Friday, 9 June 2017

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​បន្ត​តស៊ូ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង


ដោយ មួង ណារ៉េត
2017-06-09

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​អង្គុយ​ស្មិងស្មាធិ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ តវ៉ា​ទាមទារ​ឲ្យ​វៀតណាម សុំទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៤។
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​អង្គុយ​ស្មិងស្មាធិ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ តវ៉ា​ទាមទារ​ឲ្យ​វៀតណាម សុំទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៤។
RFA/Rann Samnang



អស់​រយៈពេល ៦៨​ឆ្នាំ​មក​ហើយ ដែល​ទឹកដី​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ក្រោយ​ពី​បារាំង កាត់​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​ នៅ​លើ​ដែន​ដី​កំណើត​របស់​ខ្លួន។ ព្រះសង្ឃ និង​បញ្ញវន្ត​ខ្មែរ​ក្រោម​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម។



ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ត្រូវ​បាន​កែ​បំភ្លៃ​ដើម្បី​លាង​ខួក្បាល​យុវជន​ខ្មែរ​ក្រោម​ឲ្យ​ភ្លេច​កំណើត​ជា​ខ្មែរ។ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្កើត​សមាគម​ត្រូវ​បាន​រឹតត្បិត។ ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម កាន់​តែ​ក្រីក្រ។

ក្នុង​ទិវា​រំលឹក​ខួប​លើក​ទី​៦៨ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម និង​ខ្មែរ​គ្រប់​គ្នា​បន្ត​តស៊ូ​ដោយ​អហិង្សា​ត​ទៅ​ទៀត ដើម្បី​នាំ​មក​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង។

No comments: