការស្នើឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងឡាយ ទាក់ទិននឹងនយោបាយ មនសិការ និងការពារសិទ្ធិមនុស្ស។
លោកហង្ស ពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៤ មិថុនា ថា គ.ជ.ប បានសង្កេតឃើញចំណុចវិជ្ជមានច្រើនក្នុងការងាររបស់ខ្លួន តែចំពោះចំណុចអវិជ្ជមានគឺមានតិចតួច។ លោកបន្ថែមថា គ្មានការបោះឆ្នោតណា ដែលល្អឥតខ្ចោះនោះទេ ហើយ គ.ជ.ប នឹងយកអនុសាសន៍ទាំងឡាយមកពិនិត្យពិចារណា៕
គួរជម្រាបជូនថា ការចេញសេចក្តីថ្លែងការណ៍វាយតម្លៃចុងក្រោយលើការបោះឆ្នោតឆ្នាំ២០១៧នេះ ធ្វើឡើងមួយថ្ងៃមុនការប្រកាសលទ្ធផលផ្លូវការរបស់គ.ជ.ប ដែលធ្វើឡើងតាមរយៈទូរទស្សន៍ និងវិទ្យុជាតិ នៅថ្ងៃទី២៥ ខែមិថុនា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment