Wednesday, 21 June 2017

សហគមន៍​ព្នង​ប្ដឹង​ក្រុមហ៊ុន​វៀតណាម​ពី​ករណី​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​រឿង​បាក់​ស្ពាន


ដោយ រដ្ឋា វិសាល
2017-06-20

ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី

Photo: RFA



តំណាង​ប្រជាពលរដ្ឋ ៧​ភូមិ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដាក់ ឡាក់ (Dac Lak) ថា​ប្រើ​អំណាច​គំរាម​យក​ប្រាក់ ១.៤០០​ដុល្លារ​ពី​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ ដែល​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច ហើយ​បាក់​ស្ពាន​ដែល​ក្រុមហ៊ុន​បាន​ធ្វើ។

អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា​បាន​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន ដាក់ ឡាក់ សង​ប្រាក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ពីព្រោះ​ក្រុមហ៊ុន​នេះ​គ្មាន​សិទ្ធិ​ពិន័យ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​មូលដ្ឋាន​នោះ​ឡើយ។



ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សហគមន៍ ៧​នាក់​តំណាង​ឲ្យ​អ្នក​ភូមិ​ជាង ១​ពាន់​នាក់​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដាច់​ដោយឡែក​ពី​ផ្លូវ​ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន ពីព្រោះ​ក្រុមហ៊ុន​តែងតែ​បង្ខំ​ឲ្យ​អ្នក​ភូមិ​សង​សំណង​ជា​ប្រាក់ កាលណា​អ្នក​ភូមិ​ធ្វើ​ឲ្យ​ខូចខាត​ដើម​កៅស៊ូ ឬ​បាក់​ស្ពាន​របស់​ក្រុមហ៊ុន​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ។

អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ឡើយ។ លោក​ថា អាជ្ញាធរ​ស្រុក​អន្តរាគមន៍​រួច​ហើយ​ទៅ​តំណាង​ក្រុមហ៊ុន ដើម្បី​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ៖ «បាក់​ស្ពាន​ស្អី​ហ្នឹង យើង​ប្រើប្រាស់​ប្រជាពលរដ្ឋ​ប្រើប្រាស់ មិន​មែន​ធ្វើ​ស្ពាន​ដើរ​តែ​ឯង​ឯណា? វិនិយោគ​លើ​ដី​ប្រជាពលរដ្ឋ​ហើយ ទៅ​ពិន័យ​ប្រជាពលរដ្ឋ វា​ចប់​ហើយ! អ៊ីចឹង​យើង​កែ​សម្រួល​កែ​តម្រូវ​ធ្វើ​ការ​ណែនាំ​ណា»។

ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូលុ ពីរ​គ្រួសារ​អះអាង​ថា តំណាង​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ពួក​គាត់​បង់​ប្រាក់ ១.៤០០​ដុល្លារ​កាល​ពី​អំឡុង​ពាក់​កណ្ដាល​ខែ​ឧសភា បន្ទាប់​ពី​ពួក​គាត់​ទាំង​ពីរ​នាក់​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច​តាម​រទេះ​គោយន្ត​ពីរ​គ្រឿង ឆ្លង​កាត់​ស្ពាន​ឈើ​ចាស់​ទ្រុឌទ្រោម​មួយ​ដែល​ក្រុមហ៊ុន​បាន​សាងសង់។

ប្រជាពលរដ្ឋ​ភូមិ​ពូលុ លោក ថ្លាង ពួយ ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ត្រូវ​រង​ការ​កំហែង​យក​ប្រាក់ ដោយសារ​តែ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ។ លោក​ថា នេះ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ស្រដៀង​គ្នា​នេះ​ដែរ ដែល​អ្នក​ភូមិ​ត្រូវ​ក្រុមហ៊ុន​កំហែង​យក​ប្រាក់​បន្ទាប់​ពី​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដើម​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ដាំ​កាល​ពី​ឆ្នាំ​២០១៥៖ «គេ​យក​ពី​ខ្ញុំ​មួយ​ពាន់​បួន​រយ! ពីរ​គោយន្ត គេ​ផាក​ពីរ​គោយន្ត។ ខ្ញុំ​ដឹក​ជន្លង់​ម្រេច​ទៅ​ខាង​ល្ពាក់​បាក់​ស្ពាន​គេ ស្ពាន​ហ្នឹង​ស្ពាន​ចាស់​ស្រាប់ គេ​ឲ្យ​យក​លុយ​សង​ស្ពាន​គេ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដាក់ ឡាក់ សុំ​បញ្ជាក់​ការ​ចោទ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។

យ៉ាង​នេះ​ក្តី នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៊ូស្រា លោក សឿន សុភ័ក្ត្រ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ទទួល​ប្រាក់ ១.៤០០​ដុល្លារ​ពី​អ្នក​ភូមិ​ដែល​ធ្វើ​ឲ្យ​បាក់​ស្ពាន​នោះ​មែន៖ «អ៊ីចឹង​មែន​តើ! រឿង​ហ្នឹង ប៉ុន្តែ​ខាង​ស្រុក​គេ​ហៅ​ក្រុមហ៊ុន​ទៅ​ដោះស្រាយ​ទៀត»។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ទាមទារ​សំណង​ធ្វើ​ឲ្យ​បាក់​ស្ពាន​របស់​ក្រុមហ៊ុន ថា​ជា​អំពើ​កំហែង​យក​ប្រាក់​រំលោភ​ទៅ​លើ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាល ដែល​កំណត់​ឲ្យ​ក្រុមហ៊ុន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផាក​ពិន័យ ឬ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​នេះ៕

No comments: