Wednesday, 14 June 2017

ពលរដ្ឋ​ប្ដឹង​ឈ្មួញ​ដី​និង​អាជ្ញាធរ​ភូមិ​ព្រៃពាយ​ខេត្ត​កំពត​រឿង​ប្រើ​ហិង្សា​និង​គំរាម​កំហែង


ដោយ យ៉ង ចាន់តារា
2017-06-13
rfa
ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC
ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC
 Photo ADHOC



ពលរដ្ឋ​ចំនួន ១០​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ជុំវិញ​សំណុំ​រឿង​ប្រើ​ហិង្សា និង​គំរាម​កំហែង​ប្រព្រឹត្ត​ដោយ​ក្រុម​ឈ្មួញ​ដី និង​អាជ្ញាធរ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក។ ក្រុម​ពលរដ្ឋ​អំពាវនាវ​ឲ្យ​តុលាការ ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទាក់ទង​នឹង​ហេតុការណ៍​នេះ។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​ទៅ​កាន់​តុលាការ​ខេត្ត​កំពត នេះ ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា​ក្រោយ​ផ្ទុះ​ហេតុការណ៍​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​ជុំវិញ​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ភូមិ​ព្រៃពាយ កាល​ពី​ថ្ងៃ​ទី​៧ មិថុនា កន្លង​ទៅ។



តំណាង​ប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា ពលរដ្ឋ​ចំនួន ៩​នាក់​បាន​ផ្ដិត​មេដៃ​រួម​គ្នា​ប្ដឹង​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក ព្រម​ទាំង​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ ពី​បទ​ហិង្សា​ដោយ​ចេតនា រុះរើ​រោង​ចាំ​ចម្ការ និង​កំហែង​យក​គោយន្ត​មួយ​គ្រឿង ព្រម​ទាំង​គំរាម​ឲ្យ​ផ្ដិត​ស្នាម​មេដៃ ប្រព្រឹត្ត​នៅ​ចំណុច​វាលវែង និង​វាលសុត្រាវ នៃ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត៖ «»។

ក្រុម​ពលរដ្ឋ​ប្ដឹង​សុំ​ឲ្យ​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ​តាម​ផ្លូវ​ច្បាប់ ព្រម​ទាំង​ទារ​សំណង​ថ្លៃ​ការ​ខូចខាត និង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល។

ចំណែក​បណ្ដឹង​ដាច់​ដោយឡែក​មួយ​ទៀត​ក្នុង​សំណុំ​រឿង​នេះ​ដែរ គឺ​ជា​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជា ស៊ីនិត ដែល​ប្ដឹង​ឈ្មួញ​ដី​ឈ្មោះ ហ៊ាង គន្ធី និង​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ ពី​បទ​គំរាម​កំហែង​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​ឆ្លើយ​បំភ្លឺ​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា កន្លង​ទៅ។

លោក ជា ស៊ីនិត រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ថា ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក រួម​ទាំង​លោក ប្រាក់ នាគ ផង បាន​បង្ខំ​ឲ្យ​លោក​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា លោក​មិន​មាន​ដី​នៅ​ភូមិ​ព្រៃពាយ នោះ​ទេ ហើយ​ការ​ដឹក​សម្ភារ​តាម​គោយន្ត​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ចំណុច​វាលសុត្រាវ​នោះ គឺ​ធ្វើ​តាម​ការ​បញ្ចុះ​បញ្ចូល​របស់​អ្នក​ផ្សេង​ប៉ុណ្ណោះ។ លោក​ថា ឈ្មោះ ហ៊ាង គន្ធី និង​មេ​ភូមិ បាន​គំរាម​លោក​ថា បើ​មិន​ព្រម​ផ្ដិត​មេដៃ​ទេ​នោះ នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហេតុ​ដូចនេះ​ទើប​លោក​ផ្ដិត​មេដៃ​ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​ប្ដឹង​សុំ​ឲ្យ​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០​លាន​រៀល។

ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​កំពត ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​ក្រុម​ពលរដ្ឋ​នោះ​បាន​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពត ហើយ ហើយ​តំណាង​អយ្យការ​នឹង​កោះ​ហៅ​ពលរដ្ឋ​មក​បំភ្លឺ​ក្រោយ​ពិនិត្យ​ពាក្យ​បណ្ដឹង​រួច​រាល់។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោកស្រី ហ៊ាង គន្ធី ដែល​រង​ការ​ប្តឹងផ្តល់​ពី​ក្រុម​ពលរដ្ឋ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​មេ​ភូមិ​ព្រៃពាយ លោក ប្រាក់ នាគ វិញ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ពលរដ្ឋ ដែល​ថា​លោក​ជា​អ្នក​គំរាម​ពួក​គេ​ឲ្យ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា​មិន​មាន​ដី​នៅ​តំបន់​នោះ៖ «»។

កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ទំហំ ៥២៣,១៣​ហិកតារ ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ១០៣​គ្រួសារ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រុម​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដីធ្លី​ទាំងនេះ​នៅ​ឡើយ ដោយ​ពួក​គាត់​កំពុង​រង់ចាំ​ការ​ចុះ​វាស់វែង​ពី​ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ។

ក្រុម​ពលរដ្ឋ​អះអាង​ថា រយៈកាល​កន្លង​ទៅ បុគ្គល​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក តែង​ចុះ​គំរាម​កំហែង និង​ប្រើ​ហិង្សា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដី​ដែល​ពួក​គាត់​ធ្លាប់​កាន់កាប់ ដោយ​អះអាង​ថា ដី​ទាំងនោះ​គឺ​ជា​របស់​ពួក​គេ​ទៅ​វិញ។

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពត លោក ហេង ភារៈ បញ្ជាក់​ថា វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​កើត​មាន​ជា​យូរ​មក​ហើយ ហើយ​ជា​ញឹកញាប់ ពលរដ្ឋ​តែង​រាយការណ៍​មក​ថា បុគ្គល​ឈ្មោះ ហ៊ាង គន្ធី និង​បក្ខពួក តែង​ដើរ​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា ព្រម​ទាំង​ឈូស​ឆាយ​ដុត​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ។ លោក​សំណូមពរ​ដល់​តុលាការ ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឧក្រិដ្ឋ​ទាំងនេះ៖ «»។

ទាក់ទង​នឹង​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ព្រៃពាយ នេះ ប្រជាពលរដ្ឋ​ធ្លាប់​បាន​លើក​គ្នា​ទៅ​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​កំពត និង​អាជ្ញាធរ​ថ្នាក់​ជាតិ​ជាច្រើន​លើក​ច្រើនសា​រួច​មក​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ជាក់លាក់​នៅ​ឡើយ។ អ្វី​ដែល​ពួក​គាត់​ទន្ទឹង​រង់ចាំ​នោះ គឺ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ជំនាញ ដើម្បី​អាច​ឈាន​ទៅ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ៕

No comments: