Saturday 17 June 2017

លោក សម រង្ស៊ី៖ អ្នក​ដែល​កំសាក​គឺ​អ្នក​ប្រើ​តុលាការ ទាហាន ប៉ូលិស​កម្ចាត់​គូ​ប្រកួត


ដោយ ជុន ច័ន្ទបុត្រ
2017-06-15

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

Photo: RFA


លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា បាន​បង្ហោះ​សារ​មួយ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក ឆ្លើយ​តប​ទៅ​អ្នក​កាសែត​បរទេស​ដែល​សាកសួរ​លោក​អំពី​ជំហរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ របស់​លោក​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លុបចោល​បម្រាម​មិន​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​អោយ​លោក និង​ដឹក​លោក​មក​កម្ពុជា វិញ​នោះ។



សារ​ជា​ភាសា​អង់គ្លេស​ដែល​លោក សម រង្ស៊ី បង្ហោះ​នោះ មាន​អម​ដោយ​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កាយវិការ​លើកដៃ​ចង្អុល និង​ហារ​មាត់​ស្រែក​ផង។

លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ថា តើ​បាន​ប្រយោជន៍​អ្វី​ទៅ​ក្នុង​ការ​ជាប់​គុក​ដើម្បីអោយ​បាន​តែ​ជាប់​គុក​នោះ? លោក​បន្ត​ថា លោក​សុខ​ចិត្ត​ធ្វើ​ពលីកម្ម​សព្វ​បែប​យ៉ាង រួម​ទាំង​ការ​បូជា​ជីវិត​លោក​ផង ប្រសិនបើ​ការ​បូជា​ជីវិត​នោះ គឺ​ដើម្បី​បុព្វហេតុ​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ដោយ​ដក​លោក ហ៊ុន សែន ដែល​លោក​ហៅ​ថា ជា​ជន​ផ្ដាច់ការ​ចេញ​ពី​តំណែង​ជា​មុន​សិន។

​សារ​ឆ្លើយ​តប​របស់​លោក សម រង្ស៊ី នេះ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​សារស័ព្ទ​ឌឺដង​ឡង​សម្ដី​ទៅ​លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។ ថ្វី​ដ្បិតតែ​លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​ក្លាហាន លោក​ក៏​លើក​យក​ចំរៀង​មួយ​ដែល​គេ​និយម​ច្រៀង​ឌឺដង​ដល់​មនុស្ស​កំសាក ត្រង់​វគ្គ​ដែល​ថា “ក្របី​ស៊ី​ស្រូវ​បង​មិន​សូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​អោយ​ស្រី​មើល” មក​ច្រៀង​ត្រាប់​អោយ​និស្សិត​ស្ដាប់​ផង។

សារ​របស់​លោក សម រង្ស៊ី បន្ត​ទៀត​ថា ខ្ញុំ​មិន​ចង់​ធ្វើ​ដូច​កូន​ក្មេង​បៀម​ដៃ និង​ជា «វីរបុរស» ដោយ​ខ្វះ​ភាព​ប្រាកដប្រជា​មួយ ហើយ​ដែល​ការ​លះបង់​របស់​ខ្លួន​នឹង​ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍​នោះ​ទេ។

​លោក សម រង្ស៊ី ចោទ​ជា​សំណួរ​ទៀត​ថា នៅ​ពេល​ដែល​និយាយ​ពី​ភាព​កំសាក​ក្នុង​ការ​តតាំង​គ្នា​រវាង​អ្នក​នយោបាយ​ពីរ​រូប តើ​វា​មិន​មែន​ជា​រឿង​កំសាក​ទេ ឬ​ដែល​អ្នក​នយោបាយ​ម្នាក់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ស្រុក ទាហាន និង​នគរបាល​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅ​កម្ចាត់​គូរ​បដិបក្ខ​របស់​ខ្លួន? តើ​វា​មិន​មែន​ជា​ការ​កំសាក​ទេ​ឬ​ ដែល​អ្នក​នយោបាយ​ម្នាក់​ក្នុង​តួនាទី​ជន​ផ្តាច់ការ និយាយ​ជា​សាធារណៈ​ថា ខ្លួន​ត្រៀម​នឹង «កម្ចាត់​មនុស្ស ១០០ ទៅ ២០០ នាក់» ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ប្រព្រឹត្ត​នៅ​ពេល​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​នោះ?

​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​មិថុនា លោក សម រង្ស៊ី មាន​ប្រសាសន៍​ក្នុង​នាទី​វេទិកា​របស់​វិទ្យុ​អាស៊ីសេរី​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដក​បម្រាម​រារាំង​លោក​មិន​អោយ​ចូល​មក​កម្ពុជា នោះ​ចេញ ដើម្បី​អោយ​លោក​អាច​វិល​ចូល​មក​ប្រទេស​កម្ពុជា ​ចូលរួម​ប្រកួតប្រជែង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជាមួយ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន៕

1 comment:

Anonymous said...

Traitor & Yuon's puppet Hun Sen is a coward.
He likes to hide behind his mercenaries and his Hanoi Masters army.