Tuesday, 13 June 2017
តុលាការកំពូលកោះហៅអ្នកការពារបរិស្ថាននៅតំបន់អារ៉ែង គ្រាដែលសកម្មជនអង្គការមាតាធម្មជាតិរងការគំរាមកំហែង
13 មិថុនា 2017
ហ៊ុល រស្មី
រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង នៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
តុលាការកំពូល បានកោះហៅលោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថាន ឲ្យចូលទៅបំភ្លឺនៅថ្ងៃ ទី២១ ខែមិថុនា ខាងមុខ ក្នុងសំណុំរឿងប្រមូលផលអនុផលព្រៃឈើដោយខុសច្បាប់ដែលបានកើតឡើងតាំងពីខែ មករា ឆ្នាំ ២០១៥។
ភ្នំពេញ —
សកម្មជនការពារបរិស្ថានក្នុងតំបន់អារ៉ែង កំពុងស្វែងរកមេធាវី ដើម្បីពិភាក្សាលើការចូលខ្លួនទៅតុលាការកំពូលនៅចុងខែមិថុនានេះ។ លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថាន បានជាប់ចោទពីបទប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ស្របពេលជាមួយគ្នានេះ សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ បានទទួលការគំរាមកំហែងពីអាជ្ញាធរ ក្នុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកណ្តាល។
តុលាការកំពូល បានកោះហៅលោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថាន ឲ្យចូលទៅបំភ្លឺនៅថ្ងៃ ទី២១ ខែមិថុនា ខាងមុខ ក្នុងសំណុំរឿងប្រមូលផលអនុផលព្រៃឈើដោយខុសច្បាប់ដែលបានកើតឡើងតាំងពីខែ មករា ឆ្នាំ ២០១៥។ នេះបើយោងតាមដីការបស់មហាអយ្យការអមតុលាការកំពូល និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅខេត្តកោះកុង ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោក វ៉ែន វ៉ន កំពុងរកមេធាវី ដើម្បីប្រឹក្សាខាងច្បាប់ថា តើលោកគួរចូលខ្លួន តាមដីកាកោះ ឬក៏ពន្យាពេល។ លោកថា លោកនឹងខិតខំស្វែងរកមេធាវី ដើម្បីជួយលោក វ៉ែន វ៉ន ក្នុងការតទល់ក្នុងសវនាការនៅតុលាការកំពូល។
«អង្គការនានាមួយចំនួន ឥឡូវគាត់មានមេធាវីនៅសល់តិច ហើយវាមានកម្រិតអញ្ចឹងណ៎ា កម្រិតនៃការទទួលណា៎។ ប៉ុន្តែ ទោះបីម៉េច ក៏ខ្ញុំនៅសង្ឃឹមដែរ ខ្ញុំនឹងជួយរកមេធាវីអីឲ្យគាត់ដែរបាទ»។
តាមដីកាកោះ របស់អគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថា ចុះថ្ងៃទី ២៤ ខែ ឧសភា បានសរសេរថា លោក វ៉ែន វ៉ន ជាប់ចោទពីបទ ប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥។
អគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថាបានសរសេរក្នុងន័យដើមថា៖
«បង្គាប់ឲ្យឈ្មោះ វ៉ែន វ៉ន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ចូលមក តុលាការកំពូលនៅ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ៨ ព្រឹក ដើម្បីចូលរួមសវានាការ»។
លោក អ៊ិន គង់ជិត លើកឡើងថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ ដល់លោក វ៉ែន វ៉ន ដើម្បីឲ្យគាត់រួចពីពិរុទ្ធភាព ហើយអាចឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់គណបក្សប្រជាជនកម្ពុជា។ លោកថា លោក វ៉ែន វ៉ន នៅមានសេចក្តីក្លាហាន ក្នុងកិច្ចការពារបរិស្ថានក្នុងសហគមន៍ ដែលលោកំពុងរស់នៅ។
