04 មិថុនា 2017
«យើងមានកំណត់ហើយ ដូចខ្ញុំជម្រាបអ៊ីចឹង យើងមានកំណត់ថាយើងយកឈ្នះ ហើយការបង្ហាញការគាំទ្រគឺខ្លាំងជាងមុនច្រើនណាស់ ប៉ុន្តែប្រជាពលរដ្ឋលោកសម្រេចហើយហើយ»។
ភ្នំពេញ —
នាព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា មេដឹកនាំបក្សជំទាស់សង្គ្រោះជាតិ បានចេញទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យនេះដោយសង្ឃឹមថាបក្សលោកឈ្នះដោយ «កិត្តិយស» និង «សេចក្ដីថ្លៃថ្នូរ»។
ប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាថ្ងៃអាទិត្យនេះ ដែលមានបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១២ ក៏ប៉ុន្តែមានតែគណបក្សធំៗពីរតែប៉ុណ្ណោះ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សជំទាស់សង្គ្រោះជាតិដែលដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស។
ដើរក្នុងចំណោមការចោមរោមរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិរាប់សិបនាក់ លោក កឹម សុខា បានធ្វើដំណើរចូលទៅកាន់ការិយាល័យបោះឆ្នោតលេខ០៩៩៦ ដែលស្ថិតក្នុងបរិវេណសាលាបឋមសិក្សាចាក់អង្រែលើភាគខាងត្បូងក្រុងភ្នំពេញ។
ក្រោយពេលបានបោះឆ្នោត លើកសន្លឹកឆ្នោតរបស់លោកនិងដៃជ្រលក់ថ្នាំបង្ហាញទៅកាន់អ្នកសារព័ត៌មាន លោក កឹម សុខា បានថ្លែងប្រាប់នៅក្រៅការិយាល័យបោះឆ្នោតថា គណបក្សសង្គ្រោះជាតិ អាចដឹងនូវសន្ទុះគាំទ្ររបស់ខ្លួន តាមរយៈការចុះទៅធ្វើយុទ្ធនាការនៅ២៥ខេត្តរាជធានី ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ។
លោក កឹម សុខា បាននិយាយថា៖
«យើងមានកំណត់ហើយ ដូចខ្ញុំជម្រាបអ៊ីចឹង យើងមានកំណត់ថាយើងយកឈ្នះ ហើយការបង្ហាញការគាំទ្រគឺខ្លាំងជាងមុនច្រើនណាស់ ប៉ុន្តែប្រជាពលរដ្ឋលោកសម្រេចហើយហើយ»។
ដើរជ្រែកក្រុមអ្នកសារព័ត៌មាន និងអមដោយការការពារសន្តិសុខយ៉ាងមាំទាំ ពីកងអង្គរក្សនិងមន្ត្រីគណបក្ស លោក កឹម សុខាបានបន្ថែមថា៖ «គណបក្សសង្គ្រោះជាតិយើង ចង់ឈ្នះដោយថ្លៃថ្នូរ ចង់ឈ្នះដោយកិត្តិយស»។
លោក កឹម សុខា ដែលមានទីលំនៅក្នុងខណ្ឌទួលគោក បានបោះឆ្នោតក្នុងសង្កាត់ចាក់អង្រែដោយហេតុថាលោកបានទៅចុះឈ្មោះបោះឆ្នោតក្នុងតំបន់ក្បែរទីស្នាក់ការកណ្ដាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ទីដែលលោកបានលាក់ខ្លួនគេចចេញពីបណ្ដឹងក្ដីក្ដាំនៅតុលាការ។
នៅពេលត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មាន ថាតើការថ្លែងជាបន្តបន្ទាប់អំពីលទ្ធភាពនៃការធ្លាក់ចូលទៅក្នុងសង្គ្រាម អាចនឹងប៉ះពាល់ដល់សម្លេងគាំទ្របក្សជំទាស់ឬអត់ លោក កឹម សុខា បាននិយាយថាប្រជាពលរដ្ឋជាម្ចាស់ឆ្នោត«មិនចង់បានតួកាចទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកមេបក្សជំទាស់វ័យ៦៣ឆ្នាំ ដែលជាគូប្រជែងដ៏ស្វិតស្វាញនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថាបរិយាកាសបោះឆ្នោតជាទូទៅមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតអាណត្តិមុនៗបើគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។ លោកកឹម សុខា ថាគេគួរចាំមើលដំណើរការបោះឆ្នោតចប់សព្វគ្រប់សិន សឹមវាយតម្លៃជារួមថាមានលទ្ធភាពសេរី និងយុត្តិធម៌ប៉ុណ្ណា៕
No comments:
Post a Comment