25 មិថុនា 2017
នាថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់។ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បង្ហាញពីការយល់ឃើញខុសគ្នាពីលើលទ្ធផលនេះ។
ភ្នំពេញ —
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជាទទួលបានមេឃុំ-ចៅសង្កាត់ចំនួន១,១៥៦ គណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន១។ គណបក្សកាន់អំណាចសាទរនឹងលទ្ធផលនេះ ប៉ុន្តែគណបក្សប្រឆាំងលើកឡើងថា ការបោះឆ្នោតមានភាពអយុត្តិធម៌។
នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង១២ ដែលជាលទ្ធផលផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា នៅតាមរាជធានី-ខេត្តទាំង២៥។
ក្នុងតារាងដែលចេញផ្សាយដោយ គ.ជ.ប គណបក្សចំនួន៣តែប៉ុណ្ណោះដែលទទួលបានមេឃុំ-ចៅសង្កាត់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានសំឡេងគាំទ្រចំនួន ជាង៣លាន ៥សែនសំឡេង ស្មើនឹង ៥០.៧៦ភាគរយ និងឈានទៅគ្រប់គ្រងឃុំ-សង្កាត់ចំនួន១,១៥៦ នៅទូទាំងប្រទេស។ គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ទទួលបានសំឡេងគាំទ្រចំនួន ជាង៣លានសំឡេង ស្មើនឹង ៤៣.៨៣ភាគរយ និងឈានទៅគ្រប់គ្រងឃុំ-សង្កាត់ចំនួន ៤៨៩។ ចំណែកគណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានសំឡេងគាំទ្រចំនួន ជិត៨ម៉ឺនសំឡេង ស្មើនឹង ១.១៣ភាគរយ និងឈានទៅគ្រប់គ្រងឃុំចំនួន១ ក្នុងខេត្តបន្ទាយមានជ័យ។
បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ជាផ្លូវការ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយបានប្រកាសទទួលយកលទ្ធផលផ្លូវការនេះ និងបានបញ្ជាក់ថា នេះគឺជាលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA នារសៀលថ្ងៃអាទិត្យនេះថា គណបក្សប្រជាជនកម្ពុជាទទួលយកលទ្ធផលបោះឆ្នោតនេះដោយពេញចិត្ត។
«គណបក្សប្រជាជនគឺទទួលយក មិនមែនមិនអាចទេ គឺថាទទួលយកដោយរីករាយទៅតាមលទ្ធផលជ័យជម្នះរបស់ គ.ជ.ប ដែលមានការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសខ្ពស់»។
ចំណែកគណបក្សសង្គ្រោះជាតិលើកឡើងថា ការបោះឆ្នោតគ្មានភាពយុត្តិធម៌ និងថា គ.ជ.ប ត្រូវកែលម្អចំណុចមួយចំនួន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង មិនបានឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរថា តើគណបក្សសង្គ្រោះជាតិទទួលយកលទ្ធផលបោះឆ្នោតនេះ ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែលើកឡើងថា ការបោះឆ្នោតឃុំ-សង្កាត់កាលពីដើមខែមិថុនានេះ គ្មានភាពយុត្តិធម៌។
«បរិយាកាសនយោបាយតាំងពីមុនការបោះឆ្នោតហ្នឹង គឺមានស្ថានភាពអាក្រក់។ មានឯកឧត្តមប្រធាន សម រង្ស៊ី ហ្នឹងមិនបានចូលរួមបោះឆ្នោត មានអំពើហិង្សា មានការចាប់តំណាងរាស្រ្តព្រឹទ្ធសភា សកម្មជន សង្គមស៊ីវិលដាក់ពន្ធនាគារទល់សព្វថ្ងៃមិនទាន់ដោះលែង ហើយក៏មានការប្រើប្រាស់វោហារសាស្ត្រក្នុងការគំរាមកំហែង។ នេះគឺជាកិច្ចការមួយ កត្តាមួយ ដែលរួមចំណែកឲ្យការបោះឆ្នោតហ្នឹងមិនសេរីនិងយុត្តិធម៌ទេ»។
លោក យឹម សុវណ្ណ បន្ថែមថា គ.ជ.ប ត្រូវកែលម្អចំណុចមួយចំនួនពាក់ព័ន្ធនឹងដំណើរការទាំងមុន និងអំឡុងការបោះឆ្នោត ព្រមទាំងអំឡុងការរាប់សន្លឹកឆ្នោតជាដើម ដើម្បីធានាដល់ការបោះឆ្នោតទទួលបានភាពសេរី និងយុត្តិធម៌រវាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ លើកឡើងពីចំណុចដែល គ.ជ.ប ត្រូវកែលម្អយ៉ាងដូច្នេះថា៖ «នៅក្រៅប្រទេស១លាន៧សែននាក់ មិនបានចុះឈ្មោះបោះឆ្នោត។ ៧សែននាក់ក្នុងប្រទេសបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែខ្វះឯកសារ និងមានឧបសគ្គជាច្រើន ដែលធ្វើឲ្យគាត់មិនបានមកបោះឆ្នោតនៅក្នុងអំឡុងពេលបោះឆ្នោត។ ការឃោសនាឃើញមានការរើសអើង គណបក្សកាន់អំណាចហែផ្លូវណាក៏បាន ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់ផ្លូវមួយចំនួននិងការជួបជុំតាមទីធ្លាសាធារណៈមួយចំនួន។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក៏មិនស្មើភាព មិនអព្យាក្រឹត្យ ហើយក៏គ្មានការដាក់ទោសទណ្ឌទៅលើប្រព័ន្ធផ្សព្វផ្សាយដែលបានប្រព្រឹត្តខុសដែរ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានទេ រហូតមកដល់ល្ងាចថ្ងៃអាទិត្យនេះ។
ចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ សរុបមានចំនួនប្រមាណជា៩.៦លាននាក់។ ក្នុងនោះពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតមានជាង៧.៨លាននាក់ ហើយពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត តែមិនបានទៅបោះមានចំនួនជាង៨សែននាក់។
បើតាម លោក រ៉ុង ឈុន សមាជិកមួយរូបក្នុងចំណោម៩រូបរបស់ គ.ជ.ប បានបង្ហោះតួលេខនៃចំនួនសន្លឹកឆ្នោតបានការ និងមិនបានការលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍នេះថា សន្លឹកឆ្នោតដែលបានការ មានចំនួន ជិត៧លានសន្លឹក ចំណែកសន្លឹកឆ្នោតមិនបានការមានជាង ១៣ម៉ឺនសន្លឹក។
កាលពីថ្ងៃសៅរ៍ ក្រុមអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ក្នុងបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការវាយតម្លៃទាំងមូលនិងចុងក្រោយលើការបោះឆ្នោតនេះថា «ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព ប៉ុន្តែការចាត់ចែងនៃការបោះឆ្នោតមានភាពប្រសើរជាងមុន»។
បើតាមលទ្ធផលជាផ្លូវការនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជាថយ ចំនួន៤៣៦ ឃុំ-សង្កាត់ បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១២ ដែលទទួលបាន១,៥៩២ ឃុំ-សង្កាត់។ ចំណែកគណបក្សសង្គ្រោះកើនចំនួន៤៤៩ឃុំ-សង្កាត់ បើធៀបនឹងការបោះឆ្នោតក្នុងឆ្នាំ២០១២ ដែលនៅពេលនោះ គណបក្សប្រឆាំងនេះ ទទួលបានត្រឹមតែចំនួន៤០ឃុំ-សង្កាត់ ប៉ុណ្ណោះ ដោយបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស៕
No comments:
Post a Comment