«គាត់នៅតែដឹកនាំសហគមន៍បាន គាត់នៅតែចូលរួម ផុលផុសក្នុងការការពារព្រៃឈើ ការពារតំបន់អារ៉ែងហ្នឹងបាទ។ គឺគាត់នៅតែមានទឹកចិត្តក្លាហានដដែល គឺអត់មាន តក់ស្លុតអត់មានភ័យខ្លាចទេមកដល់ពេលនេះបាទ»។
VOA មិនទាន់អាចទាក់ទង លោក វ៉ែន វ៉ន បានទេ នៅថ្ងៃអង្គារនេះ ដោយលោកស្ថិតក្នុងតំបន់ដែលគ្មានសេវាទូរសព្ទ ក្នុងខេត្តកោះកុង។
តុលាការខេត្តកោះកុង កាលពីខែមិនា ឆ្នាំ ២០១៦ បានកាត់ទោសលោក វ៉ែន វ៉ន ដែលជាតំណាងជនជាតិដើមភាគតិចជង និងជាអ្នកការពារបរិស្ថានក្នុងតំបន់អារ៉ែង ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្នុងសំណុំរឿងព្រៃឈើនេះ តែទោសនោះត្រូវព្យួរ គឺមិនអនុវត្ត ដោយលោកបានជាប់ពន្ធនាគារជិតពាក់កណ្ដាលនៃទោសនេះរួចទៅហើយ។
កាលពីខែកញ្ញា ឆ្នាំ ២០១៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសេចក្តីសម្រេចរបស់តុលាការខេត្តកោះកុង ដោយឱ្យ លោក វ៉ែន វ៉ន ជាប់ទោសពីបទ «ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត» ដែលបានធ្វើឡើងដោយតុលាការខេត្តកោះកុង កាលពីខែមិនាកន្លងទៅនោះ។ ការតម្កល់នេះ ធ្វើឡើងបន្ទាប់ពី លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីខែមិនា ឆ្នាំ២០១៦។
លោក វ៉ែន វ៉ន ក៏រងការប្ដឹងផ្ដល់តាមផ្លូវច្បាប់ពីអាជ្ញាធរស្រុកថ្មបាំង និងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន ក្នុងខេត្តកោះកុង ក្រោយពីលោកមានភាពសកម្មក្នុងការការពារផលប្រយោជន៍សហគមន៍ជនជាតិ ដើមភាគតិចជង និងចូលរួមការពារបរិស្ថានតំបន់អារ៉ែង ជាមួយស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោក Alejandro Gonzalez-Davdison ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៥ ក្រោមហេតុផលថា លោកស្នាក់នៅក្នុងប្រទេសហួសទិដ្ឋាការកំណត់។
ដោយឡែក សកម្មជនការពារបរិស្ថានបីនាក់នៃអង្គការមាតាធម្មជាតិ បានរងការគំរាមកំហែង ពីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុងពេលពួកគេជួយសម្របសម្រួលតវ៉ាប្រឆាំងនឹងការបូមខ្សាច់ ដែលបានកើតឡើងនៅក្នុងទន្លេបាសាក់។ នេះបើតាមការបញ្ជាក់ពីលោក ថុន រដ្ឋា ដែលជាសកម្មជនម្នាក់ក្នុងសកម្មទាំងបីនាក់របស់អង្គការមាតាធម្មជាតិ។
លោក ថុន រដ្ឋា វ័យ ២៥ ឆ្នាំ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោក និងសកម្មជនម្នាក់ទៀត គឺលោក ម៉េង ហេង បានគេចខ្លួនទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ កាលពីលា្ងចថ្ងៃចន្ទ ដោយមានប្រជាពលរដ្ឋ៣០នាក់ជួយការពារសន្តិសុខក្នុងពេលធ្វើដំណើរ។
លោកថា ការគេចខ្លួនមកការិយាល័យអង្គការសហប្រជាជាតិ កើតមានបន្ទាប់ពីមានកម្លាំងប្រមាណ ២០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងឃុំរកាខ្ពស់ស្រុក ស្អាងជាទីដែលក្រុមលោកបានជួយសម្របសម្រួលប្រជាពលរដ្ឋជាង ២០០នាក់មកពីឃុំចំនួនពីរ តវ៉ាប្រឆាំងនឹងការបូមខ្សាច់។ ការតវ៉ាបានកើតឡើងកាលពីថ្ងៃអាទិត្យ។ លោកថុន រដ្ឋា បន្តថា អាជ្ញាធរព្យាយាមសុំអត្តសញ្ញាណប័ណ្ណពីក្រុមលោក ដែលលោកចាត់ទុកថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន។
«បាទវាជាការ បំភិតបំភ័យខ្លាំងមែនទែន ព្រោះខ្ញុំជាប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំទៅរស់នៅលើដីខ្មែរ ហើយគាត់បែរជា មកសុំអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ សុំម្តងហើយអត់បានរហូតប្រើនីតិវិធី រហូតដល់ប្រើកម្លាំងជាច្រើនមកសុំ ខ្ញុំៗ ហួសចិត្តដែរ ខ្ញុំអត់គិតថា តើខ្ញុំជាខ្មែរឬអត់»។
លោក ថុន រដ្ឋា បន្ថែមថា ការបូមខ្សាច់ដែលធ្វើឡើងអស់រយះពេលមួយឆ្នាំមកនោះ បានបង្កឲ្យបាក់ច្រាំង នៅតាមដងទន្លេ ហើយបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៩គ្រួសារ បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ។ លោកមិនអាចបញ្ជាក់បានថា តើក្រុមហ៊ុននោះជារបស់នរណា ហើយខ្សាច់ដែលបូមបាននោះ ត្រូវយកទៅទីណាផងដែរ។ លោកគ្រាន់តែបានឲ្យដឹងថា មានក្រុមហ៊ុន ចំនួនប្រមាណ បី បានធ្វើការអាជីវកម្មបូមខ្សាច់នៅស្រុកស្អាងនេះ។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់ VOA ថា អាជ្ញាធរគ្មានចេតនាឃាត់ខ្លួន ក្រុមសកម្មជនទាំងបីនាក់នេះទេ ហើយវត្តមានរបស់អាជ្ញាធរនៅក្នុងតវ៉ានោះ គឺដើម្បីបញ្ចៀសការកើតមានអំពើហិង្សាតែប៉ុណ្ណោះ។ លោកថា ពាក្យបណ្តឹងនឹង អាចដាក់ទៅតុលាការ ប្រឆាំងនឹងសកម្មភាពញុះញង់របស់សកម្មជនទាំងបីនាក់នេះ ប្រសិនបើភាគីពាក់ព័ន្ធប្រមូលបានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។
«អាហ្នឹងនៅលើនីតិវិធីរបស់ខាងអាជ្ញាធររដ្ឋបាលថ្នាក់ខេត្ត។ បើថ្នាក់ខេត្ត ហើយនិងក្រសួងរ៉ែ និងថាមពល នៅពេលដែលគាត់រកឃើញថា មានសញ្ញាណ គាត់មានបទញុះញង់មែន អាហ្នឹងគាត់មានទោសហើយ។ គេហ្នឹងធ្វើសំណុំរឿងបញ្ជូនទៅតុលាការ»។
លោក ម៉ាន់ សុវណ្ណា អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email នៅល្ងាចថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងការគេចខ្លួនរបស់ក្រុមសកម្មជនអង្គការមាតាធម្មជាតិទៅកាន់ការិយាល័យអង្គសហប្រជាជាតិនេះ។
បន្ថែមលើការទប់ស្កាត់ការបូមខ្សាច់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននោះ ក្រុមសកម្មជននៃអង្គការមាតាធម្មជាតិ ត្រូវគេដឹងថាបានទប់ស្កាត់មិនឲ្យមានការធ្វើទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវាញ ដែលវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេបានធ្វើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្តនោះឡើយ។
ការបំពារបំពានពីអាជ្ញាធរមកលើសកម្មជនអង្គការមាតាធម្មជាតិ ត្រូវគេដឹងថា បានកើតឡើងកាលពីពេលកន្លងមកផងដែរ ដែលបាននាំឲ្យមានការឃុំខ្លួនសកម្មជនការពារបរិស្ថានបីនាក់នៅខេត្តកោះកុង។ អ្នកទាំងបីនាក់នោះត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១០ខែ ទម្រាំត្រូវបានដោះលែងដោយការព្យួរទោសដែលនៅសេសសល់។ ពួកគេត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាត ក្នុងពេលពួកគេធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment