Tuesday, 27 June 2017
វៀតណាមស្នើកម្ពុជាការពារកុំឲ្យមានអមិត្តប្រើដីកម្ពុជាប្រឆាំងវៀតណាម
ដោយ អ៊ុង សេរីវុទ្ធ
2017-06-26
លោក ហេង សំរិន (ស្ដាំ) ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបនាវិមានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
វៀតណាមស្នើកម្ពុជាឲ្យរក្សាសន្តិសុខតាមព្រំដែនឲ្យបានហ្មត់ចត់ ដើម្បីបង្ក្រាបអំពើរត់ពន្ធឧក្រិដ្ឋកម្មឆ្លងដែន និងការពារក្រុមអមិត្ត ឬអ្នកទីបីប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងវៀតណាម។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា ចុះថ្ងៃទី២៦ មិថុនា បញ្ជាក់ថា សំណើរបស់វៀតណាមធ្វើឡើងក្នុងពេលដែលប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីចុងសប្ដាហ៍មុន។
សំណើនេះធ្វើឡើងតាមរយៈរដ្ឋសភាកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ក្នុងនោះវៀតណាមក៏ស្នើជំរុញការបោះបង្គោលព្រំដែនឲ្យឆាប់រួចរាល់ ចំណែកកន្លែងណាដែលមិនទាន់ឯកភាពគ្នា គឺត្រូវចរចា។
ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោក និងព្រំដែនទឹក សរុប ២.៥៧២គីឡូម៉ែត្រ។ បើតាមរបាយការណ៍របស់គណៈកម្មាធិការព្រំដែនកម្ពុជាឲ្យដឹងថា រហូតមកដល់ជាងពាក់កណ្ដាលឆ្នាំ២០១៧នេះ កម្ពុជាបានបោះបង្គោលព្រំដែនគោក ជាមួយប្រទេសវៀតណាម បានចំនួន ៨៤ភាគរយ។
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ មិថុនា ថា កម្ពុជាពិតជាចង់បញ្ចប់ការបោះបង្គោលកំណត់ព្រំសីមា រវាងប្រទេសទាំងពីរឲ្យបានឆាប់រួចរាល់ណាស់ ប៉ុន្តែការបោះបង្គោលទាំងអស់សុទ្ធតែត្រូវការផលចំណេញដល់ប្រទេសរៀងៗខ្លួន រួមនឹងការដោះស្រាយបច្ចេកទេស និងវិវាទនានាជាដើម។ យ៉ាងណាក៏ដោយ អ្នកស្រី មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ ថាពេលណាទើបការបោះបង្គោលព្រំដែននេះ អាចបញ្ចប់ទាំងស្រុងនៅឡើយទេ។
ក្រៅតែពីរឿងព្រំដែននេះដែរ វៀតណាមក៏ស្នើដល់កម្ពុជាចាត់ទុកមិត្តភាពរវាងប្រទេសទាំងពីរជាប្រទេសជិតខាងល្អ ដែលជាទ្រព្យដ៏ថ្លៃថ្លា ដើម្បីថែរក្សាបន្តពូនជ្រុំ និងផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយឲ្យបានយល់ច្បាស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment