Wednesday, 14 June 2017
គ.ជ.ប សម្រេចឲ្យបក្សកាន់អំណាចឈ្នះឆ្នោតនៅឃុំដូង២សំឡេងលើបក្សសង្គ្រោះជាតិ
ដោយ ថា កិត្យា
2017-06-13
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
RFA/Van Vanndeth
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លើគណបក្សសង្គ្រោះជាតិ ចំនួន ២សំឡេងវិញ។ ការសម្រេចបែបនេះ ធ្វើឲ្យបក្សប្រឆាំងកើតទុក្ខមិនសុខចិត្ត ដោយសារដំបូងឡើយគណបក្សកាន់អំណាចជាអ្នកចាញ់ឆ្នោត។
ការប្រកាសលទ្ធផលផ្ដល់ឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតឡើងវិញនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាឃុំមួយជាប់ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី១៣ ខែមិថុនា គឺបន្ទាប់ពី គ.ជ.ប បានសម្រេចរាប់សន្លឹកឆ្នោតនៅគ្រប់ការិយាល័យទាំង ២៣ ឡើងវិញ និងដោះស្រាយបណ្ដឹងរបស់គណបក្សធំៗទាំងពីរចាប់តាំងពីព្រឹកថ្ងៃទី១២ ខែមិថុនា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លទ្ធផលផ្លូវការចុងក្រោយនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ២.៦១១សំឡេង ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ២.៦០៩សំឡេង ដូច្នេះគណបក្សប្រជាជន ឈ្នះ២សំឡេង។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ដំណោះស្រាយនៅ គ.ជ.ប ដែលសម្រេចឲ្យបក្សកាន់អំណាចឈ្នះឆ្នោតនេះ គឺ គ.ជ.ប សម្រេចបិទផ្លូវតវ៉ាតែម្ដង៖ «តម្លាភាព គឺឋិតនៅត្រង់ថា ចូលរួមទាំងអស់គ្នាហើយ។ គ.ជ.ប អនុវត្តទៅតាមនីតិវិធីរបស់ខ្លួន»។
កាលពីថ្ងៃទី១២ ខែមិថុនា គ.ជ.ប បានចាត់តាំងមន្ត្រីប្រាំក្រុមឱ្យរាប់ឡើងវិញនូវសន្លឹកឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង នៃខេត្តស្វាយរៀង។ ជាច្រើនលើកច្រើនសាក្នុងពេលកំពុងរាប់សន្លឹកឆ្នោតនោះ តំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកជុំវិញសន្លឹកឆ្នោតដែលគំនូសឆ្នោតមិនច្បាស់ ដូចជាមានទម្រង់ជាលេខ ជាអក្សរ ឬស៊ីញ៉េ ហើយសន្លឹកឆ្នោតខ្លះទៀតប្រឡាក់ និងមានស្នាមត្រា គ.ជ.ប បោះខុសកន្លែងជាដើម។
ទីបំផុតក្រុមអ្នករាប់សន្លឹកឆ្នោតក៏បានបញ្ជូនសន្លឹកឆ្នោតចំនួន ៦៦សន្លឹក ដែលបក្សទាំងពីរមិនឯកភាពគ្នា និងសន្លឹកឆ្នោតមិនបានការ ១៤១សន្លឹកទៅសមាជិក គ.ជ.ប ទាំង ៩រូប ពិនិត្យសម្រេច។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី ដែលចូលរួមអង្កេតការរាប់សន្លឹកឆ្នោតដែរនោះ បានមានប្រសាសន៍ថា ថ្វីបើគណបក្សសង្គ្រោះជាតិ គ្មានកន្លែងត្រូវទៅតវ៉ាដោយសារ គ.ជ.ប បិទផ្លូវតវ៉ាក្តី ប៉ុន្តែបេក្ខជនមេឃុំរបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺពួកគាត់មិនអាចទទួលយកបានឡើយចំពោះលទ្ធផលនេះ។
លោកស្រីបញ្ជក់ថា មិនអាចទទួលយកបានដោយសារគ្មានការកំណត់ជាស្តង់ដារថា គំនូសបែបណាត្រូវយកជាបានការ ឬមិនបានការឡើយ ពោលគឺអាស្រ័យលើការបកស្រាយរបស់ គ.ជ.ប។ ម្យ៉ាងវិញទៀត លោកស្រីឲ្យដឹងដែរថា សន្លឹកឆ្នោតមិនបានការដែលគូសក្នុងប្រអប់គណបក្សប្រជាជនមួយចំនួន ត្រូវបានក្រុមអ្នករាប់សន្លឹកឆ្នោតផ្តល់សុពលភាព ប៉ុន្តែចំពោះសន្លឹកឆ្នោតមិនបានការដែលគូសគាំទ្របក្សប្រឆាំងត្រូវបានដកសុពលភាពទៅវិញ៖ «ប៉ុន្តែគំនូសប្រហាក់ប្រហែលគ្នាទៅវិញ យើងឃើញថាគូសគាំទ្រក្នុងប្រអប់គណបក្សប្រជាជន បែរជាថាយកជាបានការ។ អ៊ីចឹងកំណត់ស្តង់ដារវាអត់ដូចគ្នា លើថាមួយណាហៅថាគំនូស មួយណាហៅថាអក្សរ។ ដល់អ៊ីចឹងទៅ សំឡេងឆ្នោតយើងមិនអាចទទួលយកបានទេ»។
លទ្ធផលបោះឆ្នោតបឋមនៅក្នុងឃុំដូង ដែលផ្សព្វផ្សាយដោយ គ.ជ.ប ក្រោយការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា កន្លងទៅអោយដឹងថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ២.៥៩៩សំឡេង គឺនាំមុខគណបក្សប្រជាជនកម្ពុជា ចំនួន ៣សំឡេង ពោលគឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២.៥៩៦សំឡេង។ ក្រោយមកគណបក្សប្រជាជនកម្ពុជា បានប្ដឹងឲ្យរាប់សន្លឹកឆ្នោតចំនួន ៦ការិយាល័យឡើងវិញ កាលពីថ្ងៃទី៧ ខែមិថុនា នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បែរជាគណបក្សប្រជាជនឈ្នះលើគណបក្សសង្គ្រោះជាតិ ១សំឡេងវិញ ម្ល៉ោះហើយ ទើបបណ្ដាលឲ្យបក្សប្រឆាំងសម្រេចប្ដឹង គ.ជ.ប ឲ្យរាប់សន្លឹកឆ្នោតគ្រប់ការិយាល័យទាំង ២៣ឡើងវិញ។
ក្រោយប្រកាសលទ្ធផលផ្លូវការនៅឃុំដូង រួចរាល់នោះ អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា មកដល់ថ្ងៃនេះ គ.ជ.ប បានទទួលបណ្ដឹងប្រមាណ ៤០បណ្ដឹងហើយពីគណបក្សនយោបាយ ហើយភាគច្រើនជាបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ។ គ.ជ.ប ក៏បានប្រកាសដែរថា នៅថ្ងៃទី១៤ ខែមិថុនា គឺពេលព្រឹក គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ នៅរសៀលថ្ងៃដដែល គ.ជ.ប ក៏នឹងបើករាប់សន្លឹកឆ្នោតចំនួន ១ការិយាល័យនៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment