Friday, 30 June 2017

ក្រុម​អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​អោយ​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​បន្ទប់​ស្ថានការណ៍


ដោយ​ សុ ជីវី
2017-06-30


ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
 RFA/Chea Sophearin


ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន​រិះគន់​រដ្ឋាភិបាល​ថា កំពុង​រំលោភ​បំពាន​សិទ្ធិ និង​កាតព្វកិច្ច​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដើម្បី​​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំពារ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា បាន​បញ្ជា​អោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពិនិត្យ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​ហៅ​ថា បន្ទប់​ស្ថានការណ៍ បន្ទាប់​ពី​បណ្ដុំ​អង្គការ​នេះ​បាន​វាយ​តម្លៃ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧។

ក្រុម​អង្គការ​អន្តរជាតិ និង​ក្រុម​សមាជិក​សភា​អាស៊ាន​ជំរុញ​អោយ​រដ្ឋាភិបាល​ទម្លាក់​ចោល​ដំណើរការ​ស៊ើប​អង្កេត ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​បណ្ដុំ​អង្គការសង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត ឬ​ហៅ​ថា បន្ទប់​ស្ថានការណ៍ ដើម្បី​ធានា​ការពារ​តួនាទី​សង្គម​ស៊ីវិល និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ចំនួន​៤ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា បាន​លើក​ឡើង​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​លើ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ដ្បិត​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ជា​ពិសេស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​គឺ​ជា​ការ​គំរាម​កំហែង​សង្គម​ស៊ីវិល​ដទៃ​ទៀត​អោយ​បាន​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨។ អង្គការ​អន្តរជាតិ​ទាំង​៤​នោះ រួម​មាន​បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (Asia Democracy Network) វេទិកា​សិទ្ធិ​មនុស្ស​អាស៊ី (Asian Forum for Human Rights and Development) បណ្ដាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី (Asian Network for Free Election) សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ (Southeast Asian Press Alliance)។

No comments: