Thursday, 29 June 2017

លោកស្រី​ ​គុណ លំអង​ ​ត្រូវបាន​តែងតាំង​ជា​សមាជិកព្រឹទ្ធសភា​ជំនួស​ឱ្យ​ស្វាមី​លោកស្រី​ ​លោក​ ​ហុង សុខហួរ


29 មិថុនា 2017
កាន់ វិច្ឆិកា

លោកស្រី​គុណ លំអង ប្រធាន​ចលនាស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិផ្ដល់បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុមអ្នក​តំណាង​ស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
លោកស្រី​គុណ លំអង ប្រធាន​ចលនាស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិផ្ដល់បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុមអ្នក​តំណាង​ស្រ្តី​នៃ​គណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)



ភរិយា​របស់​លោក​ ​ហុង សុខហួរ​ ​គឺ​លោកស្រី​ ​គុណ លំអង​ ​ត្រូវ​បាន​ព្រឹទ្ធសភា​ទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ​ជំនួស​ឱ្យ​ស្វាមី​របស់​លោកស្រី ​ដែល​កំពុង​​ជាប់ឃុំ។​ ​ការសម្រេច​​ទទួល​ស្គាល់​លោកស្រី​ជាសមាជិក​ព្រឹទ្ធសភា​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​ជាន់ខ្ពស់​​បើក​សវនាការ​​លើ​បណ្តឹង​របស់​ស្វាមី​លោកស្រី​ ​ជំទាស់​​នឹង​សេចក្តី​​សម្រេច​របស់​តុលាការ​ជាន់ទាប​ ​ដែល​បានកាត់​ក្តី​ឲ្យ​លោកជាប់​ពន្ធនាគារ​៧ឆ្នាំ។​


ភ្នំពេញ —

លោកស្រី​ ​គុណ លំអង​ ​ត្រូវ​បាន​ព្រឹទ្ធសភាប្រកាស​ទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភានៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ជំនួស​តំណែង​ស្វាមី​របស់​លោកស្រី​ ​គឺ​លោក​ ​ហុង សុខហួរ​ ​ជា​អតីតសមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដែលបាន​លាលែង​ចេញ​ពីតំណែង​ ​បន្ទាប់​ពី​ត្រូវ​ជាប់​ឃុំ​ដោយសារ​បង្ហោះ​ឯកសារ​ផែនទី​ ​កម្ពុជា​-វៀតណាម​ ​លើ​ទំព័រ​ហ្វេសប៊ុក។​ ​ការ​តែងតាំង​លោកស្រី​គឺ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ ​ពេល​ដែល​សាលា​ឧទ្ធរណ៍​ ​សម្រេច​តម្កល់​ការ​កាត់​ទោស​ប្តី​លោកស្រី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​៧ឆ្នាំ។​



ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ ​នាព្រឹកថ្ងៃព្រហស្បតិ៍​នេះ​ ​ព្រឹទ្ធសភា​បាន​សម្រេច​ទទួល​ស្គាល់​ ​លោកស្រី​ ​គុណ លំអង​ ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​ ​នីតិកាល​ទី​៣។​ ​លោកស្រី​នឹងចូល​កាន់​តំណែង​ក្រោយ​ពេល​ធ្វើ​សច្ចា​ប្រណិធាន​ ​ហើយ​នឹងត្រូវទទួល​បន្ទុក​នៅ​មណ្ឌល​ភូមិភាគ​ទី៤​ ​ខេត្ត​បាត់ដំបង​ ​បន្ទាយមានជ័យ សៀមរាប​ ​ឧត្ដរមានជ័យ​ ​និង​ខេត្ត​ប៉ៃលិន។​

​លោក​ ​ម៉ម ប៊ុននាង​ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ ​ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ថា ព្រឹទ្ធសភា​បាន​សម្រេច​ទទួល​ស្គាល់​លោកស្រី​ ​គុណ លំអង​ ​ជា​សមាជិក​ព្រឹទ្ធសភា​ ​បន្ទាប់ពី​គណបក្ស​ ​សម រង្ស៊ី​ ​បានស្នើ​ដាក់​លោកស្រី​ជាបេក្ខភាព​សមាជិក​ព្រឹទ្ធសភា​ ជំនួស​ស្វាមី​របស់ លោកស្រី។​ ​លោក​បន្ថែម​ថា​ ​បន្ទាប់ពី​ព្រឹទ្ធសភា​ប្រកាសទទួល​ស្គាល់​លោកស្រី​ ​គុណ លំអង​ ​ជាសមាជិក​ព្រឹទ្ធ​សភារួចហើយ នោះ​លោកស្រី​ ​នឹង​ត្រូវ​ចូល​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះ​បរមរាជវាំង​ ​ដើម្បី​អាចចូល​មក​កាន់តំណែង​ជាផ្លូវ​ការ។​

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​សម្ងាត់​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី​ថាក់ ឡានី​កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​សម្ងាត់​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី​ថាក់ ឡានី​កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)


លោក​ ​ម៉ម ប៊ុននាង​ ​មាន​ប្រសាសន៍​ថា៖​

«ចូល​ផឹក​ទឹក​សម្បថ​សិន​ ​ស្បថ​ថា​គាត់​មិន​ស្អីៗ​ ​សច្ចា​ប្រណិធាន​ទៅ​ណា​តាម​គោលការណ៍​ព្រះ​បរមរាជវាំង​សិន បាន​គេ​ឲ្យ​ចូល​មក​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា។​ ​អត់​ទាន់​ពេញលេញ​ទេ​ឥឡូវ​នេះ។​ អត់​ទាន់​ស្បថ»។​

​កាលពី​ចុង​ខែកុម្ភៈ​ ​ឆ្នាំ២០១៧​ ​លោក​ ​ហុង សុខហួរ​ ​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ ​បាន​សរសេរ​លិខិត​លាលែង​ពី​តំណែង​ ​ដោយ​បញ្ជាក់​ថា​ ​ការ​លាលែង​នេះ​ធ្វើ​ឡើង​ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន។​ ​ទោះ​ជាយ៉ាង​ណា​គេ​មើល​ឃើញ​ថា​ ​ការ​លាលែងរបស់​លោក​ ​ហុង សុខហួរ​ ​ធ្វើឡើង​ស្រប​ពេល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​រៀបចំ​ថ្មី​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​នឹង​រំលាយ​គណបក្ស​នយោ​បាយ​ណា​ដែលមាន​មេដឹកនាំ​ និង​មន្រ្តី​ជាន់​ខ្ពស់នៃគណបក្ស​នោះ​មាន​ទោស។​

​លោកស្រី​ ​គុណ លំអង​ ​វ័យ​៦​០​ឆ្នាំ​ ជា​ប្រធាន​ចលនា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ ​និង​មាន​សញ្ជាតិ​បារាំង​ ​ដើម​កំណើត​ខ្មែរ​ ​ដូច​ស្វាមី​លោកស្រី​ដែរ។​ ​លោកស្រី​ប្រាប់​ ​VOA​ ​ថា​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង​ ​ធ្វើ​ឲ្យ​លោកស្រី​មានការបារម្ភ​ពីសុវត្ថិភាព​ ​បន្ទាប់ពី​ស្វាមីរបស់​លោកស្រី​ ​លោក​ ​ហុង សុខហួរ​ ​ត្រូវ​បាន​តុលាការកាត់ទោស​ឲ្យជាប់ពន្ធនាគារ​ដោយសារ​ការបង្ហោះ​ឯកសារ​ផែនទី​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នាពេល​កន្លង​ទៅ។​

​លោកស្រី​ គុណ លំអង​ ​បញ្ជាក់​ថា៖​

«នៅ​ក្នុង​ប្រទេសខ្មែរ​ឃើញ​ថា​មាន​គ្រោះ​ថ្នាក់​មួយ​ចំនួ​ន​ដែល​យើង​ស្មាន​មិន​ដល់ ដូច្នេះ​ការ​បារម្ភ​គឺ​នៅ​តែបារម្ភ ប៉ុន្តែ​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ ក៏​យើងត្រូវ​តែធ្វើ»។​

​លោកស្រី​បន្ថែម​ថា​ ​លោកស្រី​នឹ​ង​ប្តេជ្ញា​ធ្វើ​ការងារក្នុង​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ដើម្បីអភិវឌ្ឍ​ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុម័ត​ច្បាប់​ ​នៅ​ពេល​ដែល​លោកស្រី​ក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភាពេញ​លេញ។​

​លោក​ ​ទាវ វណ្ណុល ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​រង្ស៊ី​ ​លើក​ឡើង​ថា​ ​លោកស្រី​ ​គុណ លំអង​ ​ត្រូវ​បានជ្រើសរើស​ជា​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​ជំនួស​លោក​ ​ហុង សុខហួរ​ ​ហើយ​លោកស្រី​ត្រូវ​បាន​សម្រេចជ្រើស​រើស​ជា​សមាជិក ដោយសារ​បេក្ខភាព​២រូប​ផ្សេង​ទៀត​ ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ផ្សេង។​ លោក​បន្ថែម​ថា ​ការ​សម្រេច​ជ្រើសរើស​លោកស្រី​ ​គុណ លំអង​ ​ជា​បេក្ខភាព​ដើម្បី​ស្នើ​ទៅ​ព្រឹទ្ធ​សភា​ គឺ​យោង​ទៅ​លើ​សមត្ថភាព​ការងារ​របស់​បុគ្គល។​

​លោក​បញ្ជាក់​ថា៖​

«គណបក្ស​បាន​សម្រេច​ដាក់​គាត់​នៅក្នុង​បញ្ជី​របស់​ព្រឹទ្ធសភា បាន​ន័យ​ថា​គណ​បក្ស​បាន​ពិនិត្យ​ដឹង​ថា​គាត់​ថា​មាន​សមត្ថភាព​ហើយ បាន​គណបក្ស​បាន​ដាក់​ឈ្មោះ​គាត់​នៅ​ក្នុង​បញ្ជី»។​

​ការប្រកាស​ទទួល​ស្គាល់​លោកស្រី​ ​គុណ លំអង ជា​សមាជិក​ព្រឹទ្ធសភា​នេះ ​ធ្វើ​ឡើង​ស្របពេល​ដែល​សាលា​ឧទ្ធរណ៍​បើកសវនាការ​លើ​បណ្តឹង​មិនសុខចិត្ត​លើការ​សម្រេចសាលក្រម​ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញដែល​កាត់​ក្តីឲ្យលោក​ ​ហុង សុខហួរ​ ​ជាស្វាមី​របស់​លោកស្រី​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល៧​ឆ្នាំ​ ​ចំពោះ​ការបង្ហោះ​ឯកសារ​ក្នុង​ទំព័រ​ហ្វេសប៊ុក។​ ​បន្ទាប់ពី​សវនាការ​រយៈពេល​ជាង​៣​ម៉ោង​ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំជម្រះសាលា​ឧទ្ធរណ៍​ ​លោក​ ​សេង ស៊ីវុត្ថា​ ​បាន​ប្រកាស​ច្រាន​ចោល​បណ្តឹង​របស់​លោក​ ​ហុង សុខហួរ​ ​ដោយ​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ទុក​ជា​បាន​ការ។​

លោក​ ​ហុង សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សមរង្ស៊ី​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​កាលពី​ខែសីហា ឆ្នាំ​២០១៥។​ ​នៅចុងឆ្នាំ​២០១៦​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​លោកជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ​ពីបទ​ ​«ក្លែង​ឯកសារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះ​ញង់ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ»​ ​បន្ទាប់ពី​លោក​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក៕

No comments: