Saturday, 17 June 2017
លោក ហ៊ុន សែន ឆ្លើយតបនឹងការបង្ហោះសារសម្ងាត់ថាលោក សម រង្ស៊ី ជាមនុស្សល្ងីល្ងើ
ដោយ រាជ វិញ្ញូ
2017-06-17
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥
Photo: RFA
អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារមួយដែលលោកអះអាងថា ជាសារបែកធ្លាយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាសម្ងាត់ទៅមេបញ្ជាការកងកម្លាំងប្រដាប់អាវុធឱ្យត្រៀមខ្លួនចាប់លោកញាត់គុក ប្រសិនបើលោកវិលត្រឡប់ចូលស្រុកវិញ។ នៅក្នុងសារបែកធ្លាយបញ្ជាសម្ងាត់នោះ លោក ហ៊ុន សែន ក៏បញ្ជាឱ្យកងទ័ពស្រួចត្រៀមចេញប្រតិបត្តិការកម្ទេចក្រុមណាដែលហ៊ានរារាំងសកម្មភាពចាប់ខ្លួនលោក សម រង្ស៊ី ផងដែរ។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធចំពោះការបង្ហោះបញ្ជាសម្ងាត់ពីលោក សម រង្ស៊ី នេះ ព្រោះលោកអះអាងថា ពុំមានការចុះហត្ថលេខា និងត្រារបស់លោកឡើយ។
នៅក្នុងការផ្ដល់បទសម្ភាសន៍ជូនសារព័ត៌មានក្នុងស្រុក ហ្វ្រេស ញូវ (Fresh News) នៅថ្ងៃទី១៧ មិថុនា លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថា ជាមនុស្សល្ងីល្ងើ និងចូលចិត្តលាបពណ៌អ្នកដទៃ ដែលជាហេតុធ្វើឱ្យលោកចេះតែជាប់គុកបែបនេះ។ លោក ហ៊ុន សែន ក៏បានបដិសេធចំពោះការបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៊ី ដែលថា លោកបានចេញបញ្ជាសម្ងាត់ឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងទ័ពស្រួចត្រៀមចាប់ខ្លួនលោក សម រង្ស៊ី ទៅពន្ធនាគារ និងត្រៀមកម្ទេចកម្លាំងក្រុមណាដែលរារាំងសកម្មភាពចាប់ខ្លួនលោក សម រង្ស៊ី នៅពេលខាងមុខ។
បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បញ្ជាក់ថា បទបញ្ជាសម្ងាត់បញ្ជាកងទ័ពនោះ គឺពុំមានត្រា និងការចុះហត្ថលេខារបស់លោកឡើយ ប៉ុន្តែលោកសរសើរអ្នកសរសេរបទបញ្ជានេះ ដែលអាចយល់ពីចិត្តរបស់លោក ហើយការបញ្ជាទ័ពគឺត្រូវតែធ្វើរបៀបនេះ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងប្រើប្រាស់យុទ្ធវិធីបែបនេះ ប្រសិនលោក សម រង្ស៊ី ដែលលោកហៅថា អ្នកក្លាហាន ហ៊ានវិលចូលស្រុកវិញ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានអរគុណដល់លោក សម រង្ស៊ី ដែលបង្ហាញវិធីសាស្ត្រចាប់ខ្លួនបែបនេះ។
នៅក្នុងទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៦ ខែមិថុនា លោក សម រង្ស៊ី បានបង្ហោះសារបែកធ្លាយជាអក្សរថាជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានចេញបញ្ជាសម្ងាត់ទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីបញ្ជាក់ជុំវិញការសម្រេចលុបចោលបម្រាមមិនឱ្យលោក សម រង្ស៊ី វិលចូលស្រុកថា មិនមែនជាការលើកលែងទោសឡើយ ហើយកងកម្លាំងប្រដាប់អាវុធនៅតែអនុវត្តទៅតាមដីកាតុលាការ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ញាត់គុកឱ្យបាន មិនត្រូវឱ្យរួចខ្លួនឡើយ ទោះដោយតម្លៃណាក៏ដោយ។
លោក ហ៊ុន សែន បានបញ្ជាសម្ងាត់ទៀតថា ប្រសិនយន្តហោះណាដឹកលោក សម រង្ស៊ី ចូលកម្ពុជា វិញ ត្រូវឱ្យទៅចុះចតនៅអាកាសយានដ្ឋានយោធានៅភ្នំពេញ តែម្ដង ហើយបើចុះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវរកទីតាំងណាដែលមិនមែនចំណតរបស់អ្នកដំណើរ។ លើសពីនេះ បណ្ដាអង្គភាពនៃកងទ័ពស្រួច ត្រូវត្រៀមអន្តរាគមន៍កម្ទេចកម្លាំងណាដែលរារាំងការអនុវត្តច្បាប់ ហើយបទបញ្ជាត្រូវអនុវត្តដោយស្ងាត់ស្ងៀម ស្របពេលសភាពការណ៍កើតឡើង ត្រូវពង្រីកមុខសញ្ញាទៅកាន់កន្លែងផ្សេងទៀតតាមការចាំបាច់ និងត្រូវរង់ចាំបទបញ្ជា។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី បានចាត់ទុកការបែកធ្លាយបញ្ជាសម្ងាត់របស់លោក ហ៊ុន សែន នៅពេលនេះថា លោក ហ៊ុន សែន កំពុងរៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋ នៅពេលណាលោកសម្រេចវិលចូលកម្ពុជាវិញ ហើយនេះក៏ជាលេសមួយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
អាស៊ីសេរី មិនអាចសុំការបកស្រាយជុំវិញការបែកធ្លាយបទបញ្ជាសម្ងាត់នេះ ពីមន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១៧ មិថុនា ដោយសារលោកមិនបានលើកទូរស័ព្ទ ប៉ុន្តែមន្ត្រីយោធាជើងអាកាស និងមន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបដូចគ្នាថា ពួកគេមិនបានទទួលបទបញ្ជាសម្ងាត់នេះឡើយ។
មេបញ្ជាការកងទ័ពជើងអាកាស លោក សឹង សំណាង អះអាងថា ពុំមានគោលការណ៍ណាមួយពីថ្នាក់លើដាក់បញ្ជាមកទ័ពអាកាសនោះទេ។ ចំណែកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏បញ្ជាក់ថា ថ្វីត្បិតក្រសួងមហាផ្ទៃ មិនទទួលបានបញ្ជាសម្ងាត់នេះ ប៉ុន្តែសមត្ថកិច្ចមានដីកាតុលាការក្នុងដៃរួចហើយ និងរង់ចាំចាំដាក់ខ្នោះលោក សម រង្ស៊ី គ្រប់ពេលវេលាដើម្បីបញ្ជូនទៅតុលាការ៖ «ឱ្យតែទឹកដីកម្ពុជា ចុះយន្តហោះពេលណា ខ្នោះពេលហ្នឹង កុំឱ្យតែចូលខុសច្បាប់ អាហ្នឹងរឿងផ្សេងទៀត»។
ការសម្រេចរបស់លោក ហ៊ុន សែន ដើម្បីលុបបម្រាម និងបើកផ្លូវឱ្យលោក សម រង្ស៊ី អាចធ្វើដំណើរតាមយន្តហោះវិលចូលស្រុកវិញនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៤ មិថុនា បញ្ជាក់ថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ នឹងមិនអាចធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ប្រសិនណាលោក ហ៊ុន សែន នៅតែមិនហ៊ានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោកវិលចូលស្រុក ដើម្បីប្រកួតប្រជែងគ្នាក្នុងឆាកនយោបាយនៅកម្ពុជា វិញនោះ។ លោក សម រង្ស៊ី ក៏អះអាងដែរថា លោកក៏មិនខ្លាចចូលគុក ចំពោះការសម្រេចចិត្តវិលចូលស្រុកនោះដែរ។
ចំណែកអ្នកតាមដាននយោបាយយល់ឃើញថា ការលេចធ្លាយសារគំរាមកំហែងចុងក្រោយនេះ អាចជាក្ដីព្រួយបារម្ភមួយធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក ចាន់ វិបុល យល់ឃើញចំនួនពីរចំណុចថា លោក សម រង្ស៊ី ដែលបង្ហោះបទបញ្ជាសម្ងាត់ដែលថាជារបស់លោក ហ៊ុន សែន នេះ គឺអាចជាការស្វែងរកសំឡេងគាំទ្រ និងអាចដុតកម្ដៅនយោបាយ ប៉ុន្តែលោកថា ប្រសិនបើការបែកធ្លាយបទបញ្ជាសម្ងាត់នោះ គឺជារឿងពិតប្រាកដ ដូច្នោះមានន័យថា ចរិតអ្នកនយោបាយខ្មែរមិនទាន់អាចចុះសម្រុងគ្នានៅឡើយ ហើយគឺជាគ្រោះថ្នាក់មួយនៅពេលបោះឆ្នោតជាតិខាងមុខ៖ «ទី១ ត្រូវបង្ហាញចរិតសហការគ្នាក្នុងនាមជាអ្នកប្រកួតប្រជែងផ្នែកនយោបាយ ទី២ មិនត្រូវបង្ហាញចរិតលក្ខណៈបែបផ្ដាច់ការនិយម និងទី៣ មិនគួរបង្ហាញចរិតញុះញង់»។
អ្នកវិភាគនយោបាយរូបនេះ ក៏បន្ថែមថា ការវិវត្តន៍នយោបាយលក្ខណៈបែបក្ដៅគគុកនេះ បានធ្វើឱ្យអារម្មណ៍របស់ប្រជាពលរដ្ឋយល់ថា ការវិវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់លែងមានសង្ឃឹមទៅទៀត ព្រមទាំងគ្មានសង្ឃឹមលើអ្នកនយោបាយដែរ៕
Subscribe to:
Post Comments (Atom)
2 comments:
A "Lngi Lngeu" person in Cambodia is a person who sold his/her soul to Yuon and execute all Yuon's orders to destroy Cambodia.
In this case, Ah "lngi Lngeu" person is Ah Runteas Banh Hun Sen.
ធ្វើម្តេចទៅ សំ រង្ស៊ី សុខចិត្តទៅដេកក្នុងគុកឬ? មើលទៅ មែច ចាន់ដារ៉ា នឹងនាក់ទាំងនោះតើវាយ៉ាងណា? បើលោកទៅតើសង្ឃឹមអ្វីទៅ? តែបើលោកនឹង ហ៊ុន សែនគ្រាន់តែលេងល្ខោនឲ្យខ្មែរមើលនោះមិនដឹងទេ ព្រោះពីមុនបើ ហ៊ុន សែន ចង់ចាប់ហេតុម្តេចបានជាលោកនៅក្រៅស្រុក បានជាហ៊ុន សែន ប្រកាសចាប់ ? ហេតុម្តេចមិនចាំលោកចូលស្រុកចាំចាប់? គេថាដូចជាមានក្លិនត្រី ពិតជាត្រីមែនដឹង???
Post a Comment